អ្នកដឹកនាំឧស្សាហកម្មដ៏ល្បីបំផុតរបស់ឥណ្ឌា ទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំ
ប្រទេសឥណ្ឌា ៖ លោក Ratan Tata អតីតប្រធានក្រុមហ៊ុន Tata Group បានទទួលមរណភាពដោយជរាពាធ នៅមន្ទីរពេទ្យទីក្រុងម៉ុមបៃ…
ប្រទេសឥណ្ឌា ៖ លោក Ratan Tata អតីតប្រធានក្រុមហ៊ុន Tata Group បានទទួលមរណភាពដោយជរាពាធ នៅមន្ទីរពេទ្យទីក្រុងម៉ុមបៃ…
ប្រទេសឥណ្ឌា ៖ លោក Ratan Tata អតីតប្រធានក្រុមហ៊ុន Tata Group បានទទួលមរណភាពដោយជរាពាធ នៅមន្ទីរពេទ្យទីក្រុងម៉ុមបៃ កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងជន្មាយុ៨៦ឆ្នាំ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនខ្នាតយក្សរបស់ឥណ្ឌាមួយនេះបានចេញផ្សាយ។
សេចក្តីថ្លែងការណ៍ក្រុមហ៊ុន Tata Group បានបញ្ជាក់ថា «គឺជាការបាត់បង់ដ៏ធំធេងដែលយើងលាទៅកាន់លោក Ratan Naval Tata ដែលជាថ្នាក់ដឹកនាំដ៏អស្ចារ្យ ដែលបានរួមចំណែកនូវអ្វីដែលមិនអាចកាត់ថ្លៃបាន ដោយមិនត្រឹមតែក្រុមហ៊ុន Tata Group ប៉ុណ្ណោះទេ ប៉ុន្តែជាក្រណាត់ត្បាញដ៏មានតម្លៃរបស់ប្រទេសជាតិរបស់យើងផងដែរ»។ មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីប្រកាសមួយលើបណ្តាញសង្គម X នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រតិកម្មចំពោះការបាត់បង់លោក Ratan Tata តាមរយៈសំណេរមួយថា៖ «លោក Ratan Tata គឺជាអ្នកដឹកនាំជំនួញ ដែលមានចក្ខុវិស័យ មានព្រលឹងមេត្តា និងជាមនុស្សពិសេសប្លែកពីមនុស្សធម្មតា»។
លោក Ratan Tata ដែលជាអ្នកដឹកនាំអាជីវកម្មដ៏ល្បីរបស់ឥណ្ឌា ដែលត្រូវបានទទួលស្គាល់ខ្ពស់បំផុតជាអន្តរជាតិ លោកគឺជាអ្នកដឹកនាំឧស្សាហកម្ម ហើយក៏ជាសប្បុរសជនដ៏ល្បីបំផុតប្រចាំប្រទេសឥណ្ឌាផងដែរ។ លោកបានបម្រើការជាប្រធានក្រុមហ៊ុន Tata Group និង Tata Sons ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១២ ហើយបន្ទាប់មកលោកបានក្លាយជាប្រធានបណ្តោះអាសន្នចាប់ពីខែតុលា ឆ្នាំ ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ ២០១៧ មុនទទួលអនិច្ចកម្ម លោកគឺជាប្រធានកិត្តិយសរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Tata Sons។
ក្រុមហ៊ុន Tata Group គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៨ ដោយលោក Jamshedji Tata ដែលត្រូវជាជីតាទួតលោក Ratan Tata។ Tata Group ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុមបៃ គឺជាក្រុមហ៊ុនពហុឧស្សាហកម្ម ដែលរួមមានទាំងឧស្សាហកម្មរថយន្ត គីមី ច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិច គ្រឿងអលង្ការ គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងឧស្សាហកម្មដែកផងដែរ ហើយផលិតផល និងសេវាកម្មក្រុមហ៊ុននេះបានទៅដល់ជាង១៥០ប្រទេស និងប្រតិបត្តិការនៅក្នុង១០០ប្រទេសលើពិភពលោក ជាមួយប្រាក់ចំណូលប្រចាំឆ្នាំលើសពី១០០ពាន់លានដុល្លារ៕ (ប្រភព ៖ CNN និង BBC)
ចែករំលែកព័តមាននេះ