ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​រំលាយ​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​ដប់​ឆ្នាំ

4 ខែ មុន

ទី​ក្រុង​បាងកក៖ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ តុលាការ​ធម្ម​នុញ្ញ​ថៃ​សម្រេច​​​រំលាយ​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ (Move Forward) ចោល​តែ​ម្ដង​​ពី​បទ​ប៉ុន​ប៉ង​រំលាយ​របប​រាជា​និយម​។ សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​រយៈ​៦​ខែ​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញ​ដដែល​បាន​បង្គាប់​​​ឲ្យ​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​បញ្ឈប់​​សកម្ម​ភាព​ ឬ​ផែន​ការ​របស់​ខ្លួន​ដែល​ចង់​កែ​ប្រែ​ច្បាប់​ស្ដី​ពី​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ តុលាការ​ចាត់​ទុក​ថា​នេះ​ជា​សកម្ម​ភាព​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​ ហើយ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ទៅ​ដល់​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ដែល​មាន​ព្រះ​មហា​ក្សត្រ​ជា​ព្រះ​ប្រមុខ​រដ្ឋ​។​​…

ទី​ក្រុង​បាងកក៖ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ តុលាការ​ធម្ម​នុញ្ញ​ថៃ​សម្រេច​​​រំលាយ​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ (Move Forward) ចោល​តែ​ម្ដង​​ពី​បទ​ប៉ុន​ប៉ង​រំលាយ​របប​រាជា​និយម​។ សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​រយៈ​៦​ខែ​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញ​ដដែល​បាន​បង្គាប់​​​ឲ្យ​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​បញ្ឈប់​​សកម្ម​ភាព​ ឬ​ផែន​ការ​របស់​ខ្លួន​ដែល​ចង់​កែ​ប្រែ​ច្បាប់​ស្ដី​ពី​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។

តុលាការ​ចាត់​ទុក​ថា​នេះ​ជា​សកម្ម​ភាព​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​ ហើយ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ទៅ​ដល់​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ដែល​មាន​ព្រះ​មហា​ក្សត្រ​ជា​ព្រះ​ប្រមុខ​រដ្ឋ​។​​ ទោះ​បី​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​បដិសេធ​ថា​ខ្លួន​គ្មាន​បំណង​ប៉ះ​ពាល់​របប​រាជា​និយម​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ក្រោយ​ការ​សម្រេច​កាល​ពី​៦​ខែ​មុន​នោះ គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​សម្រេច​​ដាក់​ពាក្យ​ប្ដឹង​​​ដើម្បី​ស្នើ​សុំ​រំលាយ​គណ​បក្ស​នេះ​ចោល​តែ​ម្ដង​​ពី​បទ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​របប​រាជា​និយម​ដោយ​សម្អាង​ទៅ​លើ​ការ​សម្រេច​កាល​ពី​៦​ខែ​មុ​ន​នោះ​។

ថ្វី​ដ្បិត​ប្រជារាស្ត្រ​ថៃ​រាប់​លាន​នាក់​ដែល​គាំទ្រ​ និង​បោះ​ឆ្នោត​ឱ្យ​គណ​​បក្ស​ឆ្ពោះ​ទៅ​មុខ​​​កាល​ពី​ឆ្នាំ​២០២៣​អាច​នឹង​ខក​ចិត្ត​មិន​តិច​ទេ​ចំពោះ​ការ​សម្រេច​រំលាយ​បក្ស​នេះ​ ប៉ុន្តែ​ការ​សម្រេច​របស់​តុលាការ​មិន​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ថ្នាក់​ធ្វើ​ឱ្យ​ស្មារតី​ជា​រួម​របស់​បក្ស​នេះ​រលាយ​សាប​សូន្យ​នោះ​ទេ​។ ជាក់​ស្ដែង​ នៅ​ក្នុង​សេច​ក្ដី​សម្រេច​នោះ​ ​មន្ត្រី​កំពូល​ៗ​របស់​គណ​បក្ស​នេះ​ត្រឹម​តែ​១១​​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ព្យួរ​សិទ្ធិ​ធ្វើ​នយោ​បាយ​រយៈ​ពេល​ដប់​ឆ្នាំ​​​​។

មាន​ន័យ​ថា​សេចក្ដី​សម្រេច​នេះ​មិន​បាន​កាត់​រំសាយ​សិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​១៤៣​នាក់​នៅ​ក្នុង​រដ្ឋ​សភា​នោះ​ទេ​។ ពួក​គេ​ទី​១​-​នៅ​តែ​បន្ត​​សុពល​ភាព​ជា​អ្នក​តំណាង​រាស្ត្រ​រហូត​ដល់​ចប់​អាណត្តិ​ និង​ទី​២​-​ពួក​គេ​អាច​នឹង​បង្កើត​គណ​បក្ស​នយោ​បាយ​ថ្មី​មួយ​ទៀត​ដែល​ប្រកាន់​មាគ៌ា​នយោបាយ​មិន​ខុស​ពី​គណ​បក្ស​រៀម​ច្បង​របស់​ខ្លួន​ដែល​ត្រូវ​តុលាការ​រំលាយ​ទាំង​២​ដង​។​ទី១-​គឺ​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ដែល​រំលាយ​ថ្ងៃ​នេះ និង​​ទី​២-​គឺ​គណ​បក្ស​ឆ្ពោះ​ទៅ​អនាគត​ដែល​ជា​រៀម​ច្បង​របស់​ឆ្ពោះ​ទៅ​មុខ​។

សេច​ក្ដី​សម្រេច​របស់​តុលាការ​ធម្ម​នុញ្ញ​ថៃ​ដើម្បី​រំលាយ​គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​​ធ្វើ​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​​ឆាក​នយោ​បាយ​​ថៃ​កំពុង​ប្រឈម​នឹង​ការ​ប្រេះ​ឆា​​។ សូម្បី​តែ​សម្ព័ន្ធ​មិត្ត​ក្ដៅ-​ត្រជាក់​ៗ​រវាង​ក្រុម​យោធា និង​ក្រុម​អ្នក​រាជា​និយម​ជា​មួយ​គណ​បក្ស​ភឿ​ថៃ​ក៏​មិន​សូវ​ស្រួល​ប៉ុន្មាន​ដែរ​។ ជាក់​ស្ដែង​ ​លោក​សេដ្ឋា ថាក់​វិស៊ីន​ដែល​ជា​កូតា​មក​ពី​​គណ​បក្ស​ភឿ​ថៃ​អាច​នឹង​របូត​តំណែង​នាយក​រដ្ឋ​មន្ត្រី​ពី​ដៃ​នៅ​ក្នុង​ពេល​ឆាប់​​ៗ​នេះ​​។

នៅ​​សប្ដាហ៍​ក្រោយ​, តុលាការ​ធម្ម​នុញ្ញ​នឹង​សម្រេច​ថា​តើ​ត្រូវ​ដក​ហូត​តំណែង​របស់​លោក​សេដ្ឋា​ឬ​យ៉ាង​ណា​តប​តាម​ពាក្យ​បណ្ដឹង​របស់​សមាជិក​ព្រឹទ្ធ​សភា​​៤០​រូប​ដែល​ជា​ក្រុម​យោធា​​។ ពួកគេ​ចោទ​ប្រកាន់​ថា​លោក​សេដ្ឋា​បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធំ​១​​ដោយ​បាន​តែង​តាំង​លោក​ពិចិត្រធ្វើ​ជា​រដ្ឋ​មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ខណៈ​ដែល​លោក​​ពិ​​ចិត្រ​ធ្លាប់​មាន​ទោស​ព្រហ្ម​ទណ្ឌ​។​​​

បើ​តុលាការ​សម្រេច​ដក​តំណែង​​លោក​សេដ្ឋា​​​មែន​ គណ​បក្ស​ភឿថៃ​​ត្រូវ​បញ្ជូន​​ឈ្មោះ​បេក្ខ​ជន​របស់​ខ្លួន​ទៅសភា​ដើម្បី​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​​។ ​​វា​នឹង​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ដល់​ទំនាក់​ទំនង​រវាង​គណ​បក្ស​ភឿថៃ និង​បក្ស​នយោបាយ​ដទៃ​ទៀត​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​។ គេ​ដឹង​ថា​លោក​ថាក់​ស៊ីន​ដែល​ជា​អ្នក​​​កាច់​ចង្កូត​គណ​បក្ស​ភឿថៃ​ពី​ក្រោយ​វាំង​នន​នយោបាយ​នោះ​មិន​ចង់​ឱ្យ​លោកស្រី​ផែ​ថង​ថាន​ដែល​ជា​កូន​ស្រី​របស់​លោក​ និង​ជា​បេក្ខ​ជន​បម្រុង​លំដាប់​ទី​១​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ទេ​។

ចំណែក​លោក​ឆៃ​កាស៊ីម​ដែល​ជា​បេក្ខ​ជន​បម្រុង​ទី​ពីរ​របស់​គណ​បក្ស​ភឿថៃ​ក៏​មាន​បញ្ហា​សុខ​ភាព​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​​ទៅ​ទៀត​។ ​ហេតុ​នេះ​​ក៏កើត​ជា​​​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​ថាក់​ស៊ីន​​​គាំទ្រ​ឱ្យ​លោក​អនុទីន​ដែល​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ និង​ជា​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី។ ប៉ុន្តែ​ថ្មី​​ៗ​នេះ ​លោក​អនុទីន​បាន​​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​នេះ​។ លោក​ថ្លែងថា​ការ​ជួប​គ្នា​ពិត​ជា​មាន​មែន​រវាង​លោក​ និង​លោ​កថាក់​ស៊ីន​​។ ប៉ុន្តែ​នោះ​ជា​ការ​ជួប​គ្នា​​ជា​លក្ខណៈ​ឯក​ជន​តែ​ប៉ុណ្ណោះ​៕​ 

អត្ថ​បទ​ដែល​ពាក់​ព័ន្ធ
តើ​នរណា​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​បើ​តុលា​ការ​ដក​តំណែង​លោក​សេដ្ឋា​?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ