ទីក្រុងប៉េកាំង៖ មហាអំណាចចិន និងអាមេរិកព្យាយាមជាថ្មីដើម្បីឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។ ប្រទេសទាំង២ (ចិន និងអាមេរិក) បញ្ចេញសារនយោបាយដាច់ដោយឡែកពីគ្នា។ ការអំពាវនាវរបស់ពួកគេធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីបញ្ហាជម្លោះ។ នេះជាសង្គ្រាមឈ្លានពានដ៏ធំមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបនៃប្រទេសទាំង២។

ក្នុងនោះ មនុស្សប្រមាណ៦០នាក់បានស្លាប់ ខណៈដែលជនស៊ីវិលជាងកន្លះលាននាក់នៅក្នុងប្រទេសទាំង២ត្រូវចាកចោលផ្ទះសម្បែងរបស់ខ្លួនដើម្បីគេចចេញពីការប្រយុទ្ធគ្នា។ ប្រទេសថៃនៅសុខៗចាប់ផ្ដើមវាយប្រហារកម្ពុជាធ្វើឱ្យប៉ះពាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកដូណាល់ត្រាំក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់កាលពីខែកក្កដា។

បន្ទាប់ពីសម្លឹងឃើញថាប្រទេសថៃនិយាយស្ដាប់គ្នាមិនបាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូ រូប៊ីអូ (Marco Rubio) បានហៅទូរស័ព្ទទៅសមភាគីថៃនៅថ្ងៃនេះដើម្បីបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនកំពុងបារម្ភអំពីបញ្ហានេះ និងសូមជំរុញឱ្យថៃឈប់បង្កបញ្ហា និងវិលទៅអនុវត្តបទឈប់បាញ់ឡើងវិញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិក។

ដោយឡែក ប្រទេសចិនក៏បានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះផងដែរ។ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី កាលពីម្សិលមិញបានសន្ទនាគ្នាជាមួយសមភាគីថៃ និងកម្ពុជា។ លោកថាភាគីទាំង២ (កម្ពុជា-ថៃ) បង្ហាញឆន្ទៈចង់បន្ធូរបន្ថយភាពតានតឹង និងចង់ឱ្យមានបទឈប់បាញ់។ នៅល្ងាចនេះ អ្នកនាំពាក្យចិន លោកគួជាឃុន (Guo Jiakun) ថ្លែងថាប្រទេសចិនកំពុងបំពេញតួនាទីយ៉ាងសកម្មជាអន្តរការីដើម្បីដោះស្រាយជម្លោះ និងកំពុងជំរុញឱ្យភាគីទាំង២សម្រេចឱ្យបានបទឈប់បាញ់នៅក្នុងពេលឆាប់ៗនេះ។

ប្រធានប្ដូរវេនអាស៊ានមានសុទិដ្ឋនិយមចំពោះគម្រោងជួបគ្នានាសប្ដាហ៍ក្រោយ
ក្រសួងការបរទេសចិនកត់សម្គាល់ថាការប៉ះទង្គិចគ្នាលើកនេះមានសភាពខ្លាំងក្លាជាងពេលណាៗទាំងអស់។ បើបណ្ដោយបែបនេះតទៅទៀតមិនអាចបានជាប្រយោជន៍សម្រាប់ភាគីណាមួយទេ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ឯកភាពផ្ទៃក្នុងរបស់អាស៊ានថែមទៀត។ ក្រសួងបញ្ជាក់ថាបេសកជនពិសេសរបស់ចិនបានទៅដល់ប្រទេសទាំង២ដើម្បីស្ដារសន្តិភាពឡើងវិញ។

ក្រសួងការបរទេសថៃបានបញ្ជាក់ជំហររបស់ខ្លួនប្រាប់ទៅលោករូប៊ីអូ (រដ្ឋមន្ត្រីអាមេរិក) និងចែករំលែកព័ត៌មានស្ដីពីសភាពការណ៍វិវត្តថ្មី រួមទាំងគម្រោងចូលរួមកិច្ចប្រជុំអាស៊ាននៅសប្ដាហ៍ក្រោយផងដែរ។ ក្រសួងក៏បានទទួលស្គាល់ផងដែរថាភាគីថៃបានសន្ទនាគ្នាជាមួយប្រមុខការទូតចិនពិតមែន។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ដែលខិតខំខ្នះខ្នែងឱ្យមានបទឈប់បាញ់កាលពីខែកក្កដា លោកបង្ហាញសុទិដ្ឋិនិយមចំពោះគម្រោងជួបគ្នាលើកនេះ។ នេះបើយោងតាមរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ