រាជធានីភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ។
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានពិភាក្សាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ដោយឈរលើស្មារតីនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពអ្នកជិតខាងល្អ ។
ប្រមុខការទូតទាំងពីរជួបគ្នានេះ បន្ទាប់ពីមេទ័ពកម្ពុជា-ថៃបានពិភាក្សាគ្នា កាលពីល្ងាចថ្ងៃ២៩ ឧសភា ដោយលទ្ធផលគឺភាគីទាំងពីរបន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឲ្យព្រំដែនប្រទេសទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ភាគីទាំងពីរបន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើមរក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុង រយៈពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណា កុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ភាគីកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
ភាគីទាំងពីរបានឯកភាពនិងទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចា ត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:១៥នាទី នាថ្ងៃដដែល។ សូមជម្រាបថា ការចរចាខាងលើនេះ ក្រោយពីរក្រុមទាហានថៃបានលួចបាញ់មកលើទាហាមកម្ពុជា ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនបណ្តាលឲ្យទាហានកម្ពុជាម្នាក់ស្លាប់ ។
ចែករំលែកព័តមាននេះ