ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្អឹង​ដាយណូ​សឺ​អាយុ​១៥០​លាន​ឆ្នាំលក់​​តម្លៃ​៤៤​លាន​ដុល្លារ​នៅ​ញូយ៉ក

1 ខែ មុន

ទី​ក្រុង​ញូយ៉ក៖ ​ថ្មី​ៗ​​នេះ គេ​បាន​យក​ឆ្អឹង​ដាយណូសឺ​ដែល​​មាន​អាយុ​កាល​១៥០​លាន​ឆ្នាំ​មក​ហើយ​​​​ដាក់​​លក់​ដេញ​ថ្លៃ​នៅ​ទី​ក្រុង​​ញូយ៉ក​ និង​មាន​គេ​ហ៊ាន​ទិញ​យក​នៅ​ក្នុង​តម្លៃ​៤៤​,​៦​​លាន​​​ដុល្លារ​អាមេរិក​។ នេះ​ជា​តម្លៃ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​ចំណោម​​ឆ្អឹង​ដាយ​ណូសឺ​ដែល​មាន​អម្បូរ​ស្ទេហ្គោ​សូរើស (Stegosaurus)​។ ឆ្អឹង​ដាយណូសឺ​នេះ​សម្រេច​ថា​លក់​ទៅ​ឱ្យ​អ្នក​ដេញ​ថ្លៃ​ម្នាក់​ដែល​គេ​មិន​​​បញ្ចេញ​អត្ត​សញ្ញាណ​របស់​គាត់​ទេ​។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​សូតថឺប៊ី​ (Sotheby’s)​ ដែល​ជា​អ្នក​ទទួល​រ៉ាប់​រង​ដេញ​ថ្លៃ​​។…

ទី​ក្រុង​ញូយ៉ក៖ ​ថ្មី​ៗ​​នេះ គេ​បាន​យក​ឆ្អឹង​ដាយណូសឺ​ដែល​​មាន​អាយុ​កាល​១៥០​លាន​ឆ្នាំ​មក​ហើយ​​​​ដាក់​​លក់​ដេញ​ថ្លៃ​នៅ​ទី​ក្រុង​​ញូយ៉ក​ និង​មាន​គេ​ហ៊ាន​ទិញ​យក​នៅ​ក្នុង​តម្លៃ​៤៤​,​៦​​លាន​​​ដុល្លារ​អាមេរិក​។ នេះ​ជា​តម្លៃ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​ចំណោម​​ឆ្អឹង​ដាយ​ណូសឺ​ដែល​មាន​អម្បូរ​ស្ទេហ្គោ​សូរើស (Stegosaurus)​។ ឆ្អឹង​ដាយណូសឺ​នេះ​សម្រេច​ថា​លក់​ទៅ​ឱ្យ​អ្នក​ដេញ​ថ្លៃ​ម្នាក់​ដែល​គេ​មិន​​​បញ្ចេញ​អត្ត​សញ្ញាណ​របស់​គាត់​ទេ​។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​សូតថឺប៊ី​ (Sotheby’s)​ ដែល​ជា​អ្នក​ទទួល​រ៉ាប់​រង​ដេញ​ថ្លៃ​​។

ឆ្អឹង​ដាយ​ណូសឺ​ដែល​គេ​ដាក់​រហស្ស​នាម​ថា​អេប៉ិច (Apex) នោះ​អាច​លក់​បាន​លើស​ពី​តម្លៃ​ប៉ាន់​ស្មាន​ឆ្ងាយ​ណាស់​។​ ពី​ដំបូង​ គេ​គិត​ថា​ឆ្អឹង​នេះ​អាច​លក់​បាន​ចន្លោះ​ពី​៤​​លាន​ទៅ​​​​​​៦​លាន​ដុល្លារ​។ ​លោក​ជេសុន ឃូបផឺ (Jason Cooper)​ជា​អ្នក​រក​ឃើញ​​ឆ្អឹង​ដាយណូសឺ​នេះ​ដំបូង​កាល​ពី​ឆ្នាំ​២០២២​នៅ​លើ​ដី​ឡូតិ៍​ឯក​ជន​មួយ​កន្លែង​នៃ​រដ្ឋ​កូឡូរ៉ាដូ (Colorado)។ ឆ្អឹង​នេះ​អាច​រក្សា​ទុក​​​គុណ​ភាព​បាន​ល្អ​ដោយ​សារ​វា​​ស្ថិត​នៅ​ក្រោម​ស្រទាប់​ថ្ម​ខ្សាច់​ដែល​អាច​ទប់​ស្កាត់​មិន​ឱ្យ​​ឆ្អឹង​​រង​ការ​​ខូច​ខាត​ ឬ​សឹក​រេច​រឹល​​។

ឆ្អឹង​នេះ​មាន​កម្ពស់​​​​​​៣,៣៥​ម៉ែត្រ និង​​បណ្ដោយ​ខ្លួន​៨,២២​ម៉ែត្រ​ គិតចាប់​ពី​ក្បាល​ដល់​កន្ទុយ​របស់​វា​។ គ្រោង​ឆ្អឹង​ទាំង​មូល​របស់​វា​មាន​បំណែក​ឆ្អឹង​២៥៤​ដុំ​នៅ​ក្នុង​ចំណោម​គ្រោង​ឆ្អឹង​ទាំង​សំ​ណុំ​ប្រហែល​៣១៩​ដុំ​។ ប៉ុន្តែ​ផ្នែក​ខ្លះ​បាន​ខូច​ខាត​ ឬ​បាត់​បង់​។ ដូច្នេះ គេ​អាច​សន្និ​ដ្ឋាន​ថា​ដាយ​ណូសឺ​ឈ្មោះ​អេប៉ិច​​ជា​សត្វ​ធំ​ពេញ​វ័យ រហ័ស​រហួន និង​មាន​មាឌ​ធំ​​​។ ដាយណូសឺ​នេះ​ទំនង​ជា​មាន​ជំងឺ​សន្លាក់​ឆ្អឹងខ្នង​។ ន​ន័យ​ថា​នៅ​ក្នុង​ដំណាក់​កាល​ដែល​ស្លាប់​នោះ​ វា​មាន​វ័យ​​​ចាស់​ជរា​ណាស់​ទៅ​ហើយ​។

​​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​ដ៏​យូរ​លង់​​​នៅ​លើ​ភព​ផែន​ដី​នេះ​យល់​ថា​យក​ល្អ​គេ​គួរ​តែ​ថែ​រក្សា​ទុក​ឆ្អឹង​នេះ​នៅ​ទី​កន្លែង​សម​គួរ​ណា​១​​ដូច​ជា​នៅ​សារ​មន្ទីរ​ជា​ដើម​​​។ ​លោក​ស្ទីវ​ ប្រ៊ូស​សាត (Steve Brussate) ជា​គ្រូ​បង្រៀន​ផ្នែក​ប្រវត្តិ​ផែន​ដី​សម័យ​ដើម​​​ និង​ការ​វិវត្ត​របស់​​សត្វ​នៅ​សាកល​វិទ្យាល័យ​អេដឹន​បឺក (Edinburgh) ប្រទេស​ស្កុត​លែន​។ លោក​​ប្រាប់​​ថា​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ អេប៉ិច​បាន​ក្លាយ​ជា​ឆ្អឹង​ដាយ​ណូសឺ​ដ៏​សំខាន់​​ដោយ​សារ​វា​បន្សល់​ទុក​ទ្រង់​ទ្រាយ​​បាន​ល្អ​ដូច​ដើម​ជាង​ឆ្អឹង​ដាយ​ណូសឺ​​ដែល​មាន​អម្បូរ​ស្ទេហ្គោសូរើស (Stegosaurus) ដទៃ​ទៀត​ដូច​ជា​ឆ្អឹង​ដាយ​ណូសឺ​ធី​រេច (T.rex) និង​​ទ្រី​សឺរ៉ាថូប​ជា​ដើម (Triceratops)។ ​

​ក្រុម​ហ៊ុន​ដែល​ទទួល​រ៉ាប់​រង​​ខាង​ដាក់​លក់​ដេញ​​ថ្លៃ​នោះ​​​ប្រាប់​​ថា​​អតិថិជន​ដែល​​ចំណាយ​លុយ​​​ទិញ​ឆ្អឹង​ដាយ​ណូសឺ​​អេប៉ិច​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នោះ​​ចង់​​យក​ឆ្អឹង​នេះ​​ទៅ​ដាក់​តាំង​ពិព័រណ៍​​​​​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ណា​១​​​នៃ​​ប្រទេស​អាមេរិក​​សម្រាប់​ការ​ស្រាវ​ជ្រាវ ឬ​ទស្សនា​កម្សាន្ត​។ គាត់​យល់​ថា​អេប៉ិច​បាន​កើត និង​ស្លាប់​នៅ​លើ​ទឹក​ដី​អាមេរិក​។​ ដូច្នេះ ឆ្អឹង​របស់​វា​គួរ​ណាស់​ស្ថិត​នៅ​លើ​ទឹក​ដី​អាមេរិក​ជា​​និច្ច​ និង​​​មិន​អាច​យក​ទៅ​ប្រទេស​ដទៃ​បាន​ឡើយ​​ទោះ​ជា​​​នៅ​ក្នុង​​​ហេតុ​ផល​អ្វី​ក៏​ដោយ​​។

នៅ​ប្រទេស​អាមេរិក​ ឆ្អឹង​ដាយណូសឺ​ត្រូវ​គេ​ឱ្យ​តម្លៃ​ខ្ពស់។ ម៉្លោះ​ហើយ​ ទោះ​បី​ជា​ត្រូវ​ចំណាយ​លុយ​រាប់​លាន, រាប់​សិប​លាន ឬ​ដល់​រាប់​រយ​លាន​ដុល្លារ​​ក៏​ត្រូវ​តែ​​​ទិញ​យក​​ឱ្យ​បាន​។ កាល​ពី​ឆ្នាំ​១៩៩៧ ក្រុម​ហ៊ុន​ខាង​លើ​នេះ​ធ្លាប់​​​ដាក់​លក់​​ឆ្អឹង​ដាយណូសឺ​ដែល​មាន​អម្បូ​ទី​រ៉ាណូ​សូរើស​ រេច (Tyrannosaurus rex) តម្លៃ​​៨,៤​លាន​​​ដុល្លារ​។ ក្រោយ​មក​ ​ឆ្អឹង​ដាយណូសឺ​​ដែល​មាន​អម្បូរ​ដដែល​នេះ​ត្រូវ​គេ​ដាក់​លក់​​កាល​ពី​ឆ្នាំ​២០២០ តម្លៃ​​​៣១,​៨​​លាន​​ដុល្លារ​។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​​គេហ​ទំព័រ​ស៊ី​អឹន​អឹន (CNN)៕

អត្ថ​បទ​ដែល​ពាក់​ព័ន្ធ​ដទៃ​ទៀត​
ប្រទេស​ថៃ​ប្រកាស​រក​ឃើញ​គ្រោង​ឆ្អឹង​ដាយ​ណូ​សឺ​​អាយុ​១១០​លាន​ឆ្នាំ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ