ខេត្តកំពង់ចាម ៖ ក្នុងរដូវបិណ្ឌភ្ជុំបិណ្ឌ នៅតាមទីវត្តអារាមតាមក្រុងស្រុកទាំង១០ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បាននាំគ្នាយកចង្ហាន់មកប្រគេនព្រះសង្ឃតាមវត្ត អារាមចំនួន៣៧៩វត្ត គឺមានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីខ្លះអញ្ជើញមកស្រុកកំណើត ដើម្បីធ្វើបុណ្យដាក់ទាន គឺមានសកម្មភាពកុះករ គឺជាង៩០% ដែលកាន់ព្រះពុទ្ធសាសនា ។

លោករ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មានប្រសាសន៍ឲ្យដឹង នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ថា
ដោយមានការណែនាំពីរដ្ឋបាលខេត្តឱ្យតាមទីវត្តអារាម ព្រមទាំងអាស្រមទាំងអស់ នៅក្នុងខេត្តកំពង់ចាម ត្រូវរៀបចំតុបតែង និងសំអាតបរិស្ថានទីធ្លាឲ្យបានស្អាតសម្រាប់ទទួលបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកនៅតំបន់ឆ្ងាយយកចង្ហាន់មកប្រគេនព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌ ធ្វើយ៉ាងណាហើយអ្នកដែលបានអញ្ជើញមកវត្តមានចិត្តជ្រះថ្លាសប្បាយរីករាយ និងទទួលផលបុណ្យរៀងៗខ្លួន ។ ដោយវត្តនៅទីប្រជុំជនមានពុទ្ធបរិស័ទមកច្រើន ចំណែកវត្តនៅជនបទវិញមិនសូវមានប៉ុន្មាននោះទេ ។

ប្រធានមន្ទីរធម្មការខេត្តមានប្រសាសន៍បន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ បន្តរហូតមកដល់សព្វថ្ងៃនេះវត្តអារាមត្រូវបានសាងសង់ជាបន្តបន្ទាប់ មានចំនួន៣៧៩វត្ត ក្នុងនោះគណៈធម្មយុទ្ធមានមានចំនួន១២ វត្ត និងអាស្រមចំនួន១៥កន្លែង ហើយព្រះសង្ឃសរុបមានចំនួន៦០៣១អង្គ ដែលកំពុងតែប្រតិបត្តិតាមឱវាទព្រះពុទ្ធជាម្ចាស់នៃយើង ។

តាមការសង្កេតដោយផ្ទាល់ចាប់តាំងពីវេនដាក់បិណ្ឌទីមួយ រហូតដល់ថ្ងៃភ្ជុំបិណ្ឌធំទី២២ ខែកញ្ញា ឆ្នាំ២០២៥ តាមវត្តអារាមនៅទីប្រជុំជន គឺមានមនុស្សមកច្រើន ចំណែកនៅតំបន់ជនបទដាច់ស្រយាលវិញមិនសូវមានប៉ុន្មាននោះទេ តែមិនខ្វះចង្ហាន់សម្រាប់ព្រះសង្ឃឆាន់ឡើយ ។
ទោះបីប្រទេសជាតិកម្ពុជា ស្ថិតនៅក្នុងកាលៈទេសៈដែលកំពុងតែមានភាពតានតឹងជាមួយនឹងប្រទេសថៃយ៉ាងណាក៏ដោយ តែនៅតាមវត្តអារាម គឺមានពលរដ្ឋអញ្ជើញមកវត្តយកចង្ហាន់មកប្រគេនព្រះសង្ឃ ជាធម្មតាជាមួយនោះបងប្អូនព្រមទាំងថ្នាក់ដឹកនាំខេត្តក៏បានបួងសួងដល់វត្ថុស័ក្តសិទ្ធ ក្នុងលោកឲ្យជួយថែរក្សាកម្ពុជា មានសុខសន្តិភាពយូរអង្វែង និងដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធកងទ័ពជួរមុខ ដែលបានពលីជីវិតដើម្បីប្រទេសជាតិ សូមឱ្យបានទៅកាន់សុគតិភព ជាមួយនោះក៏បួងសួងទេវតាជួយធ្វើយ៉ាងណាឱ្យភាគីថៃឆាប់បានដោះលែងវីរៈយុទ្ធជនទាំង១៨នាក់ត្រឡប់មកកាន់មាតុប្រទេសវិញ ។

ប្រធានមន្ទីរធម្មការខេត្តបញ្ជាក់បន្ថែមថា ចំពោះវត្តនៅជនបទឆ្ងាយដាច់ស្រយាលដែលខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ ក្នុងនោះត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានប្រគេនអង្ករ ព្រមទាំងគ្រឿងឧបភោគបរិភោគអមដោយបច្ច័យមួយចំនួនផងដែរ ។
ចំណែករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាវិញ ក៏បាននាំយកទេយ្យទានព្រមទាំងសម្ភារៈផ្សេងៗដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី និងលោកជំទាវ ប្រគេនដល់វត្តចំនួន១៨ នៅក្នុងខេត្តកំពង់ចាម ក្នុងរដូវដាក់បុណ្ឌ ដោយចិត្តជ្រះថ្លា ៕


ចែករំលែកព័តមាននេះ