ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​ទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំ​ដែន​​ដើម្បី​ត្រៀម​ក្នុង​ករណី​មានការ​ឈ្លាន​ពាន

1 ថ្ងៃ មុន
  • ភ្នំពេញ

កម្ពុជា​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំដែន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ ខណ​:​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កងទ័ព​ថៃ​។ នេះ​បើ​តាម​សារ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី កម្ពុជា​ដែល​បាន​បញ្ចេញ​តាម​ហ្វេ​ស​ប្ក៊​ផេ​ក​របស់​សម្តេច​ពី​ទីក្រុង តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ…

កម្ពុជា​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំដែន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ ខណ​:​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កងទ័ព​ថៃ​។

នេះ​បើ​តាម​សារ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី កម្ពុជា​ដែល​បាន​បញ្ចេញ​តាម​ហ្វេ​ស​ប្ក៊​ផេ​ក​របស់​សម្តេច​ពី​ទីក្រុង តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ ឧសភា ដូច​ខាងក្រោម​។

សម្តេច​ធិ​បតី​បាន​សរសេរ ថា ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅ​ព្រំដែន​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​មុំ​បី ក៏​ដូច​ជា​ការ​ចល័ត​កម្លាំង​កងទ័ព​និង​អា​វុ​ធុន​ធ្ងន់​មួយ​ចំនួន​ទៅ​ព្រំដែន ក្នុង​ខណៈ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​មិន​នៅ​ក្នុង​ប្រទេស បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​យើង​ជា​ច្រើន​មានការ​ព្រួយ​បារ​ម្ម​ណ៍ ជាមួយនឹង​ភាព​ស្រពិចស្រពិល​អំពី​ស្ថានភាព​នៅ​ព្រំដែន​។ តើ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ឬទេ? តើ​អ្នក​ណា​ដឹកនាំ​គ្រប់គ្រង​សភាពការណ៍ ឬ​បញ្ជា​អោយ​មានការ​ចល័ត​កម្លាំង​កងទ័ព នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​កំពុង​នៅ​ក្រៅប្រទេស?

ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ជនរួមជាតិ​ដោយ​ខ្លី​ថា ទោះបី​រូប​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​ជប៉ុន​និង​មាន​កិច្ចប្រជុំ​ការងារ​ផ្សេង​ៗ​ជា​ច្រើន​ក៏​ដោយ ប្រព័ន្ធ​និង​ឋានានុក្រម​នៃ​ការ​ដឹកនាំ​បញ្ជា​កម្លាំង ក្នុង​ករណី​ធំ​បែប​នេះ គឺ​ស្ថិត​ក្នុង​ការ​ទទួលខុសត្រូវ​របស់​នាយក​រដ្ឋមន្ត្រី​ដដែល​។

រាល់​កា​រវិ​វ​ឌ្ឍ​នៃ​សភាពការណ៍​ដែល​កើត​មាននៅ​បន្ទាត់​ព្រំដែន​គឺ​ត្រូវ​បាន​រាយការណ៍​ឲ្យ​ខ្ញុំ​តាម​រយៈ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្តម​អគ្គមេបញ្ជាការ និង​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក រួម​ទាំង​លទ្ធផល​នៃ​ការ​ទាក់ទង​គ្នា​រវាង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជាមួយ​សម​ភាគី​ថៃ ក្នុង​គោលដៅ​ទប់ស្កាត់​កុំ​ឲ្យ​ការ​ប៉ះទង្គិច​គ្នា​កាន់តែ​រីក និង​ព្យាយាម​អោយ​សភាពការណ៍​ការ​វិល​ត្រឡប់​ទៅ​ភាព​ស្ងប់ស្ងាត់​និង​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​ជួរ​មុខ​នៃ​ប្រទេស​យើង​ទាំង​ពីរ​។ ជាមួយ​គ្នា​នេះ រាល់​ការ​សម្រេចចិត្ត​សំខាន់​ៗ​ក៏​ត្រូវ​ទទួល​បានការ​ឯកភាព ឬ​ទទួល​បទបញ្ជា​ពី​រូប​ខ្ញុំ រួម​ទាំង​ការ​ចល័ត​កម្លាំង​កងទ័ព និង​អាវុធ​ទៅ​ព្រំដែន​។

ខ្ញុំ​មិន​ចង់​ឃើញ​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​និង​កងទ័ព​ដែល​មិន​ផ្ដល់​ផល​ចំណេញ​អ្វី​សម្រាប់​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ​នោះ​ទេ ជា​ពិសេស​កងទ័ព​ដែល​ត្រូវ​ប្រយុទ្ធ​គ្នា​ផ្ទាល់​នៅ​សមរភូមិ​មុខ​។

ក្នុង​ន័យ​នេះ ខ្ញុំ​សង្ឃឹមថា​ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​នៅ​ល្ងាច​នេះ នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ក្នុង​ការ​រក្សា​ស្ថានភាព​ស្ងប់ស្ងាត់ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​រវាង​កងទ័ព​ជួរ​មុខ​របស់​យើង​ទាំង​ពីរ​ដូចដែល​បាន​ធ្វើ​កន្លង​មក​។

ចំពោះ​ការ​ចល័ត​កម្លាំង និង​អាវុធ​ទៅ​ព្រំដែន គឺជា​ការ​អនុវត្ត​ផែនការ​បម្រុង​របស់​កងទ័ព​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​ត្រូវ​ត្រៀម​ជា​ស្រេច​ក្នុង​ករណី​ចាំបាច់​ជាយថាហេតុ​ណាមួយ​ដែល​អាច​កើតឡើង​។

ដូច​ខ្ញុំ​ធ្លាប់​បាន​លើក​ក្នុង​វេទិកាសាធារណៈ​កន្លង​រួច​មក​ហើយ កម្ពុជា​មិន​មាន​បំណង​ឈ្លានពាន​ប្រទេស​ណាមួយ​នោះ​ទេ ហើយ​យើង​ចង់​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ប្រព្រឹត្ត​ទៅ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​បច្ចេកទេស​និង​ច្បាប់​អន្តរជាតិ​។ ប៉ុន្តែ​កម្ពុជា​ក៏​រក្សា​សិទ្ធិ​នៅ​ក្នុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន រួម​ទាំង​ការ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ ក្នុង​ករណី​មានការ​ព្យាយាម​ឈ្លានពាន​រំលោភ​លើ​បូរណភាព​ទឹកដី​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​។

ហេតុ​ដូច្នេះ​ខ្ញុំ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជ្រាប​ជា​ព័ត៌មាន និង​សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ដោយ​ផ្អែក​លើ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​មិន​មាន​ប្រភព​ច្បាស់លាស់​។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​ទៅ​រីក​ធំ​រហូត​ក្លាយជា​ជម្លោះជាតិសាសន៍ និង​សូម​ផ្ដល់​ការ​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​កងទ័ព​របស់​យើង​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ