ទីក្រុងរីយ៉ាត៖ នៅទីបំផុត ស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាត (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត និងនៅគូវែតត្រូវតែបង្ខំចិត្តបិទទ្វារទាំងស្រុងបន្ទាប់ពីដ្រូនជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ហោះទៅវាយប្រហារទីកន្លែងទាំងនោះ។ អ៊ីរ៉ង់នៅតែមិនទាន់បន្ធូរដៃនៅឡើយទេក្នុងការវាយប្រហារសងសឹកទៅលើអាមេរិក និងអ៊ីស្រាអែល។ ទន្ទឹមនឹងនោះ ទាហានអ៊ីស្រាអែលចាប់ផ្ដើមរំកិលខ្លួនចូលប្រទេសលីបង់ភាគខាងត្បូងជាបណ្ដើរៗហើយ។

ការវាយប្រហារដោយដ្រូនទៅលើស្ថានទូតអាមេរិកនៅរីយ៉ាតធ្វើឱ្យមានភ្លើងឆេះ។ បុគ្គលិកស្ថានទូតត្រូវរក្សាគំលាតឱ្យឆ្ងាយពីបរិវេណស្ថានទូត។ កាលពីមុននោះបន្តិច អ៊ីរ៉ង់បានបញ្ជូនដ្រូនជាច្រើនគ្រឿងទៅវាយប្រហារស្ថានទូតអាមេរិកប្រចាំប្រទេសគូវែតផងដែរ។ ឥឡូវនេះ អ៊ីរ៉ង់លែងគិតច្រើនហើយ ឱ្យតែទីតាំងរបស់អាមេរិក ឬផលប្រយោជន៍របស់អាមេរិកគឺអ៊ីរ៉ង់វាយប្រហារទាំងអស់។ ពោលគឺខុសពីពេលមុនដែលអ៊ីរ៉ង់វាយប្រហារគោលដៅយោធាតែប៉ុណ្ណោះ។

ហេសបូឡាដែលជាចលនាប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ក៏បន្តវាយប្រហារទៅលើអ៊ីស្រាអែលផងដែរ។ ពួកគេអះអាងថាបានបាញ់មីស៊ីល២គ្រាប់កាលពីយប់មិញទៅលើមូលដ្ឋានយោធានៅភាគខាងជើង។ ជាការឆ្លើយតប អ៊ីស្រាអែលបន្តវាយប្រហារដាក់មូលដ្ឋានរបស់ហេសបូឡានៅប្រទេសលីបង់ និងចេញបញ្ជាឱ្យមនុស្សជម្លៀសខ្លួនចេញពីភូមិនានានៅលីបង់ភាគខាងត្បូង។ មើលទៅលើកនេះ អ៊ីស្រាអែលទំនងជាចង់បោសសម្អាតតំបន់ខាងត្បូងត្រើយទន្លេលីតានី (Litani) និងប្រែក្លាយតំបន់ជាយក្រុងបេរូតទៅជាទីក្រុងខ្មោច។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលថ្លែងថាលោកបានចេញបញ្ជាឱ្យកងទ័ពបន្តដំណើរទៅមុខ និងកាន់កាប់ប្រទេសលីបង់ភាគខាងត្បូងដើម្បីទប់ស្កាត់មិនឱ្យក្រុមហេសបូឡាមានឱកាសវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលភាគខាងជើង។ នេះជាលើកទីមួយដែលអ៊ីស្រាអែលទទួលស្គាល់ថាខ្លួនជិតជាបានបើកយុទ្ធនាការមិនត្រឹមតែវាយប្រហារតាមអាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏ចាប់ផ្ដើមវាយជើងគោកផងដែរ៕ ប្រភព៖ ដឹហ្កាឌាន (The Guardian) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ