រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់យ៉ាងដូច្នេះថា សម្តេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីទាហានថៃបានលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតំបន់មុំបីស្ថិតនៅខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់ ។
សម្ដេចតេជោបានសរសេរលើបណ្ដាញសង្គមមួយយប់ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន ។
ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១នៅប្រាសាទព្រះវិហារ ។
សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត ។ ខ្ញុំសង្ឃឹមថា ការចរចាដែលនឹងត្រូវធ្វើនៅថ្ងែស្អែក រវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ»។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏សង្ឃឹមថា និងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ ។
សម្តេចក៏សូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះ ឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំង
ពីរ ។
សម្តេចថា យើងស្អប់សង្គ្រាមតែយើងបង្ខំចិត្តត្រូវធ្វើសង្គ្រាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេសដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធាការទូត និងផ្លូវច្បាប់» ៕
ចែករំលែកព័តមាននេះ