ទីក្រុងបាងកក ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានទទួលស្គាល់ថា ការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក មិនបង្ហាញភាពរីកចម្រើន។ នេះបើយោងតាមប្រភពពីកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
លោកស្រី Suphajee Suthamphan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រាប់បណ្តាអ្នកសារព័ត៌មានពីវិមានរដ្ឋាភិបាល ដោយទទួលស្គាល់ថា ការចរចាពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) មិនបង្ហាញវឌ្ឍនភាពនោះទេ ដោយលោកស្រីបានបញ្ជាក់ថា សហរដ្ឋអាមេរិក មិនបានកែសម្រួលលក្ខខណ្ឌរបស់ខ្លួនឡើយ។

លោកស្រីបានបន្តថា ប្រទេសថៃកំពុងរង់ចាំការពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីមានការចង្អុលបង្ហាញថា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) អាចរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រទៅកាន់ប្រទេសកម្ពុជា។
ការពិភាក្សាចុងក្រោយបានបង្ហាញថា បញ្ហានេះ នឹងត្រូវបានដោះស្រាយដោយការចរចាក្នុងកម្រិតបច្ចេកទេស ដូចដែលបានបង្ហាញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកស្រីបានសង្កត់ធ្ងន់ថា មិនមានការផ្លាស់ប្តូរណាមួយពីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនោះទេ។
នៅពេលសួរអំពីរបាយការណ៍បង្ហាញថា ថ្នាក់ដឹកនាំ អាមេរិកអាចប្រើវិធានការដំឡើងពន្ធគយ ដើម្បីដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់ការប្រយុទ្ធជាមួយប្រទេសកម្ពុជានោះ លោកស្រីបាននិយាយថា បញ្ហានេះមិនទាន់ត្រូវបានលើកឡើងមកពិភាក្សាជាផ្លូវការជាមួយលោកស្រីនៅឡើយទេ។ លោកស្រីបានឃើញតែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ហើយក៏បានពន្យល់ពីបញ្ហាទាំងនោះ តាមគោលការណ៍សមស្របផងដែរ។
នៅពេលសួរថាតើ ការចរចាអាចបញ្ចប់មុនពេលរដ្ឋាភិបាលថ្មីចូលកាន់តំណែងដែរឬទេ?លោកស្រី Suphajee បាននិយាយថា លោកស្រីមិនអាចនិយាយបាននោះទេ ដោយកត់សម្គាល់ថាមានកត្តាជាច្រើនពាក់ព័ន្ធ។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រទេសថៃ និងកម្ពុជាជាមួយការដំឡើងពន្ធបន្ថែមទៀត បើប្រទេសទាំងពីរមិនព្រមបញ្ឈប់ជម្លោះតាមព្រំដែន។ ការលើកឡើងរបស់លោកធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក The Wall Street Journal និងត្រូវបានយកមកផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
នៅក្នុងបទសម្ភាសន៍លោក ត្រាំ បាននិយាយថា «ខ្ញុំទើបបានគំរាមពន្ធគយ កាលពី ១០ នាទីមុន មុនពេលការសម្ភាសន៍ ដើម្បីដោះស្រាយជម្លោះសាជាថ្មី ដែលបានកើតឡើងជាមួយថៃ និងកម្ពុជា។
ហើយខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើអ្នកនៅតែបន្តសង្គ្រាម មិនត្រឹមតែខ្ញុំនឹងបំបែកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមាននោះទេ ប៉ុន្តែខ្ញុំនឹងដំឡើងពន្ធគយលើប្រទេសរបស់អ្នកថែមទៀត»។ លោកបានបន្ថែមថា «គ្មាននរណាម្នាក់អាចធ្វើបែបនោះបានក្រៅពីខ្ញុំនោះទេ»៕
ចែករំលែកព័តមាននេះ