រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណៈល្បាតនៅក្នុងមូលដ្ឋានហើយឃើញជនម្នាក់កំពុងដើរគួរឲ្យសង្ស័យ ក៏បានហៅឲ្យឈប់ដើម្បីឆែកឆេរ ស្រាប់តែឃើញមានដែកសរសៃលួសកែច្នៃសម្រាប់ឆ្កឹះមេសោចំនួន២ និង កូនសោចំនួន២ កាំបិតចុងស្រួច១ ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យរូបនេះឈ្មោះ ថុន ណារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ កន្លែងស្នាក់នៅមិនពិតប្រាកដ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ មុនពេលឃាត់ខ្លួនជននេះ ខណៈនគរបាលប៉ុស្តិ៍ចោមចៅទី៣ ល្បាតនៅក្នុងមូលដ្ឋានដល់ចំណុចខាងលើ ឃើញជនម្នាក់កំពុងដើរគួរឲ្យសង្ស័យក៏ឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ។ លុះនៅពេលឆែកឆេរឃើញមានដែកសរសៃលួសកែច្នៃសំរាប់ឆ្កឹះមេសោចំនួន២នៅក្នុងកាបូបខ្មៅ កូនសោ២ និងកាំបិតចុងស្រួចសម្រាប់ចិតបន្លែ១ ក៏បានឃាត់ខ្លួននាំយកមកប៉ុស្តិ៍ ដើម្បីសាកសួរ ។
ជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ