រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខ ជាមួយគ្រួសារស.ពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ ពីកងទ័ពឈ្លានពាន ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្តាញសង្គមដូច្នេះថា« ដំបូងខ្ញុំសូមសម្ដែង នូវការសោកស្តាយ និងចូលរួមមរណទុក្ខ ជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពាន កាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ» ។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រ ដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថា ការចរចា ដែលនឹងត្រូវធ្វើ នៅថ្ងែស្អែក រវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថា មិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍ នៃប្រទេសទាំងពីរ នោះឡើយ» ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីក នូវជម្លោះនេះ ឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ព នៃប្រទេសទាំងពីរ ។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ៖ «យើងស្អប់សង្គ្រាម តែយើងបង្ខំចិត្ត ត្រូវធ្វើសង្គ្រាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ០៣ គឺយោធា ការទូត និងផ្លូវច្បាប់» ។
សូមជម្រាបថា កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធគ្នា នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ បានពលីជីវិត ៕


ចែករំលែកព័តមាននេះ