រាជធានីភ្នំពេញ៖ «សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស!» នេះគឺជាប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងព្រឹត្តិការណ៍ «ដើរដើម្បីសន្តិភាព» កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវិមានឯករាជ្យ។
យោងតាមការផ្សាយរបស់ស.ស.យ.ក. បានឱ្យដឹងថា ក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំដង្ហែព្យុហយាត្រានេះឡើង គឺមានគោលបំណងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ក៏ដូចជាប្រជាជនថៃឱ្យបានជ្រាបថា កម្ពុជាមិនប្រាថ្នាចង់បានសង្គ្រាមឡើយ។ អ្វីដែលកម្ពុជាត្រូវការបំផុត គឺសុខសន្តិភាព ការផ្សះផ្សា និងការកសាងជំនឿទុកចិត្តឡើងវិញ ដើម្បីបញ្ចប់រាល់វិនាសកម្មទាំងឡាយដែលបានកើតមានលើប្រជាជាតិទាំងពីរ។ វត្តមានយ៉ាងច្រើនកុះកររបស់ជនរួមជាតិក្នុងកម្មវិធីនេះ គឺជាសក្ខីភាពដ៏មុតមាំដែលឆ្លុះបញ្ចាំងថា ខ្មែរតែងតែរួបរួមគ្នាទាំងក្នុងសុខនិងទុក្ខ ហើយរួមគ្នាទទួលខុសត្រូវលើជោគវាសនារបស់ជាតិខ្លួនជានិច្ច។
ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានតាមដានស្ថានការណ៍នៅសមរភូមិគ្រប់វិនាទី និងផ្តល់ភាពកក់ក្តៅដល់បងប្អូនជនភៀសសឹក។ ជាពិសេស ឯកឧត្តមបានលើកសរសើរពីវីរភាពដ៏អង់អាចរបស់កងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ធ្វើជាខែលការពារជាតិយ៉ាងរឹងមាំបំផុត។
ជាមួយគ្នានោះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ បន្តផ្តល់ជំនឿទុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ និងការនាំមកនូវសុខសន្តិភាពពិតប្រាកដជូនមាតុភូមិកម្ពុជា៕
ចែករំលែកព័តមាននេះ