ទីក្រុងម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូស (Sergey Lavrov) ថ្លែងថារដ្ឋាភិបាលរបស់លោកបានពិនិត្យរួចហើយ ហើយមិនឃើញមានភស្តុតាងបញ្ជាក់ថាអ៊ីរ៉ង់កំពុងស្វះស្វែងរកការផលិតអាវុធនុយក្លេអ៊ែរនោះទេ។ លោកថ្លែងដូច្នេះនៅពេលសង្គ្រាមបន្តផ្ទុះឡើងយ៉ាងក្ដៅគគុក។ សង្គ្រាមពេលនេះលែងមួយទល់នឹងពីរទៀតហើយព្រោះមានក្រុមហេសបូឡាជួយខាងអ៊ីរ៉ង់ដែរ។

ថ្មីៗនេះ លោកដូណាល់ត្រាំបានបង្ហាញអំពីហេតុផលមួយចំនួនដើម្បីជាសម្អាងសម្រាប់លោកវាយប្រហារអ៊ីរ៉ង់ក្រោមកិច្ចសហការយ៉ាងពេញទំហឹងពីអ៊ីស្រាអែល។ កាលពីថ្ងៃចន្ទ លោកថ្លែងថាលោកបានបញ្ជាឱ្យយោធាអាមេរិកវាយអ៊ីរ៉ង់ដើម្បីកម្ចាត់ឱ្យដល់ឫសគល់នូវកម្មវិធីមីស៊ីលអន្តរទ្វីប និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកឡាវរ៉ូសថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេថាយើងគ្មានឃើញភស្តុតាងដែលបញ្ជាក់ថាអ៊ីរ៉ង់កំពុងផលិតនុយក្លេអ៊ែរទេ។

លោកចង់មានន័យថាការវាយប្រហារអ៊ីរ៉ង់ក្រោមហេតុផលនុយក្លេអ៊ែរនោះគ្រាន់តែជាលេស ឬភាពសមហេតុផលប៉ុណ្ណោះ។ មិនទាន់បានអ្វីផង សង្គ្រាមត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ផលវិបាកចាប់ផ្ដើមកើតមានពាសពេញតំបន់មជ្ឈិមបូព៌ា។ អ្នកដែលខាតបង់ធ្ងន់ទាំងសេដ្ឋកិច្ច និងអាយុជីវិតរបស់មនុស្សគឺបណ្ដាប្រទេសអារ៉ាប់។ នៅក្នុងន័យនេះ លោកចង់បញ្ជាក់អំពីជំហររបស់រុស្ស៊ីដែលចង់ឃើញភាគីទាំងអស់ឈប់ប្រទូស្តរ៉ាយគ្នា។

លោករដ្ឋមន្ត្រីរូបនេះថ្លែងបន្តទៀតថាជាជំហានដំបូងដែលមិនត្រូវការដាក់លក្ខខណ្ឌអ្វីទេ យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីបញ្ឈប់សកម្មភាពនាំឱ្យស្លាប់ និងរបួសជនស៊ីវិល។ លោកបានរំលេចឱ្យឃើញការវាយប្រហាររបស់អ៊ីស្រាអែល ឬអាមេរិកទៅលើសាលារៀនមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន។ សារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ផ្សាយថាអ៊ីស្រាអែល និងអាមេរិកវាយប្រហារសាលារៀននោះស្លាប់ជាង១៦០នាក់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ (Rubio) អះអាងថាយោធាអាមេរិកមិនមានទម្លាប់វាយប្រហារសលារៀនដោយចេតនានោះទេ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ