ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​យក​កែបម៉ូតូ​ធ្វើ​ខ្នើយ​គេង​លក់ រីឯ​កូន​ទន្ទេញមេរៀន​ក្រោម​ដើមឈើ​ជាប់​និទ្ទេស​A ជា​កូន​កសិករ​នៅ​ជនបទ

10 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​ដោយ​យុវតី​ជា​កូន​កសិករ​ជនបទ​ម្នាក់ បាន​ខិតខំ​រៀនសូត្រ​ទន្ទេញមេរៀន និង​ធ្វើ​លំ​ហាត់ ដោយ​ប្រឹង​តស៊ូ​មុន​ប្រឡង​បាក់​ឌុ​ប​មួយ​ខែ ។ ខណៈ​ពេល​ឪពុក​ជូន​កូន​មក​ប្រឡង​អត់ងងុយ យក​កែបម៉ូតូ​ធ្វើ​ជា​ខ្នើយ​សម្រាន្ត​លក់​មួយភាំង ដើម្បី​យក​កម្លាំង…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​ដោយ​យុវតី​ជា​កូន​កសិករ​ជនបទ​ម្នាក់ បាន​ខិតខំ​រៀនសូត្រ​ទន្ទេញមេរៀន និង​ធ្វើ​លំ​ហាត់ ដោយ​ប្រឹង​តស៊ូ​មុន​ប្រឡង​បាក់​ឌុ​ប​មួយ​ខែ ។

ខណៈ​ពេល​ឪពុក​ជូន​កូន​មក​ប្រឡង​អត់ងងុយ យក​កែបម៉ូតូ​ធ្វើ​ជា​ខ្នើយ​សម្រាន្ត​លក់​មួយភាំង ដើម្បី​យក​កម្លាំង ហើយ​កូនស្រី​វិញ​ខំរៀន​មើល​គណិត​វិទ្យា នៅ​ក្រោម​ម្លប់ឈើ​មាត់ទន្លេ​ក្រុង​កំពង់ចាម ដើម្បី​ត្រៀម​ចូល​ប្រលង​ថ្ងៃ​ផ្ដាច់​ព្រាត់ ទីបំផុត​យុវតី​នេះ បាន​ប្រឡង​ជាប់​និទ្ទេស​A ពិតជា​នឹក​ស្មាន​មិន​ដល់ ។

យុវតី​ធី​ម មក​រា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ប៉ិ ឃុំ​ជយោ ស្រុក​ចំការលើ បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​ថា​: ចំពោះ​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ផ្នែក​ខាងត្បូង​បន្ទប់​ប្រឡង​លេខ​៣១ លេខ​តុ​៧៧៤ ទោះបី​ឪពុក​ម្ដាយ​ជា​កសិករ​នាង គឺជា​កូន​បង​គេ​ក្នុង​ចំណោម​បងប្អូន​៤​នាក់ បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀនសូត្រ នៅ​ថ្នាក់​ទី​១២ ដែល​ត្រៀមប្រលង​បាក់​ឌុ​ប គឺ​ពេល​ថ្ងៃ​រៀន​គួរ​ពេល​យប់​ធ្វើ​លំ​ហាត់ ហើយ​និង​ក្រោក​ម៉ោង​៤​ទាប​ភ្លឺ​ដើម្បី​ទន្ទេញមេរៀន ។

យុវតី​រូប​នេះ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​រៀន​នៅ​បឋម​សិក្សា​ដល់​ថ្នាក់​វិទ្យាល័យ​ប៊ុ​ន រ៉ា​នី​-​ហ៊ុន សែន ស្ពឺ ចំពោះ​ចំណាត់ថ្នាក់​រាល់​ខែ​គឺ​ទទួល​បាន​ពិន្ទុ​គ្រាន់បើ ចំណែក​ប្អូន​ៗ​វិញ​ក៏​រៀន​ពូកែ​ដូច​ជា​នាង​ដែរ​។​ក្តី​សម័យ​ពេល​ខាង​មុខ​នឹង​ត្រូវ​ប្រលង​យក​ជំនាញ​ផ្នែក​IT ឬ​ឌី​ហ្សា​ញ​នៅ​សាកលវិទ្យាល័យ​រាជធានី​ភ្នំពេញ ។ បើ​មានឱកាស គឺ​ចង់​បន្ត​សិក្សា​នៅ​ប្រទេស​ជប៉ុន​បន្ថែម​ទៀត​បើ​តាម​លទ្ធភាព​អាច​ទៅ​រួច ។

គួរ​រំលឹក​ថា ៖ ក្រឡេក​មើល​ពី​ទឹកចិត្ត​របស់​ឪពុក​មានគុណ​ទំហំ​ធំធេង​ណាស់​មិន​អាច​កាត់ថ្លៃ​បាន ទោះបី​ងងុយ​យ៉ាងណា​ក៏​សុខចិត្ត​អង្គុយ​ឈ្ងោក​យក​ក្បាល​ដាក់​លើ​កែបម៉ូតូ ហើយ​ស​ម្រា​ន​លក់​បន្តិច​ក្រោយ​ពិសា​អាហារ​ថ្ងៃត្រង់​រួច ស្រប​ពេល​ខ្យល់ជំនោរ​បក់​មក​រៀង​ត្រជាក់​ផង ។

ចំណែក​កូនស្រី​បាន​អង្គុយ​ក្បែរ​ក្រោម​ម្លប់ឈើ​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ទី​២៩ សីហា ឆ្នាំ​២០២៥ ដោយ​បំប៉ន​មើល​មេរៀន​គណិត​វិទ្យា ត្រៀម និង​ចូល​ប្រលង​នា​ថ្ងៃ​បង្ហើយ នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ។ ទោះជា​យ៉ាងណា មេឃ​រាង​ខ្មៅ​កល់​នឹង​រក​ភ្លៀង​ទៀត​ផង ។

យុវតី​ឈ្មោះ​ធី​ម មក​រា អាយុ​១៧​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​: មុន​ពេល​ប្រឡង​ក្នុង​គ្រា​ដែល​កំពុង​សិក្សា​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ពេល​ដែល​ចេញពីផ្ទះ​មក​កាន់​សាលារៀន គឺ​មាន​មិត្ត​ភ​ក្កិ​ស្រី​រៀន​ជាមួយ​គ្នា​បាន​ឌុ​ប​ពី​ផ្ទះ​ទៅ​កាន់​សាលា ហើយ​មាន​ពេល​ខ្លះ​នាង​ក៏​បាន​ជិះ​ម៉ូតូឌុប​មិត្ត​ម្ដងម្នាក់ ក្នុង​ស្មារតី​សាមគ្គីភាព ហើយ​តែងតែ​ក្រើនរំលឹក​មេរៀន​ដែល​គ្រូ​បាន​បង្រៀន​នៅ​សាលា ដោយ​លើកយក​ចំណុច​សំខាន់​ៗ ដើម្បី​ត្រិះ​រិះ​ពិចារណា និង​ខិតខំ​រៀនសូត្រ​តាម​មុខ​វិជ្ជា​នីមួយ​ៗ ដោយ​ទទួល​បាន​លទ្ធផល​គ្រាន់បើ​គ្រប់មុខ​ទាំងអស់ គឺ​ចំណាត់ថ្នាក់​លេខ​៦ ប្រចាំឆ្នាំ ហើយ​នាង គឺ​កូន​បង​គេ​ក្នុង​ចំណោម​បងប្អូន​បួន​នាក់ ដែល​មាន​ឪពុក​ម្ដាយ​ជា​កសិករ​។

យុវតី​រូប​នេះ​បាន​រៀបរាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ប្រឡង​មួយ​ថ្ងៃ​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ឌុ​ប​តាម​ម៉ូតូ​មួយ​គ្រឿង ចេញពី​ស្រុក​កំណើត​ដើម្បី​មក​ប្រឡង​បាក់​ឌុ​ប​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ផ្នែក​វិទ្យាសាស្ត្រ ចំពោះ​មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​ក្នុង​នោះ​រួម​មាន ៖ ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា ភាសា​អង់គ្លេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិត​វិទ្យា ដែល​ត្រូវ​ចូល​ប្រឡង​នា​រសៀល​ថ្ងៃ​ទី​២៩ សីហា​។

ដោយសារ​ពេលទំនេរ​ម៉ោង​នៅ​សល់​រាង​ច្រើន​បន្តិច ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ឌុ​ប​តាម​ម៉ូតូ​មួយ​គ្រឿង​មក​អង្គុយ​ក្រោម​ម្លប់ឈើ​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម ក្នុង​នោះ​នាង​បាន​ប្រឹង​មើល​ដោយ​ប្រើ​ប្រាជ្ញា​លើ​មុខ​វិជ្ជា​គណិត ដែល​នឹង​ត្រៀម​ចូល​ប្រឡង រក​គន្លឹះ​សំខាន់​ៗ ដើម្បី​ឱ្យ​ងាយ​ឆាប់​យល់ ។ ចំពោះ​ការ​រំពឹង​លទ្ធផល​ប្រឡង​នេះ សង្ឃឹម​៦០​ទៅ​៧០% ពេល​ប្រឡង​ជាប់​នឹង​ត្រូវ​បន្ត​រៀន​ផ្នែក​ឧត្តម​សិក្សា​លើ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​(IT) ធ្វើ​យ៉ាងណា​ប្រឹងរៀន​ពេល​ចេញ​បម្រើ​ការងារ​ជួយ​សម្រាល​បន្ទប់​ក្រុម​គ្រួសារ​ដែល​ឪពុក​ម្ដាយ​ជា​កសិករ​ខំប្រឹង​ថែរក្សា​បីបាច់​ឱ្យ​រៀនសូត្រ តាំងពី​តូច​រហូត​ដល់​វ័យ​១៧​ឆ្នាំ​។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំពោះ​ការ​ប្រឡង​រយៈពេល​២​ថ្ងៃជា​ថ្ងៃ​ទី ២៨-២៩​សីហា ឆ្នាំ​២០២៥ ដំណើរការ​ប្រឡង​តាម​មណ្ឌល​ចំនួន​១៥ នៅ​ក្នុង​ខេត្តកំពង់ចាម បាន​ដំណើរការ​ទៅ​ដោយ​រលូន​ក្នុង​នោះ​មាន​សិស្ស មិន​បាន​មក​ប្រឡង​ចំនួន​១០៤​នាក់ ។

ក្រោយ​បញ្ចប់​ការ​ប្រឡង​ពីរ​ថ្ងៃនេះ ក្នុង​នាមរូប​លោក​រំពឹង​ទុក​ថា សិស្ស​ប្រឡង​ជាប់​និង​កើន​លើស​ឆ្នាំ​២០២៤ ។ ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស​A:១៤១​នាក់ B :៦០៧​នាក់ C :១៨២៥​នាក់ D: ២៩០២​នាក់ E : ២២៧៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ