រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជា បានស្នើដល់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណៈជន កុំយកបញ្ហាមរណភាពរបស់កម្មការិនីម្នាក់នៅរោងចក្រ ខេមបូ យូនីសូល មកកេងចំណេញបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំពីសាធារណៈជន។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានចែករំលែក និងបញ្ចេញមតិមិនសមរម្យជុំវិញព័ត៌មានទាក់ទងនឹងមរណភាពរបស់កម្មការិនីម្នាក់ថា បង្ខំឱ្យធ្វើការហួសកម្លាំង ឬមិនអនុញ្ញាត់ច្បាប់សម្រាកជាដើម ខណៈដែលពួកគេមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងដឹងច្បាស់ពីមូលហេតុពិតប្រាកដនោះទេ។

ករណីនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា(NLC) បានកត់សម្គាល់ឃើញថា ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនពិតជាបានចែករំលែក និងបញ្ចេញមតិមិនសមរម្យនៅលើបណ្ដាញសង្គម ដើម្បីចង់បានការចាប់អារម្មណ៍ពីអ្នកមើល អ្នកចែករំលែក និងអ្នកបញ្ចេញមតិនានា ប៉ុន្ដែពួកគាត់មិនទទួលបានព័ត៌មានពិតប្រាកដនោះទេ។

លោកបន្តថា ការបញ្ចេញមតិដែលផ្ទុយពីការពិត គឺជាការមិនឱ្យតម្លៃទៅលើជនរងគ្រោះដែលបានទទួលមរណភាព និងជាការកេងចំណេញយកផលប្រយោជន៍ពីជនរងគ្រោះដោយមិនសមហេតុផល។ លោកថា ជនគ្រោះ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.) ដើម្បីផ្ដល់អត្ថប្រយោជន៍នានាជូនដល់ជនរងគ្រោះទៅតាមច្បាប់។
ថ្នាក់ដឹកនាំសហជីពរូបនេះបញ្ជាក់ថា៖«ខ្ញុំក៏បានឃើញមានបងប្អូនយើងអ្នកប្រើប្រាស់បណ្ដាញសង្គម យករូបភាព ឬក៏ចែករំលែកព័ត៌មាន ដោយបន្ថែមបន្ថយខ្លឹមសារមិនត្រឹមត្រូវ ដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណៈជន។ រឿងនេះ ខ្ញុំក៏បានឃើញខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានពន្យល់ បកស្រាយពីការពិតរួចហើយដែរ។ ដូចនេះ សូមបងប្អូនជឿជាក់ទៅលើមន្ត្រីជំនាញក្រសួង ហើយឈប់ចែករំលែងព័ត៌មានមិនពិតបន្តទៀត»។
ចំពោះលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា ការលើកឡើងតាមរយៈបណ្ដាញសង្គមជុំវិញករណីនេះ គឺជារឿងមិនសមហេតុផល និងមិនអាចទទួលយកបានទេ។ ករណីនេះធ្វើឱ្យប៉ះពាល់ដល់វិស័យការងារ និងបង្កការភ័យខ្លាចដល់បងប្អូនកម្មករ កម្មការិនីដែលកំពុងបម្រើការងារនៅតាមរោងចក្រផ្សេងៗទៀត។

លោកបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម កុំបន្តចែករំលែកព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងការយល់ច្រឡំដល់សាធារណៈជន។ លោកបានស្នើកុំឱ្យយកករណីដ៏ក្រៀមក្រំរបស់កម្មករនៅក្នុងរោងចក្រខេត្តកណ្តាលនេះ ធ្វើជាអាជីវកម្ម និងទាញយកប្រជាប្រិយភាពផ្ទាល់ខ្លួន។
លោក ហ្វា សាលី បានបញ្ជាក់ថា៖«ក្នុងនាមក្នុងជាថ្នាក់ដឹកនាំសហជីពមួយរូប ខ្ញុំសូមបដិសេធមតិលើកឡើងថា ព្រោះអាហារបីពេល ប្រឹងធ្វើការរហូតដល់ស្លាប់ អ្នកខ្លះថា ពិបាកសុំច្បាប់ ទើបធ្វើឱ្យគាត់ស្លាប់ ខ្លះថា អាចមកពីឆក់ខ្សែភ្លើង ឬការបង្ខំឱ្យធ្វើការរហូតដល់ដាច់ខ្យល់ជាដើម។ ការលើកឡើងទាំងអស់នេះ គឺជារឿងមិនពិត គឺវាហាក់ដូចជា ប្រទេសយើង គ្មានក្រសួងការងារ គ្មានសហជីព និងគ្មានមន្ត្រីជំនាញធ្វើការងារត្រឹមត្រូវ។ ដូចនេះ ការបញ្ចេញមតិនេះ មិនអាចទទួលយកបានទេ ហើយសូមកុំលើកឡើងហួសពីការពិត»។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានពន្យល់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា ដំបូងនៃគ្រោះថ្នាក់គឺ ផ្ដើមចេញពីការមើលព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ជាមួយកម្មករក្នុងផ្នែកដូចគ្នានៅម៉ោង ៧ព្រឹក ដែលធ្វើឱ្យកម្មការិនី យឹម រីន មានការតក់ស្លុត និងភិតភ័យទន់ដៃ ទន់ជើង ដួលធ្លាក់ពីតុម៉ាស៊ីនដេរ និងបានបាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យ បើទោះបីជាមានការជួយសង្គ្រោះបឋមភ្លាមៗក្នុងរោងចក្រក៏ដោយ។
ករណីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា សម្ពាធឈាមរបស់កម្មការិនី យឹម រីន បានឡើងខ្លាំងដែលធ្វើឱ្យដាច់សរសៃឈាមក្នុងខួរក្បាលដែលបណ្តាលឱ្យបាត់បង់ជីវិត។ ដោយឡែកកម្មករ ២០នាក់ផ្សេងទៀត ដែលនៅជុំវិញ ឃើញអាការៈរបស់កម្មការិនី យឹម រីន ក៏មានអារម្មណ៍ភិតភ័យ និងដួលសន្លប់តែម្តង ប៉ុន្តែជាករណីស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នពួកគាត់បានទៅសម្រាកនៅគេហដ្ឋានរៀងៗខ្លួន៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ