ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ​នាំ​យក​អំណោយ​របស់​ម្ចាស់សហគ្រាស រោងចក្រ ក្រុមហ៊ុន ថ្នាក់ដឹកនាំ​សហជីព បងប្អូន​កម្មករនិយោជិត និងសប្បុរសជន​ទាំងអស់​ចែក​ជូន​បងប្អូន​ភៀស​សឹក នៅ​ខេត្តបន្ទាយមានជ័យ

12 ម៉ោង មុន

បន្ទាយ​មាន​ជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែធ្នូ ឆ្នាំ ​២០២៥​ នេះ ឯកឧត្តម ហេង…

បន្ទាយ​មាន​ជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែធ្នូ ឆ្នាំ ​២០២៥​ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​មន្ត្រី​ក្រសួង តំណាង​និយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​អង្គភាព​ពាក់ព័ន្ធ ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​សម្ភារ​គ្រឿង​ឧបភោគបរិភោគ សម្រាប់​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក នៅ​មណ្ឌល​សុវត្ថិភាព នា​ខេត្តបន្ទាយមានជ័យ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ឈរ​លើ​ស្មារតី «​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ​» អំណោយ​ដែល​យើង​ត្រូវ​រួម​គ្នា​ជួយ​នា​ពេល​នេះ គឺជា​ការ​ឆ្លើយ​តប​ក្នុង​គ្រា​លំបាក​ខ្វះខាត​ទាំងឡាយ​នៅ​ចំពោះ​មុខ ខណៈ​ដែល​ខេត្ត​នៅ​ជាប់​ព្រំដែន​ត្រូវ​ប្រឈម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​នៅ​តាម​ព្រំដែន និង​គ្រួសារ​វីរ​កងទ័ព​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សន្យា​ថា​នឹង​ខិតខំ​ជួយ​កៀរគរ​ជំនួយ​បន្ថែម​ទៀត​ដើម្បី​ជួយ​ទទួល​បន្ទុក​ដោះស្រាយ​លើ​តម្រូវការ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង​៧០០ គ្រួសារ​នៅ​មណ្ឌល​នេះ​។

តាម​រយៈ​ជំនួយ​តាម​បណ្ដា​ម្ចាស់​សហគ្រាស រោងចក្រ ក្រុមហ៊ុន ថ្នាក់ដឹកនាំ​សហជីព បងប្អូន​កម្មករនិយោជិត និង​សប្បុរសជន​ទាំងអស់​ស្រឡាញ់​ជាតិ​មាតុភូមិ សមរភូមិ​ក្រោយ​បាន​និង​កំពុង​ប្តេជ្ញា​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​គាំទ្រ​សមរភូមិ​មុខ ដោយ​ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា សកម្មភាព​នេះ​ក៏​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ទោះ​ខ្មែរ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ក៏​យើង​មិន​ដែល​បោះបង់​គ្នា​ចោល​នោះ​ឡើយ ពោល​គឺ​យើង​ចេះ​ជួយ​គ្នា​ទៅ​តាម​លទ្ធភាព និង​ជា​ការ​គោរព​ដឹងគុណ​ចំពោះ​វីរ​កងទ័ព​ជួរ​មុខ​ដ៏​អង់អាច​ក្លាហាន​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ការពារ​ទឹកដី ប្រឆាំង​ការ​ឈ្លានពាន​យ៉ាង​ឃោរឃៅ​ពី​សំណាក់​យោធា​ថៃ​។

ក្នុង​នាម​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​រដ្ឋបាល​ខេត្ត ឯកឧត្តម ឌិ​ត ទីណា និង​ឯកឧត្តម អ៊ុ រាត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សប្បុរសជន និង​ម្ចាស់​ជំនួយ​ទាំងអស់ ដែល​បាន​នាំ​មក​ជា​អំណោយ​សម្ភារ សម្រាប់​ផ្តល់​ជូន​ដល់​ជនភៀសសឹក​នា​ពេល​នេះ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទីជម្រក អាហារ ទឹក​ស្អាត សេវា​សុខាភិបាល និង​ការ​ថែទាំ​ជា​ចាំបាច់ ដើម្បី​ឱ្យ​បងប្អូន​របស់​យើង​អាច​រស់នៅ​ទី​នេះ​មាន​សុវត្ថិភាព​។

អំណោយ ដែល​បាន​ត្រូវ​ប្រគល់​ជូន​នា​ពេល​នេះ​មាន​ចំនួន ១ ១០៦​កញ្ចប់ ដែល​រួម​មាន​៖ ថវិកា ចំនួន ២​ម៉ឺន​រៀល ក្នុង ១​កញ្ចប់​, អាវ ចំនួន ១, ខោ ចំនួន ២, ថ្នាំ​រាគ ចំនួន ១​ប្រអប់​, ថ្នាំ​ប៉ា​រ៉ា ចំនួន ១​ប្រអប់​, ប្រេងកូឡា ចំនួន ១​ប្រអប់​, មី ចំនួន ១០​កញ្ចប់​, ទឹកបរិសុទ្ធ ចំនួន ១​យួរ និង​អង្ករ ចំនួន ១០​គីឡូក្រាម​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ប្រគេន​ថវិកា ចំនួន ៤០​លាន​រៀល ជូន​ដល់​ព្រះ​ចៅអធិការ​វត្ត​អញ្ចាញ ដើម្បី​ដោះស្រាយ​ជួយ​សម្រួលការ​លំបាក​ផ្សេង​ៗ៕ អត្ថបទសហការ