ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន​កម្ពុជា ​បញ្ជាក់​ប្រាប់​អគ្គលេខាធិការ​រង UN អំពី​បញ្ហា​ប្រឈម​ស្មុគស្មាញ​ចំពោះ​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Izumi…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Izumi Nakamitsu អគ្គលេខាធិការ​រង ​អង្គការសហប្រជាជាតិ និង​ជា​តំណាង​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​និ​សព្វាវុធ​ការ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​សកម្មភាព​មីន ​។

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មកនេះ​។ ក្នុង​នោះ​កម្ពុជា​ បាន​ប្រែក្លាយ​ពី​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ ដែល​មាន​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​មីន ទៅ​ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការ​បោសសម្អាត ការ​គ្រប់គ្រង​ព័ត៌មាន និង​ការ​គាំទ្រ​ជន​រង​គ្រោះ​ដែល​បន្ត​រស់រាន​មានជីវិត ​។

បន្ថែម​លើ​នេះ កម្ពុជា​បន្ត​រួមចំណែក​ក្នុង​ការ​បោសសម្អាត​មីន ក្រោម​ក្របខ័ណ្ឌ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ហើយ​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ​ប្រចាំ​កម្ពុជា ក៏​បាន​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​ជាស​កល តាម​រយៈ​ការ​បណ្តុះបណ្តាល ទស្សនកិច្ច​សិក្សា និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​រង​គ្រោះ​ដោយសារ​មីន​ផ្សេង​ទៀត​។ ឯកឧត្តម​បណ្ឌិត គូសបញ្ជាក់​ទៀត​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​សកម្មភាព​មីន គឺ​ដោយសារ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ឆន្ទៈ​ដ៏​មោះមុត​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន ក្នុង​នោះ​ផង​ដែរ ក៏​មានការ​ចូលរួម​ចំណែក​មិន​អាច​កាត់ថ្លៃ​បាន​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ ក៏​បាន​បញ្ជាក់​អំពី​ភាព​ស្មុគស្មាញ និង​បញ្ហា​ប្រឈម​នានា​ចំពោះ​បញ្ហា​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ប្រជាជន​ស៊ី​វិល និង​កង​កម្លាំងយោធា ព្រមទាំង​ត្រូវការ​ពេលវេលា និង​ធនធាន​ច្រើន​សម្រាប់​ធ្វើការ​ដោះស្រាយ​។ ប៉ុន្តែ​ទោះបី​យ៉ាងណា កម្ពុជា​នឹង​បន្ត​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ ការ​សន្ទនា និង​ផ្អែក​លើ​ទិដ្ឋភាព​បច្ចេកទេស ជាមួយ​ប្រទេស​ជិតខាង ដើម្បី​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​។

លោកស្រី Izumi Nakamitsu បាន​ទទួលស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ហើយ​លោកស្រី​បាន​ចាត់​ទុក​កិច្ចការ​បោសសម្អាត​មីន គឺជា​បន្ទុក​ដ៏​ធំ​របស់​កម្ពុជា​ដែល​ត្រូវ​ដោះស្រាយ​។ ដោយឡែក ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​កម្ពុជា​-​ថៃ លោកស្រី Izumi Nakamitsu បាន​សំណូមពរ​ឱ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ