ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូប្រកួតថ្មី! ប៉ាក់គីអៅ នៅចុងខែនេះ ប្រវត្តិខ្លាំងមិនធម្មតា និងធ្លាប់ស្មើជាមួយ ប៊ូខាវ

3 ថ្ងៃ មុន

ប្រទេសជប៉ុន ៖ ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នឹងត្រូវតទល់ជាមួយអ្នក

0:00
0:00

ប្រទេសជប៉ុន ៖ ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នឹងត្រូវតទល់ជាមួយអ្នកប្រដាល់ជប៉ុន១រូបផ្សេងទៀត ក្នុងការប្រកួតសកលក្រៅផ្លូវការចំនួន៣ទឹក នៅជប៉ុន បន្ទាប់ពីគូប្រកួតដំបូងរបស់ស្តេចប្រដាល់ហ្វីលីពីនវ័យ៤៥ឆ្នាំរូបនេះ បានដកខ្លួនចេញពីការប្រកួត ដោយ សារតែរបួស។ នេះបើតាមប្រភពពីសារព័ត៌មានហុងកុង South China Morning Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។ គួររំលឹកថា ប៉ាក់គីអៅដាក់ផ្លែចុកៗទៅផ្លយ ខណៈស្តេចប្រដាល់​ហ្វីលីពីនរូបនេះ​ទំនងត្រឡប់ទៅរកការប្រកួតអាជីពវិញ

ម៉ានី ប៉ាក់គីអៅ ម្ចាស់ខ្សែក្រវាត់ពិភពលោក ដែលប្រកាសចូលនិវត្តន៍ពីអាជីពកាលពីឆ្នាំ ២០២១ ដើមឡើយត្រូវប្រកួតជាមួយកីឡាករគុនចម្រុះ MMA ជនជាតិជប៉ុន Chihiro Suzuki នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដែលរៀបចំឡើងសហព័ន្ធប្រដាល់ជប៉ុន Rizin នៅទីក្រុងសៃតាម៉ា (Saitama) ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលជាការប្រកួតក្រៅផ្លូវការចំនួន៣ទឹក ក្នុង១ទឹក ៣នាទី។ ទោះយ៉ាងណាក៏ដោយ Chihiro Suzuki ត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួតនេះ បន្ទាប់ពីបាក់ដៃស្តាំ ហើយត្រូវជំនួសមកវិញដោយកីឡាករឃីកបុកស៊ីង (Kickboxing) និងជាកីឡាករគុនចម្រុះជនជាតិជប៉ុន Rukiya Anpo ។

កំណត់ត្រាឃីកបុកស៊ីងរបស់ដៃគូប្រកួតថ្មី ប៉ាក់គីអៅ ដែលបានចាប់ផ្តើមអាជីពនៅឆ្នាំ ២០១១ មិនធម្មតានោះទេ ដោយឆ្លងកាត់៣៦ប្រកួត ឈ្នះ២៧ដង ស្មើ១ដង ចាញ់៨ដង និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត១៧ដងផងដែរ ខណៈស្មើ១ប្រកួតគឺជាមួយនឹងកំពូលអ្នកប្រដាល់មួយថៃ ប៊ូខាវ បេនឆាមេក កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ Rukiya Anpo គឺជាអតីតម្ចាស់ខ្សែក្រវាត់ K-1 Super Lightweight។ កីឡាករវ័យ២៨ឆ្នាំរូបនេះ បានវិវឌ្ឍន៍ខ្លួនទៅជាកីឡាករគុនចម្រុះ MMA នៅចុងឆ្នាំ ២០២៣ ដោយឆ្លងកាត់១ប្រកួត ចាញ់កីឡាកររួមជាតិ Yuta Kubo។

ប៉ាក់គីអៅ កាលពីដើមខែមិថុនាកន្លងទៅថ្មីៗនេះ បានប្រកាសថា ខ្លួនកំពុងចរចារដើម្បីត្រឡប់ឡើងសង្វៀនប្រកួតប្រដាល់អាជីពសាជាថ្មីម្តងទៀត បន្ទាប់ពីបាត់មុខអស់រយៈពេល៣ឆ្នាំ។

ប៉ាក់គីអៅ បានថ្លែងថា លោកកំពុងពិភាក្សាលើកិច្ចព្រមព្រៀងដើម្បីប្រកួតជាមួយនឹងកីឡាករ សញ្ចាតិអាមេរិក Mario Barrios ដណ្តើមខ្សែក្រវាត់ពិភពលោក WBC welterweight ហើយបើការពិភាក្សាសម្រេចចេញជាផ្លែផ្កា ការប្រកួតនឹងធ្វើឡើងនៅចុងឆ្នាំនេះតែម្តង។

គួរបញ្ជាក់ថា បន្ទាប់ពីព្យួរស្រោមដៃពីអាជីព ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ បានប្រឡូកក្នុងឆាកនយោបាយ និងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន ប៉ុន្តែទទួលបរាជ័យនៅក្នុងការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ ២០២២។ ទោះយ៉ាងណាក៏ដោយ ប៉ាក់គីអៅ បានវិលត្រឡប់ឡើងសង្វៀនសម្រាប់ការប្រកួតក្រៅផ្លូវការ ដែលរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែធ្នូ ឆ្នាំ ២០២២ ដោយបានយកឈ្នះអ្នកលេងក្បាច់គុនកូរ៉េខាងត្បូង និងជាតារាយូធូប DK Yoo។

ស្តេចប្រដាល់ហ្វីលីពីនដែលមានរហស្សនាមថា «PacMan» រូបនេះ គឺជាអ្នកប្រដាល់សកលតែម្នាក់ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះខ្សែក្រវាត់ពិភពលោកលើ៨ប្រភេទទម្ងន់ផ្សេងគ្នា និងជាអ្នកប្រដាល់តែម្នាក់គត់ ដែលកាន់កាប់ខ្សែក្រវាត់ពិភពលោកយូរជាងគេក្នុងរយៈពេល៤ទសវត្សរ៍ ដោយបន្សល់ទុកកំណត់ត្រាប្រកួតអាជីព ៧២ ប្រកួត ឈ្នះ៦២ដង ស្មើ២ដង និងចាញ់៨ដង ដោយបានផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន៣៩ដង៕ (ប្រភព ៖ South China Morning Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ