រាជធានីភ្នំពេញ ៖ ក្រុមចោរវាយប្លន់យកម៉ូតូ និងទូរស័ព្ទចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាក់ scoopy មួយគ្រឿង និងទូរសព្ទ កាលពីថ្ងៃទីកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៣ និង៤០នាទីយប់ នៅមុខសួនច្បារវត្តបទុមវត្តី ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ កន់សម្បត្តិដាទ្បែនសត្យា ហៅសត្យា ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ ណោម ផេង ហៅផេង ភេទប្រុស អាយុ១៧ឆ្នាំ, ៣- ឈ្មោះ ស៊ិ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ អុំ សុខទិត្យ ហៅ ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ គង់ លីហៃ ហៅហៃ ភេទប្រុស អាយុ១៧ឆ្នាំ, ៦-ឈ្មោះ សេត សាក់នី ហៅរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៣ និង៤០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ យក ម៉ូតូScoppy ពណ៌ស ផលិត២០២៣ និងទូរសព្ទ័ Iphone 13promax ពណ៌ខៀវ ) នៅចំណុចសួនវត្តបមុវត្តី ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បន្ទាប់ពីមានករណីប្លន់ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ បញ្ជាពីលោកឧត្តមសេនីយ៍ត្រីប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ,លោកបានដឹកនាំនគរបាលជំនាញចុះស្រាវជ្រាវជាបន្ទាន់ហើយឈានទៅបង្ក្រាបឃាត់ខ្លួន បានជនសង្ស័យចំនួន០៦នាក់ និងដកហូតម៉ូតូចំនួន៥គ្រឿងនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក ម៉ម សាវន បានឱ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាចាស់ដែលនៅសេសសល់រត់គេចខ្លួន ដែលតែងតែធ្វើសកម្មភាពវាយប្លន់យ៉ាងសកម្ម។ ជនសង្ស័យនៅមានបក្សពួកនៅសេសសល់ទៀត ហើយសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវឲ្យដល់ឬសគល់ ដើម្បីឃាត់ខ្លួនមកចាត់ការតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ