ទីក្រុងម៉ូស្គូ៖ លោកពូទីនប្រកាសជំហរជាថ្មីថារុស្ស៊ីនឹងមិនកែប្រែលក្ខខណ្ឌរបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែនដូចអ្វីដែលលោកធ្លាប់បានប្រកាសតាំងពីខែមិថុនា ឆ្នាំ២០២៤ទេ។ មានន័យថារុស្ស៊ីនឹងមិនបន្ធូរដៃសូម្បីតែបន្តិចនៅក្នុងការចរចាគ្នាស្របពេលដែលអាមេរិកកំពុងដុតដៃដុតជើងដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ នៅក្នុងការថ្លែងសុន្ទរកថាខ្នាតវែងដែលមានរយៈពេល៤ម៉ោង លោកពូទីនបានប្រកាសជំហររបស់រុស្ស៊ីជាថ្មីនៅក្នុងបញ្ហាអ៊ុយក្រែន។ លោកសង្កេតឃើញថាអ៊ុយក្រែនហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ។ ប៉ុន្តែមានសញ្ញាខ្លះៗហើយថាពួកគេត្រៀមចូលរួមនៅក្នុងការសន្ទនាគ្នា។

រឿងតែ១គត់ដែលលោកចង់និយាយនៅពេលនេះគឺថាយើងតែងតែនិយាយដដែលៗថាយើងត្រៀមខ្លួន និងមានឆន្ទៈចង់បញ្ចប់ជម្លោះដោយសន្តិវិធីដោយទី១-ផ្អែកទៅលើគោលការណ៍ដែលលោកបានប្រកាសកាលពីខែមិថុនានៅក្រសួងការបរទេសរុស្ស៊ី និងទី២-ដោះស្រាយអ្វីដែលជាឫសគល់នៃបញ្ហា។ បើគេបកស្រាយមិនច្រឡំទេ អ្វីដែលលោកពូទីននិយាយនេះចង់សំដៅលើសុន្ទរកថាកាលពី១៨ខែមុន។ កាលនោះ លោកទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលគំនិតចង់ចូលជាសមាជិកអង្គការណាតូ ហើយត្រូវដកកងទ័ពថយចេញពីតំបន់ចំនួនបួនដើម្បីប្រគល់ទៅឱ្យរុស្ស៊ីគ្រប់គ្រងផ្ដាច់មុខ។ តំបន់ទាំងនោះគឺលូហាន, ដូញែត, ខឺសុន និងហ្សាប៉ូរីហ្សៀ។

ពាក់ព័ន្ធនឹងស្ថានការណ៍សឹកនៅសមរភូមិមុខ លោកពូទីនអះអាងថារុស្ស៊ីកំពុងមានប្រៀបលើគ្រប់សមរភូមិទាំងអស់។ ចំណែកអ៊ុយក្រែនកំពុងដកថយជាបន្តបន្ទាប់។ ប៉ុន្តែអ៊ុយក្រែនថានោះជាការវាយដណ្ដើមបានទឹកដីត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ ម៉្យាងទៀត រុស្ស៊ីបានពលីជីវិតយុទ្ធជនអស់ជាច្រើនទម្រាំវាយបានទឹកដីទាំងនោះ។

ផ្ទុយពីលោកពូទីនដែលចោទប្រកាន់ថាអ៊ុយក្រែនមិនចង់បានកិច្ចព្រមព្រៀងសន្តិភាព អ៊ុយក្រែនចោទបកទៅវិញថាគឺរុស្ស៊ីទៅវិញទេដែលមិនចង់ចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម។ អ៊ុយក្រែនចង់មានន័យថាលោកពូទីនគ្រាន់តែចរចាគ្នាលេងៗជាលក្ខណៈសម្ដែងឱ្យសហគមន៍អន្តរជាតិមើលមកថាគាត់ពិតជាចង់ដោះស្រាយជម្លោះនេះមែន។ ប៉ុន្តែធាតុពិតមិនដូច្នេះទេ។ ឥឡូវនេះ រុស្ស៊ីកំពុងរង់ចាំមើលផែនការសន្តិភាពដែលកែសម្រួលឡើងវិញក្រោយការជួបគ្នារវាងគណៈប្រតិភូរបស់អឺរ៉ុប អ៊ុយក្រែន និងអាមេរិក។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ