ទីក្រុងប្រ៊ុចសែល៖ អឺរ៉ុបចោទថាលោកពូទីនគ្រាន់តែសម្ដែងធ្វើជាចង់ចរចា។ ប៉ុន្តែធាតុពិតលោកគ្មានចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនទេ។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងអឺរ៉ុបយល់ថាលោកពូទីននៅក្នុងឱកាសជួបគ្នាជាមួយប្រេសិតពិសេសអាមេរិករយៈពេល៥ម៉ោងនោះលោកហាក់ដូចជាបង្ហាញការយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបិទបញ្ចប់សង្គ្រាម។ ប៉ុន្តែពួកគេ (អ៊ុយក្រែន និងអឺរ៉ុប) យល់ថានោះគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ។

ការថ្លែងដូច្នេះបន្ទាប់ពីកិច្ចជំនួបនោះមិនបានសម្រេចលទ្ធផលដូចការរំពឹងទុកទេ។ គ្រាន់តែថាភាគីទាំង២អាមេរិក និងរុស្ស៊ីឯកភាពគ្នាថានឹងជួបគ្នាជាបន្តទៀត។ ប្រតិកម្មចំពោះការជួបគ្នាជាច្រើនលើកច្រើនសាហើយនៅតែមិនឃើញលទ្ធផល រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកអានឌ្រី ស៊ីប៊ីហា (Andrii Sybiha) ថ្លែងថាលោកពូទីនគួរឈប់ធ្វើឱ្យពិភពលោកចំណាយពេលខ្ជះខ្ជាយតទៅទៀត។

ប្រតិកម្មក៏មានផងដែរពីអង់គ្លេស។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្លែងថាលោកពូទីនគួរបិទបញ្ចប់ការបង្ហូរឈាម ហើយគួរត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចូលតុចរចាគ្នាឱ្យមានសន្តិភាពដោយយុត្តិធម៌ និងយូរអង្វែងនៅអ៊ុយក្រែនដើម្បីជាប្រយោជន៍សម្រាប់សន្តិសុខរបស់អឺរ៉ុប។ លោកពូទីនបានទទួលជួបប្រេសិតពិសេសរបស់លោកត្រាំគឺលោកស្ទីតវីតខូស និងកូនប្រសារបស់លោកត្រាំ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកជាថ្មីម្ដងទៀតក្នុងការដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព។

លើកនេះ រុស្ស៊ី និងអាមេរិកឯកភាពគ្នាថានឹងមិនបញ្ចេញឱ្យសាធារណជនបានដឹងអំពីលទ្ធផលនៃកិច្ចជំនួបទេ។ ប៉ុន្តែយ៉ាងហោចណាស់មានចំណុចមួយដែលគេអាចដឹងទាំងអស់គ្នា។ នោះគឺការទាមទាររបស់រុស្ស៊ីដើម្បីគ្រប់គ្រងទឹកដីអ៊ុយក្រែនមួយផ្នែកដែលគេចាត់ទុកថាជាឧបសគ្គធំរារាំងកិច្ចព្រមព្រៀងសន្តិភាព។ ទីប្រឹក្សារបស់លោកពូទីនគឺលោកអ៊ូសាកូសថ្លែងថារហូតមកដល់ពេលនេះ ភាគីទាំង២មិនទាន់ឈានដល់ចំណុចធ្វើសម្បទានឱ្យគ្នាទៅវិញទៅមកទេពាក់ព័ន្ធនឹងបញ្ហាបូរណភាពទឹកដី។ លោកបញ្ជាក់ថាបើអ៊ុយក្រែនមិនព្រមកាត់ទឹកដីទៅឱ្យរុស្ស៊ីទេកុំសង្ឃឹមថារុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាម។ ចំណែកអ៊ុយក្រែនក៏បានបញ្ជាក់ជំហរជាបន្តបន្ទាប់ផងដែរថាខ្លួនមិនព្រមប្រគល់ទឹកដីទៅឱ្យរុស្ស៊ីជាដាច់ខាត។

លោកអ៊ូសាកូសចាត់ទុកការសន្ទនាគ្នាលើកនេះមានប្រយោជន៍, បែបស្ថាបនា និងប្រកបដោយសាច់ការគ្រាន់បើដែរ។ លោកគ្រាន់តែនិយាយជាលក្ខណៈច្បោលៗថាភាគីទាំង២បានពិភាក្សាគ្នាអំពីចំណុចគ្រោងៗនៃផែនការសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយអាមេរិក។ ប៉ុន្តែលោកមិនបាននិយាយចំណុចណាមួយដោយជាក់លាក់នោះទេ។ តាំងពីមុនកិច្ចជំនួបនេះ លោកពូទីនរិះគន់ថាអឺរ៉ុបព្យាយាមរារាំងកិច្ចព្រមព្រៀង។ លោកនិយាយឱ្យហេតុមិនល្អទុកជាមុនថារុស្ស៊ីមិនចង់វាយគ្នាជាមួយអឺរ៉ុបទេ។ ប៉ុន្តែក៏អត់ចាវជាមួយអឺរ៉ុបដែរ។ លោកថារុស្ស៊ីត្រៀមកម្លាំងវាយអឺរ៉ុបបើពួកគេចង់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។

អឺរ៉ុបចាប់ផ្ដើមជួយទំនុកបម្រុងអ៊ុយក្រែនកាន់តែខ្លាំង
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកអង្គការណាតូដែលជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលចាប់ផ្ដើមបង្ហាញការអស់ភាពអត់ធ្មត់ចំពោះប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីអេស្តូនីថ្លែងថាអ្វីដែលយើងមើលឃើញទាំងអស់គ្នាគឺថាលោកពូទីនមិនបានកែប្រែជំហររបស់គាត់ទេ។ គាត់រឹតតែដុតបញ្ឆេះសង្គ្រាមនៅលើសមរភូមិកាន់តែខ្លាំង។ ហេតុនេះច្បាស់ណាស់ថាគាត់មិនត្រូវការឱ្យមានសន្តិភាពទេ។

ចំណែករដ្ឋមន្ត្រីហ្វាំងឡង់ក៏និយាយស្រដៀងគ្នាដែរ។ លោកថារហូតមកដល់ពេលនេះ យើងមិនទាន់ឃើញរុស្ស៊ីធ្វើសម្បទានសូម្បីតែបន្តិច។ វិធានការដែលល្អប្រសើរបំផុតគឺត្រូវចាប់ផ្ដើមចេញដំណើរពីការសម្រេចឱ្យបានបទឈប់បាញ់ដ៏ពេញលេញមួយ។ ខាងលើនេះជាការដកស្រង់ប្រភពពីអេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ