ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ អាមេរិកអំពាវនាវឱ្យជនជាតិរបស់ខ្លួនប្រញាប់ចាកចេញនៅក្នុងពេលឥឡូវនេះពីប្រទេសជាងដប់នៅមជ្ឈិមបូព៌ា ស្របពេលដែលសង្គ្រាមអ៊ីរ៉ង់ទល់នឹងអាមេរិក និងអ៊ីស្រាអែលគ្មានសញ្ញាថមថយនៅឡើយទេ ប៉ុន្តែរីករាលដាលកាន់តែខ្លាំងឡើងៗ។ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីម៉ូរ៉ា ណាំដា (Mora Namdar) បង្ហោះសារនៅលើបណ្ដាញអ៊ិចថា «រដ្ឋមន្ត្រីការបរទេស ក៏ដូចជាក្រសួងការបរទេសអាមេរិកសូមអំពាវនាវឱ្យពលរដ្ឋអាមេរិកាំងត្រូវតែចាកចេញនៅក្នុងពេលឥឡូវនេះពីបណ្ដាប្រទេសមួយចំនួនដូចរៀបរាប់ខាងក្រោមដោយប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ។ ការអំពាវនាវយ៉ាងដូច្នេះដោយសារហានិភ័យមានកម្រិតខ្ពស់បំផុត»។

ប្រទេសដែលពួកគេត្រូវចាកចេញនោះមានដូចជាបារ៉ែន, អេហ្ស៊ីប, អ៊ីរ៉ង់, អ៊ីរ៉ាក់, អ៊ីស្រាអែល, តំបន់វេសស្បេង, តំបន់ហ្កាហ្សា, ប្រទេសហ្សកដាន (ឬហ្សកដង់), គូវែត, លីបង់, អូម៉ង់ (ឬអូម៉ាន), កាតា, អារ៉ាប៊ីសាអូឌីត, ស៊ីរី, អារ៉ាប់រួម និងយេម៉ែន។ អ្នកដែលត្រូវការជំនួយដើម្បីចាកចេញដំណើរតាមយន្តហោះពាណិជ្ជកម្ម ពួកគេគួរទាក់ទងតាមលេខទូរស័ព្ទពិសេសរបស់ក្រសួងការបរទេសអាមេរិកដែលបើកដំណើរការ២៤ម៉ោងលើ២៤ម៉ោង។

អ៊ីស្រាអែលក្រោមកិច្ចសហការពីអាមេរិក បានបន្តបាញ់ប្រហារគ្នាទៅវិញទៅមកទល់នឹងអ៊ីរ៉ង់ដោយប្រើប្រាស់យន្តហោះចម្បាំង, រ៉ុកកែត, មីស៊ីល និងដ្រូន ជាហេតុធ្វើឱ្យស្ថានការណ៍នៅក្នុងតំបន់កំពុងរញ៉េរញ៉ៃយ៉ាងខ្លាំង។ ឆ្លើយតបទៅនឹងការវាយប្រហារមកលើខ្លួន អ៊ីរ៉ង់ក៏បានបាញ់តម្រង់ទៅរកមូលដ្ឋានទ័ពអាមេរិក ឬទ្រព្យសម្បត្តិរបស់អាមេរិកនៅប្រទេសមួយចំនួននៃតំបន់មជ្ឈិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីត, កាតា, អារ៉ាប់រួម, បារ៉ែន, ហ្សកដង់ និងគូវែត។ ហេតុនេះប្រទេសខ្លះនៅក្នុងចំណោមនោះត្រូវតែបង្ខំចិត្តបិទដែនអាកាសរបស់ខ្លួន ជាហេតុធ្វើឱ្យជើងហោះហើរត្រូវរឹតត្បិតមកចំនួនតិចតួចតែប៉ុណ្ណោះ។

ឥឡូវនេះ សង្គ្រាមរីករាលដាលទៅដល់ប្រទេសខ្លះដែលមិនចង់ពាក់ព័ន្ធនឹងសង្គ្រាមនេះទេដូចជាប្រទេសលីបង់ជាដើម។ ប្រទេសនេះរងការវាយប្រហារដ៏ខ្លាំងក្លាពីយោធាអ៊ីស្រាអែល។ តាមពិតគោលដៅអ៊ីស្រាអែលមិនចង់ប៉ះពាល់រដ្ឋាភិបាលលីបង់ទេ ពួកគេចង់វាយប្រហារទីតាំងរបស់ក្រុមហេសបូឡាដែលគាំទ្រអ៊ីរ៉ង់។ សម្រាប់ពេលនេះ ជនជាតិអាមេរិកនៅមជ្ឈិមបូព៌ាច្រើនលាក់ខ្លួននៅក្នុងសណ្ឋាគារ, កន្លែងធ្វើការ និងផ្ទះជួល។ ពួកគេមិនទាន់ដឹងច្បាស់ថាតើត្រូវវិលត្រឡប់ទៅប្រទេសរបស់ខ្លួនតាមវិធីណា និងនៅពេលណាទេ។

ជនជាតិអាមេរិកខ្លះបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះក្រសួងការបរទេសរបស់ខ្លួនដែលមិនព្រមគិតគូរឱ្យបានដិតដល់ចំពោះប្រជាជនរបស់ខ្លួន។ ខុសពីចក្រភពអង់គ្លេស អង់គ្លេសគេត្រៀមដឹកប្រជាជនគេរាប់សែននាក់ដែលកំពុងជាប់គាំងនៅមជ្ឈិមបូព៌ាត្រឡប់ទៅមាតុភូមិវិញនៅពេលដែនអាកាសចាប់ផ្ដើមបិទជាបណ្ដើរៗ៕ ប្រភព៖ ដឹហ៊ីល (The Hill) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ