ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ជំពាក់​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ ក្លាយជា​ហិង្សា កូនបំណុល​ស្លាប់ ម្ចាស់បំណុល​ជាប់​ខ្នោះ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ម្នាក់ បាន​ជំពាក់​ប្រាក់​ថ្លៃ​កា​តុង ថៅកែ​ជនជាតិ​ចិន​ម្នាក់​ទៀត ជាង​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​រយៈពេល​ជាង​១​ឆ្នាំ មក​ហើយ អត់​ទាន់​សង​នៅឡើយ បន្ទាប់​មក​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត…

រាជធានី​ភ្នំពេញ ៖ ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ម្នាក់ បាន​ជំពាក់​ប្រាក់​ថ្លៃ​កា​តុង ថៅកែ​ជនជាតិ​ចិន​ម្នាក់​ទៀត ជាង​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​រយៈពេល​ជាង​១​ឆ្នាំ មក​ហើយ អត់​ទាន់​សង​នៅឡើយ បន្ទាប់​មក​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត ជា​ប្រធាន​ផ្នែក​ទីផ្សារ​រោងចក្រ​ផលិត​កា​តុង បាន​បើករថយន្ត​១​គ្រឿង ទៅ​ទារប្រាក់​ដល់​រោងចក្រ​។ ពេល​នោះ ក៏​មាន​ទំនាស់​ជាមួយ​ថៅកែ​រោងចក្រ ដែល​ជា​កូនបំណុល​នោះ ហើយ​ក៏​ត្រូវ​ថៅកែ​រូប​នោះ និង​កូនប្រុស​ម្នាក់​ចាប់​វាយ (​កូនប្រុស​អ្នក​ចាប់ ឪពុក​អ្នក​វាយ​) ខណៈនោះ​ដោយសារ​តែ​មានការ​ភិតភ័យ ប្រធាន​ផ្នែក​ទីផ្សារ ដែល​ជា​អ្នក​ទៅ​ទារប្រាក់ បាន​ឡើង​បើករថយន្ត​រត់​។ ពេល​នោះ ក៏​ជ្រុល​ទៅ​បុក​ថៅកែ​រោងចក្រ​ខាងលើ របួសធ្ងន់ និង​ស្លាប់ ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ បន្ទាប់​មក បុរស​នោះ ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ នេះ​បើ​តាម​ការ​អះអាង​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ។

អំពើ​ហិ​.​ង្សា​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​អូ​ឡៃ​ហ្វា ខេ​ម​បូ​ឌា ហ្គា​ម៉ិ​ន ខូ​អិ​ល ធី​ឌី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នៅ​ពុំ​ទាន់​មានការ​អះអាង​ប្រាប់​ឲ្យ​ដឹង​អំពី​អត្ត​សញ្ញា​ថៅកែ រោងចក្រ​ខាងលើ និង​ជា​កូនបំណុល ដែល​បាន​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​នោះ​នៅឡើយ​ទេ ។ ចំណែក​បុរស ដែល​ទៅ​ទារប្រាក់​បំណុល និង​បើករថយន្ត​បុក​បណ្ដាល​ឲ្យ​ថៅកែ​រោងចក្រ​ខាងលើ​ស្លាប់​នោះ ក៏​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត់សញ្ញាណ​នោះ​ដែរ ។​ដឹង​ត្រឹម​ថា​បុរស​នេះ​ជា​ប្រធាន​ផ្នែក​ទីផ្សារ នៅ​រោងចក្រ​ផលិត​កា​តុង ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ដំបូង កម្លាំង​នគរបាល​បាន​ទទួល​ដំណឹង​មក​ថា មាន​ករណី​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​បំ​បុក​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់​ទៀត ដែល​ជា​ថៅកែ​រោងចក្រ ផ្ទប់​ជញ្ជាំង​រោងចក្រ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បានកូន​ប្រុស បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល ក្រោយមក​ថៅកែ​រូប​នោះ ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង​នគរបាល ក្រោម​ឱវាទ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ដល់ទី​តាំង​កើតហេតុ ទើប​ដឹង​ថា ជា​រឿង​ជន​រង​គ្រោះ និង​កូនប្រុស វាយ​អ្នក​ទៅ​ទារបំណុល ហើយ​អ្នក​ទារបំណុល​ភ័យ ក៏​បើករថយន្ត រត់​ជ្រុល​ទៅ​បុក បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជនជាតិ​ចិន ដែល​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ទីផ្សារ​រោងចក្រ​ផលិត​ក្រដាស់កាតុង បាន​បើកបរ​រថយន្ត​១​គ្រឿង ម៉ាក​តូ​យ៉ូ​តា​រ៉ា​ស់ ទៅ​ទារប្រាក់​ពី​ថៅកែ​រោងចក្រ​(​អ្នក​ស្លាប់​)​ខាងលើ ដល់​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​អូ​ឡៃ​ហ្វា ខេ​ម​បូ​ឌា ហ្គា​ម៉ិ​ន ខូ​អិ​ល ធី​ឌី​»​នោះ ។ ចំណែក​ប្រាក់ ដែល​ជំពាក់​នោះ​មាន​ចំនួន ៣៤,០០០​ដុល្លារ ថ្លៃ​ទិញ​ក្រដាស់កាតុង ហើយ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ មិន​ទាន់​បាន​ទូទាត់​នៅឡើយ លុះ​ពេល​ទៅ​ដល់​ថៅកែ​រោងចក្រ​បាន​ប្រាប់​ថា សង​ខ្លះ ប៉ុន្តែ​ម្ចាស់បំណុល​អត់​ព្រមយក ។ ខណៈនោះ ក៏​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា ហើយ​ក៏​ត្រូវ​ថៅកែ​រូប​នោះ និង​កូនប្រុស​ម្នាក់ ចាប់​វាយ (​កូនប្រុស​អ្នក​ចាប់ ឪពុក​អ្នក​វាយ​) ពេល​នោះ ដោយសារ​តែ​ម្នាក់ឯង​មានការ​ភិតភ័យ បុរស​ដែល​ទៅ​ទារបំណុល​នោះ​បាន​និយាយ​ថា ខ្លួន​ឈប់​យក​ប្រាក់​នោះ​ហើយ ។

នគរបាល​ខាងលើ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ពេល​នោះ ថៅកែ​រោងចក្រ ដែល​ជា​កូនបំណុល បាន​និយាយ​ថា អត់​ទេ អញ​វាយ​ឯង​ឲ្យ​ងាប់​តែ​ម្ដង ស្រប​ពេល​មាន​ស្ត្រី​ផ្នែក​គណនេយ្យ​ម្នាក់ បើកទ្វារ​បន្ទប់​ចូល​ទៅ បុរស​អ្នក​ទារប្រាក់ បាន​ស្ទុះ​រត់​ចេញ​ក្រៅ​ចុះ​ទៅ​ក្រោម ហើយ​ក៏​មាន​ខ្មែរ​ម្នាក់ វាយ​បន្ថែម​ទៀត​។ បន្ទាប់​មក បុរស​នោះ​ក៏​បាន​រត់​ចូល​ទៅ​ក្នុង​រថយន្ត ដើម្បី​បើក​ចេញ ហើយ​ត្រូវ​សន្តិសុខ​បិទទ្វារ​អត់​ឲ្យ​ចេញ តែ​បុរស​នោះ​នៅ​តែ​ព្យាយាម​បើក​ទៅ​មុខ ក៏​ជ្រុល​ទៅ​បុក​ថៅកែ​រោងចក្រ​រូប​នោះ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​បែប​នេះ​តែ​ម្ដង ។

នគរបាល​រូប​នោះ បាន​អះអាង​ប្រាប់​ផង​ដែរ​ថា ក្រោយ​ពេល​កើតហេតុ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​បញ្ជា​កម្លាំង ឲ្យ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ពិនិត្យ​ឃើញ​រថយន្ត​របស់​បុរស ដែល​ជា​អ្នក​ទារប្រាក់ និង​ជា​អ្នក​បើករថយន្ត​បុក​មនុស្ស​ស្លាប់​នោះ មាន​ស្នាម​ខូចខាត​ដោយ​ការ​វាយ​ផង​ដែរ បន្ទាប់​មក​ទៀត កម្លាំង​ក៏​បាន​ឃាត់ខ្លួន​បុរស​នោះ រួច​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ