ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម ​៖ ទោះ​ក្នុង​កាលៈ​ទេសៈ​ណា ​រាជរដ្ឋាភិបាល​គិតដល់​សុខទុក្ខ​ជន​ភៀស​​​សឹក​ជា​និច្ច

5 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី គន់ គី​ម…

ខេត្តពោធិ៍សាត់​៖ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាម​បណ្តា​មណ្ឌល​សុវត្ថិភាព​ជនភៀសសឹក ក្នុង​ឃុំ​ប្រមោយ ស្រុក​វាល​វែង​។ស

អំឡុង​ចុះ​ពិនិត្យ​តាម​បណ្តា​មណ្ឌល​សុវត្ថិភាព ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​ថា ក្នុង​គ្រា​ដ៏​លំបាក​ដោយសារ​ការ​ឈ្លានពាន​ពី​កងទ័ព​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ណែនាំ​ដល់​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​មានការ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ប្រជា​ជនភៀសសឹក​ដែល​បន្ត​ជម្លៀស​មក​ពី​ព្រំដែន​។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី បញ្ជាក់​ថា រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី មាន​គោល​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ ជា​ពិសេស​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល និង​កងកម្លាំង​ប្រដាប់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជា​និច្ច​។

អំឡុង​ពេល​ចុះ​ពិនិត្យ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ពិនិត្យ​ឃើញ​ថា ទោះបី​កំណើន​នៃ​ការ​ជម្លៀស​តាម​បណ្តោយ​ព្រំដែន ក្នុង​ពេល​កងទ័ព​ថៃ​បន្ត​វាយប្រហារ​ឥត​ឈប់​ឈរ ជា​ពិសេស​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ស្លូតត្រង់​រស់នៅ​នោះ ត្រូវ​បាន​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​រដ្ឋបាល​ខេត្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ និង​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ជូន​ជនភៀសសឹក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទីតាំង​ស្នាក់​នៅ​បណ្តោះអាសន្ន​មួយ​ប្រកបដោយ​សុវត្ថិភាព និង​ទទួល​បាន​ស្បៀង​គ្រប់គ្រាន់​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ឆ្លើយ​តប អន្តរាគមន៍​ទាន់​ពេលវេលា និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ពេលវេលា​ដែល​ជាតិ និង​ប្រជាជន​ប្រឈម​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​កងទ័ព​ថៃ​។

បន្ថែម​លើ​នេះ ឯកឧត្តម ទេស​រដ្ឋមន្ដ្រី សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ត្រូវ​ស្ដាប់​ការ​ណែនាំ​របស់​អាជ្ញាធរ និង​ត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​តែងតែ​គិត​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​ដំណាក់កាល​។

សូម​ជម្រាប​ថា ខេត្តពោធិ៍សាត់​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៧​ដែល​រង​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ ហើយ​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ជម្លៀស​ទៅ​មណ្ឌល​សុវត្ថិភាព​សរុប​ចំនួន​ប្រមាណ​៨០០​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ