លោក Elon Musk សម្រេចដើរចេញពីរដ្ឋបាលលោក ត្រាំ ប៉ុន្តែនាយកដ្ឋាន DOGE នៅតែបន្ត
សហរដ្ឋអាមេរិក ៖ លោក Elon Musk បានប្រកាសថា លោកកំពុងចាកចេញពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald…
សហរដ្ឋអាមេរិក ៖ លោក Elon Musk បានប្រកាសថា លោកកំពុងចាកចេញពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald…
សហរដ្ឋអាមេរិក ៖ លោក Elon Musk បានប្រកាសថា លោកកំពុងចាកចេញពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងតួនាទីជាបុគ្គលិករដ្ឋាភិបាលពិសេស បន្ទាប់ពីបានចូលរួមក្នុងកិច្ចខំប្រឹងប្រែងដ៏ចម្រូងចម្រាស ដើម្បីបង្រួមការចំណាយរបស់រដ្ឋាភិបាលអាមេរិក ដែលបានឃើញការងារសហព័ន្ធរាប់ពាន់ត្រូវបានលុបចោល។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X លោក Elon Musk បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក បានថ្លែងអំណរគុណលោក ត្រាំ ជាពិសេស សម្រាប់ការផ្តល់ឱកាសក្នុងការជួយគ្រប់គ្រងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលត្រូវបានគេស្គាល់ថា «DOGE»។
លោក Elon Musk បានសរសេរថា «នៅពេលនៃពេលវេលាដែលបានកំណត់របស់ខ្ញុំ ក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេសបានមកដល់ទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការផ្តល់ឱកាស ដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយ»។ បើទោះបីជាចាកចេញពីតួនាទីក្នុងរដ្ឋបាលលោក ត្រាំ ពិតមែន ប៉ុន្តែនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ឬ DOGE នៅតែបន្តសកម្មភាព ដោយលោកបានបន្ថែមថា «បេសកកម្ម DOGE នឹងកាន់តែរឹងមាំទៅតាមពេលវេលា ហើយវានឹងក្លាយជាផ្លូវនៃជីវិតសម្រាប់រដ្ឋាភិបាលទាំងមូល»។
ការចាកចេញរបស់លោក Elon Musk គឺជារឿងមិននឹកស្មាន ប៉ុន្តែវាបានកើតឡើងមួយថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX វ័យ៥៣ឆ្នាំរូបនេះ បានរិះគន់ និងខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការចំណាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាអាចនឹងនាំឱ្យមានឱនភាពថវិកាជាតិ។
សូមជម្រាបជូនថា លោក Elon Musk ត្រូវបានតែងតាំងជាបុគ្គលិករដ្ឋាភិបាលពិសេស ដែលអនុញ្ញាតឱ្យលោកធ្វើការងារសហព័ន្ធរយៈពេល១៣០ថ្ងៃជារៀងរាល់ឆ្នាំ។ ដោយគិតចាប់តាំងពីការស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ របស់លោក ត្រាំ ភារកិច្ចរបស់លោក Elon Musk នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
លោក Elon Musk បានប៉ះទង្គិចជាលក្ខណៈឯកជនជាមួយបណ្តាមន្ត្រី នៃគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ ពាក់ព័ន្ធការសន្យាថានឹងជួយកាត់បន្ថយការចំណាយយ៉ាងហោចណាស់២ទ្រីលានដុល្លារពីថវិការបស់រដ្ឋាភិបាលសហព័ន្ធ មុនពេលត្រូវបានទម្លាក់គោលដៅពាក់កណ្តាល និងចុងក្រោយទមា្លក់មកនៅត្រឹម១៥០ពាន់លានដុល្លារ។
ជាមួយគ្នានោះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ឬ DOGE ក្រោមការដឹកនាំរបស់លោក Elon Musk នាយកដ្ឋានមួយនេះ បានកាត់បន្ថយកម្លាំងពលកម្មស៊ីវិលសហព័ន្ធប្រមាណ២៦ម៉ឺននាក់ក្នុងចំណោម ២,៣លាននាក់ ដោយត្រូវបានបញ្ឍប់ពីការងារ ឬបង្គាប់ឱ្យចូលនិវត្តន៍មុនកាលកំណត់៕ ប្រភព ៖ BBC និង Reuters
ចែករំលែកព័តមាននេះ