វិនិយោគិនជប៉ុន នៅកម្ពុជាបានចាត់ទុកប្រទេសកម្ពុជា គឺជាទីតាំងល្អបំផុតសម្រាប់ការវិនិយោគ ។ ការលើកឡងបែបនេះបានធ្វើឡើងក្នុងជំនួបនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea (Cambodia)។

លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចមហាបវរធិបតី អំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបច្ចុប្បន្នក្រុមហ៊ុនបានផ្តល់ឱកាសការងារ ជាង ២,០០០កន្លែង និងគ្រោងជ្រើសរើសពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់ ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចមហាបវរធិបតី អំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ ។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជា គឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងការស្វាគមន៍ និងសេចក្តីសោមនស្ស ដែលបានជួបលោកប្រធានក្រុមហ៊ុន និងសហការីជាថ្មីម្ដងទៀត ។ សម្តេចមហាបវរធិបតី បានវា.យតម្លៃខ្ពស់ចំពោះភាពរីកចម្រើនក៏ដូចជា ការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា ៕
ចែករំលែកព័តមាននេះ