ទីក្រុងឡុង៖ ថ្ងៃនេះ ប្រេងឆៅចាប់ផ្ដើមឡើងថ្លៃបន្តិចបន្ទាប់ក្រុមអ្នកវិនិយោគខាងទិញ-លក់ប្រេងរង់ចាំអ៊ុតលទ្ធផលនៃកិច្ចជំនួបរយៈពេល៥ម៉ោងរវាងលោកពូទីន និងគណៈប្រតិភូអាមេរិកនោះមិនបានទទួលលទ្ធផលដូចការរំពឹងទុកទេ។ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីថ្លែងកាលពីមុននេះថាកិច្ចជំនួបរយៈពេល៥ម៉ោងនោះមិនទាន់ឈានដល់ការឯកភាពគ្នាទៅលើកិច្ចព្រមព្រៀងសន្តិភាពទេ។ បើសិនការចរចាមានដំណើរការល្អទៅមុខ ហើយក្រុមបស្ចិមប្រទេសលុបចោលទណ្ឌកម្មប្រេងរបស់រុស្ស៊ី ពេលនោះប្រេងអាចមានហាងឆេងល្អ។

ហាងឆេងប្រេងឆៅនៅអឺរ៉ុបកើនឡើង៧៨សេនក្នុងមួយបារ៉ែល ឬ១,៣%បើប្រៀបធៀបនឹងតម្លៃមុន។ ពោលគឺមួយបារ៉ែល (ចំណុះ១៥៩លីត្រ) លក់ចេញ៦៣,២៣ដុល្លារគិតត្រឹមម៉ោង១០:១០ម៉ោងសាកល។ ចំណែកហាងឆេងប្រេងនៅរដ្ឋតិចសាសន៍ ប្រទេសអាមេរិក ឡើងថ្លៃ៨៥សេនក្នុងមួយបារ៉ែល។ ពោលគឺលក់ចេញមួយបារ៉ែល៥៩,៤៩ដុល្លារ។

អ្នកវិភាគនៅ Goldman Sachs យល់ថាទីផ្សារប្រេងជាក់ស្ដែង និងប្រេងគិតតាមតម្លៃព្យាករមិនទាន់មានសញ្ញាបង្ហាញពីការឡើងចុះតម្លៃខ្លាំងពេកទេព្រោះគេមិនរំពឹងថាការចរចាគ្នានឹងឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ហើយនឹងឈានទៅរកការលុបចោលទណ្ឌកម្មពីរុស្ស៊ី។ កាលពីមួយថ្ងៃមុននេះ លោកពូទីនបានប្រើភាសាបែបជះកំហឹងខ្លាំងៗទៅអឺរ៉ុប។ លោកថាក្រុមប្រទេសមហាអំណាចនៅអឺរ៉ុបកំពុងយកជើងរាទឹក ខណៈដែលអាមេរិកកំពុងខិតខំប្រឹងប្រែងចរចាគ្នាដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ លោកអះអាងថាពួកអឺរ៉ុបដាក់លក្ខខណ្ឌដែលពួកគេយល់ច្បាស់ថារុស្ស៊ីនឹងមិនព្រមទទួលយកជាដាច់ខាត។

អ៊ុយក្រែនវាយប្រហារប្រេងរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះក៏ជាកត្តាធ្វើឱ្យគេព្រួយបារម្ភផងដែរ។ អ៊ុយក្រែនបញ្ជាអូប័រគ្មានមនុស្សបើក (ឬអូប័រដ្រូន) ដើម្បីបំផ្ទុះនាវាដឹកប្រេង២គ្រឿងរបស់រុស្ស៊ីនៅសមុទ្រខ្មៅកាលពីសប្ដាហ៍មុន។ ប្រតិកម្មចំពោះបញ្ហានេះ លោកពូទីនប្រកាសថារុស្ស៊ីនឹងចាត់វិធានការក្ដៅទៅលើនាវាដឹកប្រេងរបស់ប្រទេសដទៃដែលជួយអ៊ុយក្រែន។ ដូច្នេះស្ថានការណ៍ភូមិសាស្ត្រនយោបាយកាន់តែមានហានិភ័យ។

ទោះជាយ៉ាងណាក្ដី ប្រេងមិនទាន់អាចឡើងថ្លៃយ៉ាងគំហុកទៅរួចទេដោយសារអាមេរិកក៏មានប្រេងបម្រុងទុកនៅក្នុងឃ្លាំងរបស់ខ្លួនច្រើនផងដែរ។ វិទ្យាស្ថានប្រេងអាមេរិករាយការណ៍ថាប្រេង និងឥន្ធនៈដទៃទៀតកើនឡើងកាលពីសប្ដាហ៍មុន។ ពោលគឺប្រេងកើនលើសមុន២,៤៨លានបារ៉ែលគិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា, សាំងកើនឡើង៣,១៤លានបារ៉ែល និងប្រេងពាក់កណ្ដាលសម្រេចកើនឡើង២,៨៨លានបារ៉ែល។ នេះបើយោងតាមប្រភពពីឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ