រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញធុនធំ១គ្រឿង ដែលមានកម្ពស់ខ្ពស់ បានបើកទាក់ខ្សែភ្លើង បណ្តាលឲ្យដាច់ខ្សែ និងដាច់ប្រព័ន្ធភ្លើង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្ត Hyundai ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2975 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានទាក់ជាមួយខ្សែភ្លើងដែលឆ្លងកាត់ទទឹងផ្លូវ បណ្តាលឲ្យដាច់ចរន្ត និងធ្លាក់ជាប់លើរថយន្ត បង្កការខូចខាត ។
អ្នកឃើញហេតុការណ៍បានបន្ថែមទៀតថា បន្ទាប់ពីដាច់ខ្សែភ្លើងធ្លាក់ចំរថយន្ត អ្នកបើកបរបានបើកទ្វារ និងប្រញាប់លោតចេញពីរថយន្ត ព្រោះខ្លាចមានចរន្តឆ្លង អាចបង្ករបួសដល់រូបគាត់ តែសំណាងល្អមិនមានអ្នករងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់មន្ត្រីជំនាញផ្នែកអគ្គិសនី ដើម្បីចុះមកធ្វើការរៀបចំប្រព័ន្ធភ្លើងឡើងវិញ ជូនប្រជាពលរដ្ឋ ។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការណែនាំអ្នកបើក ព្រមទាំងធ្វើកិច្ចសន្យា រួមទាំងសងសំណងរាល់ការខូចខាត ទៅកាន់ភ្នាក់ងារអគ្គិសនីដើម្បីបញ្ចប់រឿងនៅទីតាំងកើតហេតុ ៕







ចែករំលែកព័តមាននេះ