ខេត្តខុនខេន៖ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញអ្វីដែលគេអះអាងថាជាគ្រោងឆ្អឹងសត្វដាយណូសឺមានអាយុកាលរហូតដល់១១០លានឆ្នាំមកហើយ។ របកគំហើញនេះនៅស្រុកណាំហ្វុង ខេត្តខុនខេន (Khon Kaen) ស្ថិតនៅប្រទេសថៃភាគឦសាន។ គេជឿជាក់ថាគ្រោងឆ្អឹងទាំងនេះប្រហែលជាពូជដាយណូសឺសូរ៉ូផត់ និងស្ពីណូសូអ៊ីត (sauropod & spinosaurid)។

យោងតាមនាយកដ្ឋានធនធានរ៉ែរបស់ប្រទេសថៃ, ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយអ្នកជំនាញបុរាណវិទ្យាមកពីសារមន្ទីរសិរិន្ទថន (Sirindhorn Dinosaur Museum) និងមន្ត្រីការិយាល័យធនធានរ៉ែប្រចាំខេត្តខុនខេនបានចុះស្ទង់មើលស្ថានការណ៍នៅទីតាំងហ្វូស៊ីលនោះ និងដាក់រនាំងខណ្ឌជុំវិញដើម្បីកុំឱ្យក្រុមអ្នកភូមិចូលទៅរំខាន។ ការចុះពិនិត្យមើលទីនោះចាប់ផ្ដើមពីថ្ងៃទី៣១ ខែមករាបន្ទាប់ពីអ្នកភូមិម្នាក់បង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន និងយករឿងនេះប្រាប់ទៅអាជ្ញាធរ។

ហ្វូស៊ីលសត្វដាយណូសឺដែលគេជឿជាក់ថាមានអាយុចន្លោះពី១០០-១១០លានឆ្នាំនោះមានទ្រនង់ឆ្អឹងខ្នងដូចដាយណូសឺសូរ៉ូផត់។ វាជាដាយណូសឺដែលស៊ីរុក្ខជាតិជាអាហារ។ ដាយណូសឺមួយទៀតស៊ីត្រីជាអាហារ។ ក្រុមអ្នកស្រាវជ្រាវក៏រកឃើញឆ្អឹងជំនីរនៃសត្វចម្លែកមួយទៀតដែលគេមិនទាន់ដឹងថាជាសត្វអ្វីពិតប្រាកដនៅឡើយទេ។ សារមន្ទីរខាងលើនេះបានប្រមូលហ្វូស៊ីលជាច្រើនប្រភេទទៀតដើម្បីរក្សាទុកជាការអភិរក្ស។

របកគំហើញនេះត្រូវគេចាត់ទុកថាជាបេតិកភណ្ឌរបស់ជាតិព្រោះវាមិនត្រឹមតែបង្ហាញថាប្រទេសថៃធ្លាប់មានសត្វដាយណូសឺរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថាមានទន្លេសម័យបុរាណមួយដែលធ្លាប់ហូរកាត់តំបន់នេះ។ ដោយសារគេរកឃើញថ្មខ្សាច់នៅទីតាំងនោះ គេអាចនឹងកែសម្រួលទីនេះទៅជាស្ថានីយបុរេប្រវត្តិនាពេលអនាគត៕
ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/general/2738256/110m-year-old-dinosaur-fossils-found
ចែករំលែកព័តមាននេះ