រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាទៅលោកស្នងការរងផែនធនធានមនុស្ស ហៅអធិការងនគរបាលខណ្ឌចំការមន មកធ្វើការតាមវិន័យនគរបាលជាតិ បន្ទាប់ពីប្រើពាក្យសម្ដីមិនសមរម្យ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជាធានីភ្នំពេញ បានបង្ហោះព័ត៌មានលើបណ្តាញសង្គម តាមរយៈផេកផ្ទាល់ខ្លួនរបស់លោកនៅរាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថាលោកសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ ដោយលោកសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម ពីព្រោះរូបលោកជាប់រវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថាចំពោះរូបលោកអធិការរង លោកបានបញ្ជាទៅលោកស្នងការរងផែនធនធានមនុស្ស ហៅមកធ្វើការតាមវិន័យនគរបាលជាតិ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯក សង្ឃឹមជឿជាក់ថា បងប្អូនមហាជននឹងជឿជាក់មកលើលោកមិនដែលលើកលែងឱ្យមន្ត្រីដែលមានភាពអសកម្មនោះឡើយ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិផងដែរ។
«សូម បងប្អូនចូលរួមគាំទ្រជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីភាពសុខសាន្តប្រជាពលរដ្ឋ និងប្រទេសជាតិយើង។ សូម គោរពអរគុណ និង អរគុណ»។ នេះជាប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៕
ចែករំលែកព័តមាននេះ