ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានពីករណីត្រីតូចធំពុលងាប់នៅក្នុងស្ទឹងព្រែកត្នោតដោយមិនទាន់ដឹងមូលហេតុ ហើយប្រជាពលរដ្ឋនាំគ្នាទៅនេសាទយកហូបនោះ ពេលនេះដឹងការពិតហើយ ។ មូលហេតុគឺបណ្តាលមកពីការប្រែប្រួលចរន្តទឹក ដោយសារនៅផ្នែកខាងលើមានភ្លៀងធ្លាក់ច្រើន នាំឲ្យចរន្តទឹកបុកចូលមកស្ទឹង ហើយនាំមកនូវទឹកកខ្វក់លាយឡំនឹងភក់ល្បាប់ នាំឲ្យទឹកខ្វះអុកស៊ីហ្សែនដែលជាហេតុធ្វើឲ្យត្រីពុលងាប់ ។

មន្ត្រីសាលាក្រុងច្បារមន បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គមហ្វេកប៊ុកឈ្មោះ Rotha Ung កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ។បើយោងតាមហ្វេកប៊ុកឈ្មោះ Rotha Ung បានបង្ហោះថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីត្រីពុលទឹកកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារក្រោមការដឹកនាំ និងសម្របសម្រួលពីរដ្ឋបាលក្រុង បានសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងនៅទីកន្លែងដែលមានត្រីពុលងាប់ នារសៀលថ្ងៃទី២៨ ខែឧសភា។

ជាលទ្ធផលបង្ហាញថា គុណភាពទឹកស្ទឹងព្រែកត្នោតនៅចំណុចផ្សារកំពង់ស្ពឺនៅថ្ងៃទី២៨ ឧសភា គឺមានសភាពល្អ ។ មូលហេតុដែលធ្វើឲ្យត្រីពុលទឹកក្នុងរយៈពេលខ្លីកាលពីថ្ងៃទី២៧ ខែឧសភា អាចបណ្តាលមកពីការប្រែប្រួលចរន្តទឹក ដោយសារនៅផ្នែកខាងលើមានភ្លៀងធ្លាក់ច្រើន នាំឲ្យចរន្តទឹកបុកចូលមកស្ទឹង ហើយនាំមកនូវទឹកកខ្វក់ លាយឡំនឹងភក់ល្បាប់ចាក់ចាល់នៅផ្នែកខាងក្រោម នាំឲ្យទឹកខ្វះអុកស៊ីហ្សែន ដែលជាហេតុធ្វើឲ្យត្រីពុលងាប់ ។ ក្រុមការងារ នៅតែបន្តតាមដានករណីខាងលើនេះយ៉ាងយកចិត្តទុកដាក់ ៕





ចែករំលែកព័តមាននេះ