ទីក្រុងប៉េកាំង៖ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានសន្ទនាគ្នាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ។ ភាគីកម្ពុជា និងថៃបានជម្រាបជូនប្រមុខការទូតចិនត្រួសៗនូវសភាពការណ៍វិវត្តថ្មីៗនៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។ ភាគីទាំង២បានបង្ហាញឆន្ទៈចង់បន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់។

លោកវ៉ាងយីមានប្រសាសន៍ថាក្នុងនាមជាប្រទេសជាមិត្ត និងជាប្រទេសជិតខាងរបស់កម្ពុជា និងថៃ ប្រទេសចិនពិតជាមិនចង់ឃើញឡើយការប្រឈមមុខដាក់គ្នាប្រដាប់អាវុធ។ លោកថ្លែងបន្តទៀតថាប្រទេសចិនសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ជនស៊ីវិលដោយសារជម្លោះនេះ។ លោកកត់សម្គាល់ថាលើកនេះ ប្រទេសទាំង២ប៉ះទង្គិចគ្នាខ្លាំងជាងពេលមុនៗឆ្ងាយណាស់។

ហេតុនេះ ការបណ្ដោយឱ្យជម្លោះនេះបន្តទៅមុខទៀតមិនអាចបានជាប្រយោជន៍សម្រាប់ភាគីណាមួយឡើយ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើឱ្យចុះខ្សោយដល់ឯកភាពផ្ទៃក្នុងរបស់អាស៊ាន។ លោកសង្កត់ធ្ងន់ថាអ្វីដែលជាចំណុចអាទិភាពនៅចំពោះមុខគឺការសម្រេចចិត្តទទួលយកបទឈប់បាញ់, កាត់បន្ថយការខាត់បង់ (ទ្រព្យសម្បត្តិ និងអាយុជីវិត) និងកសាងទំនុកចិត្តគ្នាឡើងវិញ។

ប្រទេសចិននៅតែបន្តជំរុញឱ្យមានការចរចាសន្តិភាព និងបន្តប្រកាន់ជំហរអព្យាក្រិតឥតលំអៀងនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ម៉្យាងទៀត លោកថាប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការធ្វើជាអ្នកសម្របសម្រួលដោះស្រាយបញ្ហា។ បេសកជនពិសេសរបស់ចិនទទួលបន្ទុកខាងកិច្ចការអាស៊ីបានចាកចេញដំណើរតាំងពីថ្ងៃទី១៧ ខែធ្នូសំដៅទៅកាន់ប្រទេសកម្ពុជា និងថៃ។ ក្រសួងការបរទេសចិនមិនបានបញ្ជាក់ថាបេសកជនរូបនោះជានរណាទេ។ ប៉ុន្តែគេដឹងថាអ្នកដែលកាន់តំណែងនេះគឺលោកតេង ស៊ីជុន (Deng Xijun)។

ប្រទេសចិននឹងបន្តដើរតួនាទីជាស្ពានចម្លង និងបន្តកិច្ចខិតខំប្រឹងប្រែងបែបស្ថាបនាដើម្បីលើកកម្ពស់ការស្ដារសន្តិភាពឡើងវិញរវាងប្រទេសទាំង២។ រដ្ឋមន្ត្រីកម្ពុជា និងថៃវាយតម្លៃខ្ពស់ចំពោះជំហរសត្យានុម័ត និងឥតលំអៀងរបស់ចិន និងការដើរតួនាទីសម្របសម្រួលការសន្ទនាគ្នា និងការលើកកម្ពស់ការចរចា។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីចិនក៏សូមជំរុញឱ្យកម្ពុជា និងថៃជួយការពារគម្រោងវិនិយោគរបស់ចិន និងជនជាតិដែលកំពុងស្ថិតនៅក្នុងប្រទេសទាំង២ផងដែរ។ កាលពីសប្ដាហ៍មុន ប្រទេសចិនបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនត្រូវស្ថិតនៅឱ្យឆ្ងាយពីតំបន់ព្រំដែន។ នេះបើយោងតាមការផ្សាយរបស់ CGTN, Reuters, South China Morning Post៕
ចែករំលែកព័តមាននេះ