ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីការបា.ត់បង់អ្នកប្រាជ្ញឥណ្ឌា លោក Ratan Tata រំជើបរំជួលផ្អើលពិភពលោក?

1 ខែ មុន

ប្រទេសឥណ្ឌា ៖ លោក Ratan Naval Tata ដែលជាអ្នកប្រាជ្ញឥណ្ឌា បានទទួលមរណភាពដោយជរាពាធ នៅមន្ទីរពេទ្យ Breach…

ប្រទេសឥណ្ឌា ៖ លោក Ratan Naval Tata ដែលជាអ្នកប្រាជ្ញឥណ្ឌា បានទទួលមរណភាពដោយជរាពាធ នៅមន្ទីរពេទ្យ Breach Candy ស្ថិតក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៦ឆ្នាំ។ ចម្ងល់ជាច្រើនលេចឡើងជាមួយសំណួរថា ហេតុអ្វីការស្លាប់លោក Ratan Tata មិនត្រឹមតែរំជើបរំជួលនៅទូទាំងប្រទេសឥណ្ឌា ប៉ុន្តែនៅទូទាំងពិភពលោកតែម្តង? គួររំលឹកថា អ្នកដឹកនាំ​ឧស្សាហកម្ម​ដ៏​ល្បី​បំផុត​របស់​ឥណ្ឌា ទទួលមរណភាព​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ

លោក Ratan Tata ដែលជាអតីតប្រធានក្រុមហ៊ុន Tata Group បានប្រែក្លាយក្រុមហ៊ុនសាជីវកម្មមួយនេះទៅជាក្រុមហ៊ុនខ្នាតយក្សរបស់ឥណ្ឌា និងលំដាប់ពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យឧស្សាហកម្ម និងសង្គមផងដែរ។ សម្រាប់ក្រុមហ៊ុន Tata Group លោក Ratan Tata មិនត្រឹមតែជាប្រធានក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែលោកគឺជាអ្នកដឹកនាំដ៏អស្ចារ្យ អ្នកណែនាំ និងជាមិត្តល្អម្នាក់។

លោកត្រូវបានបំផុសគំនិតសម្រាប់បុគ្គលជាឧទាហរណ៍ដល់អ្នកជំនាន់ក្រោយ ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេ ចំពោះឧត្តមភាព សុចរិតភាព និងការច្នៃប្រឌិត។ Tata Group ក្រោមការគ្រប់គ្រងរបស់លោកបានពង្រីកការបោះជំហានជាសាកល ប៉ុន្តែតែងតែរក្សាបានភាពស្មោះត្រង់ ចំពោះត្រីវិស័យសីលធម៌របស់ខ្លួន។

កេរដំណែលរបស់លោក Ratan Tata គឺភាពជាអ្នកដឹកនាំដែលបង្កើតការផ្លាស់ប្តូរមួយ ត្រូវបានសម្គាល់ដោយសមិទ្ធិផលសំខាន់ៗក្នុងអាជីវកម្ម និងអំពើសប្បុរសធម៌មិនអាចកាត់ថ្លៃបានរបស់លោក។ ហើយវិធីសាស្រ្ត និងការរួមចំណែកប្រកបដោយចក្ខុវិស័យរបស់លោកបានបន្សល់ទុកនូវសញ្ញាណ ដែលមិនអាចលុបចោលបានសម្រាប់ទាំងសេដ្ឋកិច្ច និងសង្គមកិច្ចទាំងមូលរបស់ប្រទេសឥណ្ឌា។ ខាងក្រោមនេះ គឺជារឿងរ៉ាវដែលអ្នកត្រូវដឹង ក៏ដូចជាស្នាដៃ ការទទួលស្គាល់ និងការរួមចំណែករបស់លោក Ratan Tata ៖

លោក Ratan Naval Tata កើតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៣៧ នៅក្នុងទីក្រុងបុមបៃ (Bombay) ដែលបច្ចុប្បន្នជាទីក្រុងម៉ុមបៃ (Mumbai) ក្នុងគ្រួសារ Tata ដែលជាគ្រួសារត្រកូលពាណិជ្ជកម្មដ៏ល្បីល្បាញបំផុតរបស់ប្រទេសឥណ្ឌា។ លោកត្រូវបានជីដូនចិញ្ចឹមបីបាច់បន្ទាប់ពីឪពុកម្តាយបានបែកគ្នានៅឆ្នាំ ១៩៤៨។ លោកបានទទួលសញ្ញាប័ត្រផ្នែកស្ថាបត្យកម្មពីសាកលវិទ្យាល័យ Cornell និងសាលាធុរកិច្ច Harvard (HBS) ដែលជាសាលាធុរកិច្ចបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យ Harvard។

លោក Ratan Tata បានចូលរួមជាមួយក្រុមហ៊ុន Tata Group ក្នុងឆ្នាំ ១៩៦១ ដោយចាប់ផ្តើមពីកម្រិតមូលដ្ឋានជាមួយការងារដំបូងនៅក្រុមហ៊ុនផលិតដែក Tata Steel ។ លោកបានចូលកាន់តំណែងជាប្រធានក្រុមហ៊ុន Tata Sons ក្នុងឆ្នាំ ១៩៩១ បន្តពីពូរបស់លោក ដែលមានឈ្មោះថា Jehangir Ratanji Dadabhoy Tata ។ លោកបានបម្រើការជាប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធ Tata ធំៗមួយចំនួនផ្សេងទៀត រួមមាន Tata Motors, Tata Steel, Tata Consultancy Services, Tata Power, Tata Global Beverages, Tata Chemicals, Indian Hotels និង Tata Teleservices។

ក្រោមការដឹកនាំរបស់លោកក្រុមហ៊ុនអស់ទាំងនេះ ប្រែមុខមាត់ថ្មីយ៉ាងសំខាន់ ដោយពង្រីកការបោះជំហានជាសាកល និងធ្វើពិពិធកម្មទៅក្នុងឧស្សាហកម្មផ្សេងៗ រួមទាំងដែកថែប យានយន្ត បច្ចេកវិទ្យា និងបដិសណ្ឋារកិច្ច ដែលកើនឡើងពីប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៥ពាន់លានដុល្លារដល់ជិត ១០០ពាន់លានដុល្លារ។ យុទ្ធសាស្ត្រអាជីវកម្មប្រកបដោយចក្ខុវិស័យរបស់លោក Ratan Tata បាននាំទៅដល់ការទិញយកក្រុមហ៊ុន និងគម្រោងល្បីៗ មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដូចជា Toyota (UK), Corus (UK) និង Jaguar Land Rover (UK) ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ខ្លួន។ ហើយនៅឆ្នាំ ១៩៩៦ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន Tata Teleservices ត្រូវបានបើកដំណើរការ ដោយសម្គាល់ហក់ចូលក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើនយ៉ាងខ្លាំង។

ចំណុចដ៏លេចធ្លោបំផុតរបស់លោក Ratan Tata គឺនៅក្នុងឆ្នាំ ១៩៩៨ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន Tata Motors បានណែនាំរថយន្ត Tata Indica ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររថយន្តឥណ្ឌា គឺជារថយន្តដឹកអ្នកដំណើរដែលរចនាដោយជនជាតិឥណ្ឌាដំបូងបង្អស់ ដោយបានផ្លាស់ប្តូរមុខមាត់ថ្មីក្នុងឧស្សាហកម្មរថយន្តប្រទេសឥណ្ឌា។ ការទិញយកក្រុមហ៊ុន VSNL (Videsh Sanchar Nigam Limited) ក្នុងឆ្នាំ ២០០២ ដោយប្រែឈ្មោះទៅជា Tata Communications បានពង្រីកសមត្ថភាពទូរគមនាគមន៍របស់ក្រុមហ៊ុន និងនៅក្នុងប្រទេសឥណ្ឌាផងដែរ។

នៅក្នុងឆ្នាំ ២០០៨ មហិច្ឆតារបស់លោក Ratan Tata ក្នុងការធ្វើឱ្យរថយន្តមានតម្លៃថោកសម្រាប់សាធារណជនត្រូវបានសម្រេចផ្លែផ្កាពិតប្រាកដមែន ជាមួយនឹងការដាក់បង្ហាញរថយន្ត Tata Nano ដែលមានតម្លៃត្រឹម ១,២០០ដុល្លារអាមេរិកប៉ុណ្ណោះ ហើយ ជាមួយភាពអស្ចារ្យផ្នែកបច្ចេកទេសនេះ ក្រុមហ៊ុនបានព្យាយាមផ្តល់ជូនរថយន្តតម្លៃថោកសមរម្យសម្រាប់គ្រួសារឥណ្ឌាកាន់តែច្រើន។ បន្ទាប់មកទៀត ក្រុមហ៊ុន Tata Global Beverages បានចាប់ដៃគូជាមួយក្រុមហ៊ុនកាហ្វេដ៏ល្បីរបស់អាមេរិក Starbucks ក្នុងឆ្នាំ ២០១២ ដោយពង្រីកវត្តមានរបស់ខ្លួននៅទូទាំងពិភពលោកក្នុងទីផ្សារកាហ្វេ។

អ្វីដែលកាន់តែអស្ចារ្យសម្រាប់ពេញមួយជីវិតលោក Ratan Tata គឺសកម្មភាពសប្បុរសធម៌ និងការទទួលបានពានរង្វាន់ជាច្រើន ដោយលោកបានប្តេជ្ញាចិត្តចំពោះសុខុមាលភាពសង្គម ដោយបរិច្ចាគ ៦៥% នៃប្រាក់ចំណេញក្រុមហ៊ុនចូលទៅកាន់សកម្មភាពសប្បុរសធម៌សម្រាប់ការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍន៍ជនបទ។ គំនិតផ្តួចផ្តើម និងសកម្មភាពមនុស្សធម៌របស់លោកបានគ្របដណ្តប់យ៉ាងខ្លាំងដល់ប្រជាជននៅទូទាំងប្រទេសឥណ្ឌា។ បើទោះបីជាលោកចូលនិវត្តន៍នៅឆ្នាំ ២០១២ ក៏ដោយ ក៏លោកនៅតែបន្តសកម្មក្នុងក្រុមការងារ និងគំនិតផ្តួចផ្តើមសប្បុរសធម៌រហូតដល់ដង្ហើមចុងក្រោយ។ ការបរិច្ចាគរបស់លោក Ratan Tata ទទួលបានការកោតសរសើរ ពានរង្វាន់ មេដាយជាច្រើនរាប់មិនអស់ស្ទើរគ្រប់វិស័យចាប់តាំងពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០២៣។

ការបាត់បង់លោក Ratan Tata គឺជាការបាត់បង់អ្នកប្រាជ្ញដ៏មានតម្លៃ ក៏ដូចជាបុគ្គលដ៏សំខាន់បំផុតមួយរូបរបស់ប្រទេសឥណ្ឌា។ មិនត្រឹមតែឥណ្ឌាប៉ុណ្ណោះ នៅលើពិភពលោកក៏សម្តែងការសោកស្តាយចំពោះការបាត់បង់បុគ្គលម្នាក់ ដែលរួមចំណែកនាំភាពអស្ចារ្យរបស់ប្រទេសឥណ្ឌាបង្ហាញដល់សកលលោក។ ក្រៅអំពីសារព័ត៌មានធំៗនៅទូទាំងពិភពលោកចេញផ្សាយអំពីមរណភាពរបស់លោក Ratan Tata នោះ មហាសេដ្ឋី អ្នកជំនួយ និងបុគ្គលល្បីឈ្មោះជាច្រើនលើពិភពលោកផ្សេងទៀត ក៏បានបង្ហោះសាររំលែកទុក្ខ និងរំជួលចិត្តចំពោះការបាត់បង់នេះផងដែរ។

Tata Group គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៨ ដោយលោក Jamshedji Tata ដែលជាជីតាទួតលោក Ratan Tata។ Tata Group ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុមបៃ គឺជាក្រុមហ៊ុនពហុឧស្សាហកម្ម ដែលរួមមានទាំងឧស្សាហកម្មរថយន្ត គីមី បច្ចេកវិទ្យាព័ត៌មាន គ្រឿងអេឡិចត្រូនិច គ្រឿងអលង្ការ គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងឧស្សាហកម្មដែកជាដើម។ ផលិតផល និងសេវាកម្មក្រុមហ៊ុនមួយនេះបានទៅដល់ជាង១៥០ប្រទេស និងប្រតិបត្តិការនៅក្នុង១០០ប្រទេសលើពិភពលោក ជាមួយប្រាក់ចំណូលប្រចាំឆ្នាំលើសពី១០០ពាន់លានដុល្លារ៕ (ដកស្រង់ ៖ Indian Express, Reuters, CNN និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ