រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលទទួលយកទារកម្នាក់ ត្រូវម្ដាយសម្រាលរួច ទុកចោលទៅចិញ្ចឹមនោះ វិះវ័ណ្ឌក ស្ទើរតែមានទោសទណ្ឌទៅហើយ ក្រោយពីដំណឹងប្រទះឃើញទារកនោះ ដឹងដល់ខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ។
បន្ទាប់មក មន្ត្រីនៃមន្ទីរខាងលើ ក៏បានចុះទាមទារយកទារកនោះវិញ ដើម្បីយកទៅដាក់នៅមន្ទីរ ប៉ុន្តែស្ត្រីខាងលើមិនព្រមប្រគល់ឲ្យឡើយ ហើយក៏ត្រូវបានមន្ត្រីខាងលើ ប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចាត់វិធានការតាមច្បាប់ ដោយសារតែបែបនេះទើបស្ត្រីរូបនោះ បានចូលខ្លួនទៅកាន់ប៉ុស្តិ៍ចាមចៅទី៣ ហើយសម្រេចចិត្តប្រគល់ទារកខាងលើឲ្យទៅមន្ត្រីទាំងនោះយកទៅវិញ ទើបរួចខ្លួន ។
ស្ត្រីដែលស្ទើរតែក្លាយទៅជាអ្នកទោស ព្រោះទទួលយកទារកនេះទៅចិញ្ចឹមនោះ មានឈ្មោះ ភាព ស្រីនាង អាយុ២៦ឆ្នាំ មានមានទីលំនៅកន្លែងកើតហេតុខាងលើ នាងមានប្ដី និងកូនស្រីម្នាក់ ផងដែរ ។
សូមរំឭកថា «ស្ត្រីមិនស្គាល់មុខសម្រាលកូនរួចទុកចោលលើជាន់ទី១ផ្ទះល្វែងហើយគេចខ្លួនបាត់» កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងប្រុសអាយុ ជាង១០ឆ្នាំម្នាក់ បានឡើងទៅលេងលើជាន់ទី១ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រាប់តែប្រទះឃើញទារកម្នាក់ ទើបនឹងកើតមកថ្មីរុំសារ៉ុង ទុកនៅក្បែរស៊ីទែនទឹកមួយ នៅលើផ្ទះនោះ ហើយក្មេងប្រុសខាងលើ ក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាមកមើល ។
ប្រភពដដែលបានឲ្យដឹងថា ភ្លាមៗនោះ ដោយសារតែការអាណិតអាសូរខ្លាំងពេក ណាមួយឃើញទារកនោះស្អាត ហើយកំពុងតែចង់បានកូនប្រុសម្នាក់ផងនោះ ទើបស្ត្រីឈ្មោះ ភាព ស្រីនាង បានយកទារកនេះ ទៅលាងសម្អាតរួច នាំពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដើម្បីយកទៅចិញ្ចឹមធ្វើជាកូនបង្កើតរបស់ខ្លួន តែម្ដង ។ គាត់បានទិញសម្ភារសម្រាប់កូនង៉ែត ព្រមទាំងរៀបចំឯកសារត្រៀមធ្វើសំបុត្រកំណើត និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ដាក់ទារកនោះទៅជាកូនបង្កើតរបស់គាត់ ទៅហើយ ក្រោមការអបអរសាទរ ពីអ្នកកូមិគ្រប់គ្នា ផងដែរ ។
ប្រភពខាងលើបានប្រាប់ទៀតថា ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គាត់មើលថែទារកនោះ បានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែដំណឹងនេះ ដឹងដល់ខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយប្រធានមន្ទីរ បានចាត់ឲ្យមន្ត្រី ទៅទទួលយកទារកនោះដាក់នៅមន្ទីរ ។ ប៉ុន្តែពេលនោះ ត្រូវបានស្ត្រីខាងលើបដិសេធ មិនព្រមប្រគល់ឲ្យឡើយ ស្រាប់តែមន្ត្រីសង្គមកិច្ចទាំងនោះ បានប្ដឹងនគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចាត់ការលើស្ត្រីរូបនោះ ទៅតាមច្បាប់ ។
ស្ត្រីរូបនោះ បាននិយាយថា គាត់ក៏មានកូនហើយដែរ ប៉ុន្តែដោយសារតែមាននិស្ស័យ អាណិតអាសូរចំពោះទារករូបនោះ ទើបគាត់យកមកចិញ្ចឹម ហើយគាត់បានត្រៀមអ្វីៗគ្រប់យ៉ាង ដើម្បីទារកនោះរួចអស់ហើយ ប៉ុន្តែពេលនេះស្រាប់តែខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទៅទាមទារយកទៅដាក់មន្ទីរ ហើយពេលគាត់មិនព្រមឲ្យ មន្ត្រីខាងលើបានប្ដឹងគាត់ ។ ទើបគាត់លែងចង់បានទៀតហើយ និងបានចូលទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ យកទារកម្នាក់នេះ ប្រគល់ឲ្យមន្ត្រីសង្គមកិច្ចនោះ តែម្ដង ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ។
ដោយឡែក ខាងមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បាននិយាយថា មិនអាចឲ្យទារកនេះ ទៅខាងណាចិញ្ចឹមនោះទេ គឺខាងមន្ទីរជាអ្នកចិញ្ចឹម ហើយបើស្ត្រីរូបនេះ ចង់បានយកទៅចិញ្ចឹម សូមធ្វើលិខិតស្នើសុំទៅខាងមន្ទីរ តាមដំណាក់ការទៅ ។
សូមបញ្ជាក់ផងដែរថា រឿងហេតុដូចគ្នាបែបនេះ បានកើតរួចម្ដងមកហើយ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលព្រះភិក្ខុសង្ឃ១អង្គ បានទទួលយកទារកម្នាក់ ដែលគេប្លុងចោលពីអាជ្ញាធរសង្កាត់ចោមចៅទី៣ ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា ដូចជាសាច់ញាតិរបស់ព្រះអង្គ។ បន្ទាប់មក ព្រះអង្គបានយកទារកនោះ ទៅឲ្យញោមរបស់ព្រះអង្គ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល មើលថែ ដោយព្រះអង្គជាអ្នកទំនុកបម្រុងពីក្រោយ ហើយព្រះអង្គ ក៏មានបំណងថា ពេលចិញ្ចឹមទារកនោះធំហើយ និងបំបួសឲ្យបានរៀនសូត្រ នឹងគេ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយពេល ដែលព្រះសង្ឃអង្គនោះ យកទារកខាងលើទៅចិញ្ចឹមបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ស្រាប់តែលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ទៅទាមទារយកទារកនោះពីព្រះសង្ឃវិញ។ ពេលនោះ ព្រះអង្គមានការហួសចិត្តយ៉ាងខ្លាំង ហើយទាំងព្រះអង្គរួមនិងមន្ត្រីសាលាសង្កាត់ចោមចៅទី៣ មួយចំនួន បានស្រក់ទឹកភ្នែក ដោយក្ដីអាលោះអាល័យ ចំពោះទារកនោះគ្រប់ៗគ្នាទៀតផង ៕











ចែករំលែកព័តមាននេះ