រាជធានីភ្នំពេញ ៖ បន្ទាប់ពីកោះសន្តិភាព ផ្សាយពីទឹកស្អុយ ជនលិចផ្លូវ រាប់ខែនៅសង្កាត់កាកាបទី២ រួចមក អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យទឹកស្អុយជន់លិចផ្លូវ ដោយសារម្ចាស់ដីឡូតិ៍ ចំនួន២(ប្រវែង២០ម៉ែត្រ) នៅចំណុចនោះ មិនបានសហការជាមួយអាជ្ញាធរ ដោយដាក់លូភ្ជាប់ ដើម្បីរំដោះទឹកទេ បន្ទាប់ពីប្រជាពលរដ្ឋនៅជុំវិញ បានដាក់លូ រួចជាស្រេចហើយនោះ ។
តាមមន្ត្រីសាធារណការខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីមានការដាក់ប្រព័ន្ធលូរំដោះទឹករបស់ប្រជាពលរដ្ឋនៅចំណុចនោះ អាជ្ញាធរក៏បានចុះទៅសម្របសម្រួលជាមួយម្ចាស់ដីគីឡូតិ៍ខាងលើ ដើម្បីឲ្យដាក់ប្រព័ន្ធលូ ដើម្បីតភ្ជាប់តែម្ចាស់ដីខាងលើ ពុំបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការដាក់ប្រព័ន្ធលូរំដោះទឹកឡើយ ជាហេតុធ្វើឲ្យទឹកច្រាលចេញពីលូ បណ្ដាលឱ្យលិចផ្លូវ ។
តាមអាជ្ញាធរបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ អាជ្ញាធរខណ្ឌ នឹងប្រើគ្រឿងចក្រចុះទៅកាយបង្ហូរទឹកស្ទះចេញ ដើម្បីជំរុញឲ្យម្ចាស់ដីឡូតិ៍ដាក់លូ ដើម្បីរំដោះទឹក ។
គួរបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែ ស្ថិតនៅផ្លូវធំ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវទឹកស្អុយជន់លិចរាបខែ នៅរដូវប្រាំងនេះ និងកំពុងតែបង្កអោយផ្លូវរងការខូចខាតបណ្តើរៗព្រមទាំងប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ។
ដោយឡែក ប្រជាពលរដ្ឋបានឲ្យដឹងថា កំណាត់ផ្លូវនោះបានស្ទះលូ ហើយទឹកស្អុយហូរចេញជន់លិចផ្លូវប្រមាណ២ ទៅ៣ខែមកហើយ ដោយប្រជាពលរដ្ឋនៅតំបន់នោះ បានទប់ទំនប់មុខផ្ទះរបស់ខ្លួនជាកង់ៗ ដើម្បីធ្វើដំណើរចេញចូលផ្ទះរបស់ខ្លួនយ៉ាងវេទនាបំផុត ។
បន្ទាប់ពីមានការផ្សព្វផ្សាយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏បានប្រាប់ពីមូលហេតុ ដែលបណ្ដាលឲ្យទឹកស្អុយជាន់លិចមកពីប្រជាពលរដ្ឋជាម្ចាស់ដីឡូតិ៍(ឃ្លាំង) ចំនួន២កន្លែង ដែលនៅតំបន់នោះ មិនចូលរួមសហការដាក់លូ ដើម្បីរំដោះទឹក ៕








ចែករំលែកព័តមាននេះ