ទីក្រុងហាណូយ ៖ ទីក្រុងហាណូយនឹងអនុវត្តការងារសង្គ្រោះបន្ទាន់ជាច្រើនមុនរដូវវស្សាឆ្នាំ ២០២៦ ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ ដោយគ្រោងចំណាយអស់ ៥,៦ ទ្រីលានដុង ឬ ២១២,៨ លានដុល្លារអាមេរិក ដោយកែលម្អប្រព័ន្ធបង្ហូរទឹក និងការឆ្លើយតបនឹងគ្រោះមហន្តរាយ។
នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ក្រុមប្រឹក្សាប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ អំពីផែនការនេះ រដ្ឋបាលទីក្រុងបានឱ្យដឹងថា ទីក្រុងហាណូយថ្មីៗនេះ បានជួបប្រទះនឹងទឹកជំនន់រីករាលដាល និងអូសបន្លាយជាច្រើនលើកច្រើនសារបង្កដោយព្យុះ ដែលបានបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ និងរំខានដល់ជីវិតរបស់ប្រជាជន។
បន្ទាប់ពីការពិនិត្យឡើងវិញ អ្នកជំនាញបានកំណត់មូលហេតុចម្បងចំនួន ៦ ដែលបង្កទឹកជំនន់ធ្ងន់ធ្ងរ។ ទី ១ បណ្តាញលូ និងប្រព័ន្ធបង្ហូរទឹកសំខាន់ៗមិនបានអភិវឌ្ឍ។ ទី ២ ការសាងសង់ច្រកបង្ហូរទឹក និងស្ថានីយ៍បូមទឹកសំខាន់ៗមានភាពយឺតយ៉ាវ។ ទី ៣ ស្ថានីយ៍បូមទឹកក្នុងច្រកទ្វារខាងលិចនៃទីក្រុង ដែលមានសមត្ថភាពបូម ១២០ ម៉ែត្រគូបនៅក្នុង១វិនាទីនោះ មិនដំណើរការប្រកបដោយប្រសិទ្ធភាពទេ។ ទី ៤ បឹងស្តុកទឹក យោងតាមផែនការមេមិនត្រូវបានអនុវត្តស្របគ្នានោះទេ។ ទី ៥ ការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកនៅក្នុងតំបន់ទីក្រុងថ្មីមួយចំនួនមានភាពមិនស៊ីសង្វាក់គ្នា និងចុងក្រោយ កម្រិតកម្ពស់ដីនៅក្នុងតំបន់ទើបអភិវឌ្ឍថ្មីៗជាច្រើនមិនស្មើជាមួយតំបន់ជុំវិញនោះទេ។
ដោយសារតែបញ្ហាទាំងនេះ រដ្ឋបាលទីក្រុងហាណូយបានចាត់ទុកការងារសង្គ្រោះបន្ទាន់មានសារៈសំខាន់ផងដែរ ដើម្បីកែលម្អភាពធន់នឹងគ្រោះមហន្តរាយ ធានាការផ្គត់ផ្គង់ទឹកស្អាត រក្សាលំហូរនៅក្នុងទន្លេតូលីច (To Lich) ក៏ដូចជាការពារការបំពុលនៅក្នុងទន្លេ និងបឹង។ ទីក្រុងក៏បានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធឱ្យផ្តល់អាទិភាពដល់ការបែងចែកមូលនិធិ និងធ្វើឱ្
យនីតិវិធីវិនិយោគមានភាពប្រសើរឡើង ដើម្បីធានាថា ធាតុផ្សំសំខាន់ៗនៃគម្រោងទាំងអស់ត្រូវបានបញ្ចប់មុនរដូវវស្សា និងព្យុះឆ្នាំ ២០២៦៕ ប្រភព ៖ VnExpress

ចែករំលែកព័តមាននេះ