ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថាលោកពូទីនបានទទួលយកចំណុចខ្លះដែលមានចែងនៅក្នុងសេចក្ដីព្រាងនៃផែនការសន្តិភាព ហើយលោកច្រានចោលចំណុចខ្លះ។ ទោះជាយ៉ាងណាក្ដីបើនិយាយជារួម រុស្ស៊ីនៅតែត្រៀមចិត្តត្រៀមកាយជានិច្ចដើម្បីជួបគណៈប្រតិភូរបស់អាមេរិកជាថ្មីទៀត។ ទោះបីជួបគ្នាច្រើនដងយ៉ាងណាក៏ដោយក៏មិនចេះនឿយណាយដែរ។ ធ្វើម៉េចឱ្យតែអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស ថ្លែងដូចខាងលើនេះក្រោយការជួបគ្នា៥ម៉ោងរវាងលោកពូទីនជាមួយទីប្រឹក្សារបស់លោកត្រាំពីររូបគឺកូនប្រសារបស់លោក និងលោកស្ទីវវីតខូស។ កាលពីមុននេះ ទីប្រឹក្សាលោកពូទីនគឺលោកយូរី អ៊ូសាកូស (Yuri Ushakov) ថ្លែងថាភាគីទាំង២មិនទាន់ឈានដល់ការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមកនៅឡើយទេ។

នៅពេលអ្នកសារព័ត៌មានសួរថាតើវាជាការត្រឹមត្រូវដែរឬទេបើសិនគេនិយាយថាផែនការសន្តិភាពដែលស្នើឡើងដោយអាមេរិកនោះត្រូវលោកពូទីនច្រានចោលហើយ? លោកប៉េស្កូសឆ្លើយតបថាការពិតមិនដូច្នេះទេ។ មិ្សលមិញជាលើកទី១ដែលមានការផ្លាស់ប្ដូរយោបល់គ្នាដោយផ្ទាល់។ ចំណុចខ្លះក៏លោកពូទីនទទួលយកដែរ ហើយចំណុចខ្លះមិនអាចទទួលយកបានឡើយ។ នេះជារឿងធម្មតានៅក្នុងដំណើរការចរចាដើម្បីស្វែងរកការព្រមព្រៀងគ្នា។

លោកប៉េស្កូសថ្លែងបន្តទៀតថារុស្ស៊ីសូមអរគុណលោកត្រាំដែលខិតខំនៅក្នុងរឿងនេះ។ ប៉ុន្តែរុស្ស៊ីសូមមិនធ្វើអត្ថាធិប្បាយច្រើនទេពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចជំនួបជាមួយគណៈប្រតិភូអាមេរិកព្រោះការបញ្ចេញឱ្យដឹងជាសាធារណៈមិនបានជាប្រយោជន៍អ្វីឡើយ។ យោងតាមអ្នកនាំពាក្យរូបនេះ ភាគីទាំង២នៅតែបន្តធ្វើការកម្រិតអ្នកជំនាញព្រោះមានតែវិធីនេះទេទើបអាចឈានទៅដល់ការជួបគ្នាកម្រិតកំពូល។

ផែនការសន្តិភាពរបស់លោកត្រាំដែលមាន២៨ចំណុចត្រូវបានទម្លាយដោយសារព័ត៌មានកាលពីខែវិច្ឆិកា ហើយធ្វើឱ្យអ៊ុយក្រែន និងអឺរ៉ុបភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេយល់ថាផែនការនោះហាក់ដូចជាលំអៀងទៅខាងរុស្ស៊ីខ្លាំងពេក។ ហេតុនេះ ពួកអឺរ៉ុបក៏ចេញមុខប្រឆាំងផែនការនោះ។ ក្រោយពេលជួបគ្នានៅប្រទេសស្វីស គណៈប្រតិភូអាមេរិក និងអ៊ុយក្រែនអះអាងថាពួកគេបានយកផែនការនោះទៅកែសម្រួលឡើងវិញ និងធ្វើបច្ចុប្បន្នភាព។ លោកពូទីនថាអាមេរិកខិតខំណាស់ក្នុងការបិទបញ្ចប់សង្គ្រាម ណាស់តែអឺរ៉ុបទៅវិញទេដែលចូលចិត្តយកជើងរាទឹក។ លោកថាអឺរ៉ុបដាក់លក្ខខណ្ឌដែលពួកគេដឹងទុកជាមុនថារុស្ស៊ីនឹងមិនព្រមទទួលយកជាដាច់ខាត។

ជំនួយការលោកពូទីនគឺលោកអ៊ូសាកូសថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការជួបគ្នា៥ម៉ោងនោះថារុស្ស៊ីកាលពីមុននេះធ្លាប់ទទួលបានផែនការសន្តិភាព២៧ចំណុច។ ក្រោយមក រុស្ស៊ីទទួលបានសំណុំឯកសារចំនួន៤ថែមទៀត។ លោកពូទីនថ្លែងកាលពីសប្ដាហ៍មុនថាអាមេរិក និងអ៊ុយក្រែនបានបែងចែកផែនការដើមជាបួនចំណែក។ ប៉ុន្តែសេចក្ដីលម្អិតនៅក្នុងផែនការនោះមិនត្រូវគេទម្លាយឱ្យដឹងជាសាធារណៈទេ។ នេះបើតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ