ចាប់បានហើយ! ក្រុមជនសង្ស័យចា.ក់សោ របងបន្ទប់ជួ.លលួ.ចម៉ូតូ៣គ្រឿង កាលពី១ខែមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចម៉ូតូចំនួន៤ នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលខណ្ឌឬស្សីកែវនិងខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ចាក់សោរបើកទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ០៣គ្រឿងនៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលពីមួយខែមុន។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១ឈ្មោះ ហ៊ុន ចាន់វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ,២ឈ្មោះ សឿម សភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួលចល័តក្នុងរាជធានីភ្នំពេញ ។៣.ឈ្មោះ គង់ មករា ភេទប្រុស អាយុ២០ឆ្នាំ (នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន) និង៤-ឈ្មោះ ជួន លីហេង ភេទប្រុស អាយុ២៧ឆ្នាំ (នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន)។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ធ្វើការស្រាវជ្រាវនិងសហការជាមួយ អធិការនគរបាលខណ្ឌឫស្សីកែវ ខណ្ឌពោធិសែនជ័យឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ករណី លួចមានស្ថានទម្ងន់ទោសចាក់សោរបេីកទ្វាររបងផ្ទះជួល យកម៉ូតូចំនួន០៣គ្រឿង។
តាមនគរបាលបានឲ្យដឹងទៀតថា កាលពីវេលាយប់ថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២៥ជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ០២គ្រឿងបានធ្វើសកម្មភាពលួចយកម៉ូតូ០៣គ្រឿង ១,ម៉ូតូម៉ាកហ្សូមឺអ៊ិច ពណ៌ស ស៊េរី២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GM-3490 របស់ជនរងគ្រោះឈ្មោះ អ៊ួ ចាន់ធីណា, ២ម៉ូតូម៉ាកស្កូបពី ពណ៌លឿងខ្ចី ស៊េរី២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-9082 របស់ជនរងគ្រោះឈ្មោះ អ៊ួ សុខគានិង៣.ម៉ូតូម៉ាកអ៊ិចសាយទ័រ ពណ៌ស(របស់ជនរងគ្រោះ ពុំមកដាក់ពាក្យបណ្តឹង)នៅចំណុចបរិវេណបន្ទប់ជួល ជាន់ផ្ទាល់ដី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូជិះគេចខ្លួនបាត់ជនរងគ្រោះចំនួនពីរនាក់បានមកដាក់ពាក្យបណ្ដឺង រួច សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ ឆែកមើលរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពរបស់ក្រុមជនសង្ស័យ និងកំណត់បានមុខសញ្ញា។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី បានទទួលព័ត៌មានពីសមត្ថកិច្ចខណ្ឌឫស្សីកែវ បង្ក្រាបក្នុងករណី លួចមានស្ថានទោស(ឆក់ខ្សែក) នៅចំណុចផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ។
នៅក្នុងចំណោមជនសង្ស័យចំនួន៣នាក់នោះមានពីរនាក់១,ឈ្មោះ គង់ មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ២,ឈ្មោះ ជួន លីហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរបានសារភាពធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហ្សូមឺអ៊ិច និងម៉ាកស្កូបពី នៅក្នុងសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ រួចសមត្ថកិច្ចក៏ឡើងទៅសហការជាមួយសមត្ថកិច្ចខណ្ឌឫស្សីកែវដើម្បីសាកសួរស្តាប់ចម្លើយហើយ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី និងផ្នែកជំនាញខណ្ឌសែនសុខ បានបន្តស្រាវជ្រាវ ឈានទៅជាមួយនគរបាខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហ៊ុន ចាន់វាសនា ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចតាមផ្លូវ២០០៤(ខណ្ឌពោធិ៍សែនជ័យ)នៅវេលាម៉ោង២០និង០០នាទី ។ លុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបន្តស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ សឿម សភា ហៅ ភា ភេទប្រុស អាយុ៣៣ឆ្នាំនៅផ្ទះសំណាក់មួយកន្លែងនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យក៏បានសារភាពថាខ្លួន បានធ្វើសកម្មភាពចូលលួចយកម៉ូតូចំនួន៣ គ្រឿងកាលពីមួយខែមុនពិតប្រាកដមែន។ទោះបីជាយ៉ាងណាម៉ូតូចំនួន ៣ គ្រឿងត្រូវបានជនសង្ស័យយកទៅលក់អស់ពុំដកបាន រហូត ឡើយ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួនអ្នកទិញបន្តទៀត៕











ចែករំលែកព័តមាននេះ