ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​កំណាត់​មហាវិថី​ស៊ី ជី​ន​ពីង រយៈពេល​៣​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ កញ្ញា​ នេះតទៅ ដោយសារ​ប៉ះ​គម្រោង​​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត្រង់​ចំណុច​ដីឥដ្ឋ​-​ថ្ម​គរ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ពី​ការ​បិទ​ចរាចរណ៍ យានយន្ត​គ្រប់​ប្រភេទ ជា​បណ្តោះអាសន្ន​លើ​មហាវិថី ស៊ី ជី​ន ពីង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ពី​ការ​បិទ​ចរាចរណ៍ យានយន្ត​គ្រប់​ប្រភេទ ជា​បណ្តោះអាសន្ន​លើ​មហាវិថី ស៊ី ជី​ន ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣) ចាប់ពី​គីឡូម៉ែត្រ ២+៨០០ ដល់​ផ្លូវជាតិ​លេខ​១ ក្នុង​រយៈពេល​៣​ឆ្នាំ ដោយសារ​គម្រោង​សាងសង់ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ (​ដីឥដ្ឋ​-​ថ្ម​គរ​)​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​វិទ្យុជាតិ​កម្ពុជា​ទទួល​បានឱ្យ​ដឹង​ថា ក្រសួង​បាន​និង​កំពុង​អនុវត្ត​គម្រោង​សាងសង់ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ (​ដីឥដ្ឋ​-​ថ្ម​គរ​) មាន​ទីតាំង​ផ្នែក​ខាងលិច នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ខាងកើត​ស្ថិត​នៅ​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ក្នុងអំឡុងពេល នៃ​ការ​អនុវត្ត​គម្រោង​សាងសង់​នេះ កំណាត់​មហាវិថី ស៊ី ជី​ន​ពីង ចាប់ពី​ផ្លូវបំបែក​ផ្លូវ​លេខ​១១៦A (​គ​.​ម​២+៨០០) ដល់​ផ្លូវជាតិ​លេខ​១ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ វេលា ម៉ោង​៧​ព្រឹក តទៅ​រហូត​ដល់ ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៨ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដើម្បី​ឱ្យ​គម្រោង​សាងសង់ ស្ពាន​ប្រព្រឹត្ត​ដោយ​រលូន ក្រសួង​បាន​រៀបចំ ដើម្បី​បង្វែរ​ទិស​ចរាចរណ៍​ជា​បណ្តោះអាសន្ន ចេញពី​ទីតាំង​ខាងលើ តាម​ផែនទី​បង្ហាញ ៖ ដោយ​ប្រភេទ​យានយន្ត​ធុន​ស្រាល អាច​ធ្វើ​ចរាចរណ៍ តាម​ផ្លូវ​លេខ ១១៦ A ។ ប្រភេទ​យានយន្ត​ធុន​ធ្ងន់ ត្រូវធ្វើ​ចរាចរណ៍​តាម​ផ្លូវ​លេខ ១២ A​។ សម្រាប់​ផ្លូវជាតិ​លេខ ១ ដែល​ទីតាំង​គម្រោង​ឆ្លងកាត់ ការ​ធ្វើ​ចរាចរណ៍​នៅ​រក្សា​ធម្មតា​។

សូម​ជម្រាប​ជូន​ថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ដីឥដ្ឋ​-​ថ្ម​គរ​)​ជា​ប្រភេទ​ស្ពានបេតុង ដោយ​ស្ពាន និង​ផ្លូវ​ក្បាលស្ពាន ប្រវែង​សរុប ៣៧០០​ម៉ែត្រ ,​តួ​ស្ពាន​ប្រវែង ១៦០០​ម៉ែត្រ និង​ទទឹង ២៦​ម៉ែត្រ​(៤​គន្លង​ផ្លូវ​)​។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង ២១០០​ម៉ែត្រ ទទឹង​ផ្លូវ ២៦ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​(AC)​។ រយៈពេល​សាងសង់​ចំនួន​៤៨ ខែ​(​គ្រោង​បញ្ចប់​អំឡុង​ឆ្នាំ​២០២៨)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ