ទីក្រុងតូក្យូ៖ រដ្ឋាភិបាលជប៉ុនបញ្ជាក់ឡើងវិញអំពីជំហររបស់ខ្លួននៅក្នុងបញ្ហានុយក្លេអ៊ែរបន្ទាប់ពីមានព័ត៌មានផ្សាយថាមន្ត្រីជាន់ខ្ពស់ជប៉ុនស្នើឱ្យរដ្ឋាភិបាលពិចារណាអំពីអាវុធនុយក្លេអ៊ែរដើម្បីយកមកតតាំងជាមួយសត្រូវឈ្លានពាន។ ដូច្នេះជប៉ុនសូមបញ្ជាក់ថា «គោលនយោបាយគ្មានអាវុធនុយក្លេអ៊ែរ» ដែលខ្លួនធ្លាប់ប្រកាន់យករាប់ទសវត្សមកហើយនោះនឹងនៅតែប្រកាន់យកជាបន្តទៀត។

សូមរំលឹកថាថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ជប៉ុនម្នាក់បានស្នើជាយោបល់ថាជប៉ុនគួរមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃព្រោះសភាពការណ៍សន្តិសុខហាក់ដូចជាកាន់តែអាក្រក់ឡើងជាលំដាប់។ ប៉ុន្តែមន្ត្រីរូបនោះក៏ទទួលស្គាល់ផងដែរថារឿងនេះមិនមែនងាយស្រួលប៉ុន្មានទេដោយសារជំហរនយោបាយជប៉ុន។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុនអឹនអេចខេ (NHK) របស់ជប៉ុន។

ប្រភពខ្លះបង្ហើបឱ្យដឹងថាមន្ត្រីរូបនោះធ្វើការនៅក្នុងខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យជប៉ុនថ្លែងថារដ្ឋាភិបាលរបស់ខ្លួនរក្សាជំហរដដែលឥតផ្លាស់ប្ដូរទេនៅក្នុងបញ្ហានុយក្លេអ៊ែរ។ យោងតាមអត្ថបទស៊ើបអង្កេតរបស់រ៉យទ័រដែលចុះផ្សាយកាលពីខែសីហា នៅប្រទេសជប៉ុនសព្វថ្ងៃនេះមានមជ្ឈដ្ឋានអ្នកនយោបាយ និងសាធារណជនខ្លះចង់ឱ្យរដ្ឋាភិបាលកែសម្រួលនយោបាយនុយក្លេអ៊ែរត្រង់ចំណុចថា «ជប៉ុនមិនត្រូវកាន់កាប់, ផលិត ឬអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន»។ នេះជាបញ្ហារសើបពិតមែនហើយ ហើយមែនទែនទៅជប៉ុនខ្លួនជាអ្នករងគ្រោះដោយសារអាវុធនេះ។

ប៉ុន្តែទន្ទឹមនឹងនោះ ជប៉ុនក៏ត្រូវការគិតគូរទៅដល់សន្តិសុខជាតិរបស់ខ្លួនផងដែរព្រោះត្រូវហ៊ុមព័ទ្ធដោយប្រទេសនុយក្លេអ៊ែររហូតដល់ទៅបីគឺចិន រុស្ស៊ី និងកូរ៉េខាងជើង។ ចំណែកការពឹងផ្អែកទៅលើឆ័ត្រនុយក្លេអ៊ែររបស់អាមេរិកដើម្បីការពារសន្តិសុខរបស់ជប៉ុននោះប្រៀបដូចសង្ឃឹមផ្កាយលើមេឃ ឬកាប់បំពង់រង់ចាំទឹកភ្លៀង។ ជាការពិត នៅក្នុងប្រវត្តិសាស្ត្រពិភពលោកនៅពេលមានសង្គ្រាមរវាងប្រទេស និងប្រទេស គ្មានប្រទេសណាសុខចិត្តលើកកងទ័ពរាប់ម៉ឺនរាប់សែននាក់ទៅជួយប្រទេសមួយទៀតនោះទេ។ បើមានក៏មានតិចតួចបំផុត។ ហេតុនេះ មានតែពឹងលើកម្លាំងខ្លួនឯងហ្នឹងហើយក្នុងការការពារជាតិមាតុភូមិឱ្យនៅគង់វង្ស។

អ្នកតំណាងរាស្ត្រខ្លះនៅក្នុងគណបក្សគ្រប់គ្រងប្រទេសជប៉ុនសព្វថ្ងៃយល់ថារដ្ឋាភិបាលគួរអនុញ្ញាតឱ្យអាមេរិកនាំយកអាវុធនុយក្លេអ៊ែរចូលប្រទេសជប៉ុន និងបំពាក់នៅលើនាវាមុជទឹក ឬនៅលើជើងទម្រអ្វីផ្សេងដើម្បីពង្រឹងការទប់ទល់។ ដំណឹងស្ដីពីមន្ត្រីជាន់ខ្ពស់ជប៉ុនបំផុសគំនិតឱ្យមាននុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួននោះកើតឡើងចំពេលដែលជប៉ុន និងចិនកំពុងមានជម្លោះការទូតនឹងគ្នាក្រោយការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់។ ប្រទេសចិនក៏ចាប់អារម្មណ៍នឹងដំណឹងនេះផងដែរ។ អ្នកនាំពាក្យចិន លោកគួជាឃុន ថ្លែងថានោះជាព័ត៌មានដែលគួរឱ្យព្រួយបារម្ភ។ លោកយល់ថាសហគមន៍អន្តរជាតិត្រូវតែបង្កើនការឃ្លាំមើល ហើយត្រូវតែព្រួយបារម្ភឱ្យបានខ្ពស់ចំពោះបញ្ហានេះ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ