រាជធានីភ្នំពេញ ៖ កម្ពុជា ថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបន្តឈរជាមួយកម្ពុជា និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្សល់ទុកដោយសង្គ្រាមអស់ជាច្រើនទសវត្សរ៍ ។
ការថ្លែងអរគុណរបស់កម្ពុជាខណៈ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីជាមួយ លោក Stefan Delfs នាយកទទួលបន្ទុកផ្នែកសកម្មភាពមីនមនុស្សធម៌ នៃក្រសួងការបរទេសអាឡឺម៉ង់ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា កាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ដំណើរការដឹកនាំអនុសញ្ញាអូតាវ៉ា ក្នុងភាពជាប្រធានរបស់កម្ពុជា រយៈពេល ១ឆ្នាំ រហូតទទួលបានជោគជ័យ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តទៀតថា វឌ្ឍនភាពនៃសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា បានមកពីការរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានធ្វើឱ្យជីវិភាពរស់នៅរបស់ប្រជាជន និងសហគមន៍ មានការរីកចំរើនជាងមុន។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម លី ធុជ បានលើកឡើងអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព ក៏ដូចជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ឯកឧត្ដម បញ្ជាក់ទៀតថា ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែង ថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។
ជាមួយគ្នានោះ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបន្តឈរជាមួយកម្ពុជា និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្សល់ទុកដោយសង្គ្រាមអស់ជាច្រើនទសវត្សរ៍ ព្រមទាំងស្នើសុំឱ្យប្រទេសអាល្លឺម៉ង់បន្តគាំទ្រការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅ កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

ចែករំលែកព័តមាននេះ