ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​បើ​តុលា​ការ​ដក​តំណែង​លោក​សេដ្ឋា​?

4 ខែ មុន

ទី​ក្រុង​បាងកក៖ លោក​អនុ​ទីន​ដែល​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​បាន​ចេញ​មុខ​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​អាច​នឹង​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​បើ​សិន​លោក​សេដ្ឋា​ ថាក់​វិស៊ីន ​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​បច្ចុប្បន្ន​នេះ​ និង​ដែល​កំពុង​តែ​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​នៅ​តុលាការ​នោះ​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ដក​តំណែង​របស់​លោ​ក។ លោក​សេដ្ឋា​ត្រូវ​សមាជិក​ព្រឹទ្ធ​សភា​របស់​ក្រុម​យោធា​ដាក់​ពាក្យ​ប្ដឹង​លោក​ពី​បទ​តែង​តាំង​​លោក​ពិចិត្រ​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ឱ្យ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ​តុលាការ​នឹង​ចេញ​សេ​ច​ក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា​។…

ទី​ក្រុង​បាងកក៖ លោក​អនុ​ទីន​ដែល​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​បាន​ចេញ​មុខ​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​អាច​នឹង​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​បើ​សិន​លោក​សេដ្ឋា​ ថាក់​វិស៊ីន ​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​បច្ចុប្បន្ន​នេះ​ និង​ដែល​កំពុង​តែ​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​នៅ​តុលាការ​នោះ​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ដក​តំណែង​របស់​លោ​ក។

លោក​សេដ្ឋា​ត្រូវ​សមាជិក​ព្រឹទ្ធ​សភា​របស់​ក្រុម​យោធា​ដាក់​ពាក្យ​ប្ដឹង​លោក​ពី​បទ​តែង​តាំង​​លោក​ពិចិត្រ​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ឱ្យ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ​តុលាការ​នឹង​ចេញ​សេ​ច​ក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា​។ ​​នេះ​​ជា​​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា​ ដូច្នេះ មិន​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​ជា​បន្ត​​​ទៀត​ទេ​​។

លោក​អនុទីន​ថ្លែង​ថា​បើ​សិន​លោក​ស្រវា​យក​តំណែង​នាយក​រដ្ឋម​ន្ត្រី​ថៃ​ដូច​ពាក្យ​ចចាម​អារ៉ាម​បាន​និយាយ​មែន​នោះ​ហាក់​ដូច​ជា​អាក្រក់​មើល​ខ្លាំង​ណាស់​។ សូម្បី​តែ​លោក​ខ្លួន​ឯង​ក៏​មិន​ជឿ​ថា​រឿង​នេះ​អាច​នឹង​កើត​មាន​នោះ​ដែរ​។ ​គេ​គិត​ថា​ពាក្យ​ចចាម​អារ៉ាម​​នេះ​​​ទំនង​ជា​កើត​ឡើង​ក្រោយ​​ពេល​បែក​ធ្លាយ​រូប​ថត​ជា​ច្រើនសន្លឹក​ដែល​បង្ហាញ​រូប​លោក​ថាក់​ស៊ីន​ថត​ជា​មួ​យ​លោក​អនុទីន និង​ក្រុម​គ្រួសារ​របស់​គាត់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​នៅ​សួន​ឧទ្យាន​ជាតិ​ខាវ​យ៉ៃ។

អ្នក​ខ្លះ​គិត​ថា​ប្រហែល​ជា​គណ​បក្ស​ភឿថៃ និង​គណ​បក្ស​ភូមិ​ចៃ​ថៃ​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជា​មួយ​គ្នា​ហើយ​មើល​ទៅ​។​ បន្ថែម​ពី​លើ​នេះ​ គេ​សង្កេត​ឃើញ​ថា​លោក​សេដ្ឋា​ក៏​មិន​សូវ​ប្រកាន់​គោល​ជំហរ​ដាច់​ខាត​​ត​ទៅ​ទៀត​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ប្រភេទ​កញ្ឆា​។ មាន​ន័យ​ថា​កញ្ឆា​អាច​នឹង​​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​​​សម្រាប់​ការ​កម្សាន្ត​​នៅ​ប្រទេស​ថៃ​​។

សូម​ជម្រាប​ថា​គណ​បក្ស​ភឿថៃ​បាន​បម្រុង​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​២​នាក់​ទៀត​បន្ថែម​ពី​​លើ​លោក​សេដ្ឋា​ ថាក់​វិស៊ីន​​។ ម្នាក់​គឺ​លោក​ស្រី​ផែ​ថង​ថាន​ដែល​ជា​កូន​ស្រី​ពៅ​លោក​ថាក់ស៊ីន និង​ម្នាក់​ទៀត​ជា​គ្រូ​បង្រៀន​ច្បាប់​។ មាន​ន័យ​ថា​បើ​ទុក​ជា​តុលាការ​ធម្ម​នុញ្ញ​ដក​តំណែង​លោក​សេដ្ឋា​ក៏​ប្រហែល​ជា​កូន​ស្រី​លោក​ថាក់​ស៊ីន​ឡើង​កាន់​តំណែង​ម្ដង​។ នេះ​បើ​យោង​​​ទៅ​តាម​គោល​ការណ៍​របស់​គណ​បក្ស​​នយោបាយ​។​

​​​ក៏​ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​បេក្ខ​ជន​បម្រុង​ទាំង​២​សុទ្ធ​តែ​មាន​ចំណុច​ខ្វះ​ខាត​ដូច​គ្នា​។ ​​លោក​ឆៃ​កាសឹម​​ជា​មនុស្ស​ចាស់​ជរា​​ និង​មាន​បញ្ហា​​សុខ​ភាព​​។ ចំណែក​លោក​ស្រី​ផែ​ថង​ថាន​មាន​បទ​ពិសោធ​តិច​តួច​ណាស់​នៅ​ក្នុង​វិស័យ​នយោបាយ​។ ម៉្យាង​ទៀត​ លោក​ថាក់​ស៊ីន​មិន​ចង់​ឱ្យ​កូន​ស្រី​រូប​នេះ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​​នៅ​ពេល​នេះ​ទេ​​នាំ​ឱ្យ​ទទួល​រង​សម្ពាធ​នយោបាយ​​។

នៅ​ក្នុង​ហេតុ​ផល​ទាំង​នេះ​ គេ​គិត​ថា​តំណែង​នាយក​រដ្ឋ​មន្ត្រី​អាច​នឹង​ធ្លាក់​ទៅ​​បាន​​ទៅ​​បេក្ខ​ជន​របស់​គណ​បក្ស​ភូមិ​ចៃ​ថៃ​ដែល​ជា​ដៃ​គូ​របស់​គណ​បក្ស​ភឿថៃ​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​។ គណ​បក្ស​នេះ​ដាក់​លោក​អនុទីន​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​របស់​ខ្លួន​។ ចំពោះ​សំណួរ​ថា​ «តើ​ត្រូវ​ធ្វើ​យ៉ាង​​ដូច​ម្ដេច​បើ​គណ​បក្ស​ភឿថៃ​មិន​អាច​រក​អ្នក​ជំនួស​លោ​កសេដ្ឋា​បាន​?» លោក​អនុទីន​ឆ្លើយ​តប​ថា​លោ​កភុំ​ថាម​ វិឆាយ៉ាឆៃ ដែល​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​រដ្ឋ​សព្វ​ថ្ងៃ​នេះ​អាច​នឹង​​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​​។​ ​


គេ​​ដឹង​ថា​លោក​ថាក់​ស៊ីន​មាន​គម្រោង​ធ្វើ​ដំណើរ​​ទៅ​ទី​ក្រុង​ឌូបៃ​​ដើម្បី​ពិនិត្យ​សុខ​ភាព និង​ព្យាបាល​ជំងឺ​។ ប៉ុន្តែ​​សំណើ​នេះ​ត្រូវ​តុលាការ​ជំទាស់​។ ចំណែក​លិខិត​ឆ្លង​ដែន​របស់​លោក​ថាក់​ស៊ីន​​កំពុង​​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​រួច​​ជា​ស្រេច​​។ ​លោក​អនុ​ទីន​បក​ស្រាយ​ថា​ការ​ដែល​លោក​ថាក់​ស៊ីន​ចង់​ចាក​ចេញ​ពី​ប្រទេស​ថៃ​នៅ​ក្នុ​ង​ពេល​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ដក​តំណែង​លោក​សេដ្ឋា​ទេ​​។ អ្នក​ខ្លះ​គិត​ថា​ការ​ដែល​លោក​ថាក់​ស៊ីន​ចង់​ចេញ​ទៅ​ក្រៅ​ស្រុក​មួយ​គ្រា​សិន​ព្រោះ​​លោក​មិន​ចង់​មើល​ឃើញ​ទិដ្ឋ​ភាព​នយោ​បាយ​ដែល​ពោរ​ពេញ​ដោយ​ភាព​អ័ព្ទ​អួរ​ដូច​សព្វ​នេះ​ទេ​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍​​៕​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ