ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់គីអៅដាក់ផ្លែចុកៗទៅផ្លយ ខណៈស្តេចប្រដាល់​ហ្វីលីពីនរូបនេះ​ទំនងត្រឡប់ទៅរកការប្រកួតអាជីពវិញ

2 អាទិត្យ មុន

ប្រទេសជប៉ុន ៖ ស្តេចប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) ម្ចាស់ខ្សែក្រវាត់

ប្រទេសជប៉ុន ៖ ស្តេចប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) ម្ចាស់ខ្សែក្រវាត់ពិភពលោក កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលកំពុងស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបញ្ជាក់ថា ខ្លួនកំពុងដំណើរការចរចាដ៏សំខាន់ លើការវិលត្រឡប់ឡើងសង្វៀនប្រកួតអាជីពជាថ្មីម្តងទៀត នៅអាយុ៤៥ឆ្នាំ សម្រាប់ការប្រកួតជាមួយនឹងអ្នកប្រដាល់ឆ្នើមសញ្ជាតិអាមេរិក Mario Barrios ។

បើយោងតាមកាសែត The Japan Times របស់ប្រទេសជប៉ុន បានឱ្យដឹងថា លោក ម៉ានី ប៉ាក់គីអៅ បានចូលរួមសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ជាកន្លែងដែលសហព័ន្ធកីឡាប្រដាល់ជប៉ុន Rizin បានប្រកាសអំពីការប្រកួតសកលក្រៅផ្លូវការ ឬ Exhibition Match ដែលធ្វើឡើងចំនួន៣ទឹក រវាងស្តេចប្រដាល់ហ្វីលីពីនរូបនេះ ជាមួយនឹងអ្នកលេង​គុនចម្រុះ MMA ជនជាតិជប៉ុន Chihiro Suzuki ម្ចាស់ខ្សែក្រវាត់ Rizin Featherweight និង KNOCK OUT Black Super Lightweight ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងសៃតាម៉ា (Saitama) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ដោយឡែក ប្រភពពីកាសែត Marca របស់ប្រទេសអេស្ប៉ាញ ក៏បានរាយការណ៍ផងដែរថា នៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ាក់គីអៅ បានថ្លែងថា ជំនួបផ្លូវការរវាងខ្លួន និងអ្នកប្រដាល់អាមេរិក Mario Barrios កំពុងស្ថិតក្នុងដំណាក់កាលចរចានៅឡើយ ដោយមានរឿងជាច្រើនទៀត ដែលត្រូវពិភាក្សា។ ប៉ាក់គីអៅ បានបន្ថែមថា ប្រសិនបើការចរចាឈានដល់កិច្ចព្រមព្រៀងនោះ ការប្រកួតប្រហែលជាត្រូវធ្វើឡើង នៅអំឡុងខែវិច្ឆិកា ឬខែធ្នូ នៅក្នុងឆ្នាំនេះផ្ទាល់តែម្តង។

ស្តេចប្រដាល់ហ្វីលីពីនដែលមានរហស្សនាមថា «PacMan» រូបនេះ គឺជាអ្នកប្រដាល់សកលតែម្នាក់ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះខ្សែក្រវាត់ពិភពលោកលើ៨ប្រភេទទម្ងន់ផ្សេងៗគ្នា និងជាអ្នកប្រដាល់តែម្នាក់គត់ កាន់កាប់ខ្សែក្រវាត់ពិភពលោកយូរជាងគេក្នុងរយៈពេល៤ទសវត្សរ៍ បានប្រកាសចូលនិវត្តន៍ពីអាជីពកាលពីឆ្នាំ ២០២១ ដោយបន្សល់ទុកកំណត់ត្រា ៧២ ប្រកួត ឈ្នះ ៦២ ស្មើ ២ និងចាញ់ ៨ ដោយបានផ្តួលគូប្រកួតឱ្យសន្លប់ចំនួន ៣៩ដង។

បើតាមការបង្ហើបពីលោក Sean Gibbons ដែលជាប្រធានផ្សព្វផ្សាយ ឬ Promoter របស់ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ បានប្រាប់សារព័ត៌មាន ESPN របស់សហរដ្ឋអាមេរិកថា ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក Welterweight រវាង ប៉ាក់គីអៅ និង Mario Barrios ក៏កំពុងស្វែងរកទីតាំងប្រកួត ហើយទីក្រុងឡាសវេហ្គាស (Las Vegas) សហរដ្ឋអាមេរិក ក៏ស្ថិតនៅក្នុងជម្រើសផងដែរ។

ការប្រកួតក្រៅផ្លូវការជាមួយនឹង Chihiro Suzuki នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការប្រកួតក្រៅផ្លូវការលើកទី ៣ សម្រាប់ប៉ា ក់គីអៅ ដោយនៅលើកដំបូងបានយកឈ្នះអ្នកប្រដាល់អាមេរិក ដើមកំណើតហ្វីលីពីន Jesus Salud នៅឆ្នាំ ២០០២ និងលើកទី២ យកឈ្នះអ្នកលេងក្បាច់គុនកូរ៉េខាងត្បូង DK Yoo នៅឆ្នាំ ២០២២។

អ្នកប្រដាល់សញ្ជាតិអាមេរិក Mario Barrios

នៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ ប៉ាក់គីអៅ ក៏ឆ្លៀតដាក់ផ្លែផ្កាចុកៗ ទៅកាន់អតីតកំពូលអ្នកប្រដាល់សកលអាមេរិក ផ្លយ មេយវេដឺ (Floyd Mayweather) ផងដែរ ពាក់ព័ន្ធនឹងការប្រកួតក្រៅផ្លូវការកន្លងមករបស់អ្នកប្រដាល់មិនស្គាល់ចាញ់វ័យ៤៧ឆ្នាំ ដែលបានយកឈ្នះខ្លួនកាលពីឆ្នាំ ២០១៥ រូបនេះ យ៉ាងដូច្នេះថា «Floyd ខុសពីអ្នកដទៃ គេជ្រើសរើសគូប្រកួតដោយខ្លួនឯង ប៉ុន្តែខ្ញុំមិនរើសគូប្រកួតដោយខ្លួនឯងនោះទេ អ្នកណាចង់ប្រកួតជាមួយខ្ញុំ ខ្ញុំនឹងប្រកួត ប៉ុន្តែ Floyd គេជាអ្នករើសគូប្រកួតរបស់គេ ដោយខ្លួនឯង»។

គួរបញ្ជាក់ថា មុនការប្រកួតជាមួយនឹងអ្នកលេងគុនចម្រុះជប៉ុន Chihiro Suzuki កើតឡើងនាខែក្រោយ ដើមឡើយ ប៉ាក់គីអៅ ត្រូវមានការប្រកួតដ៏ធំមួយនៅក្នុងប្រទេសថៃជាមួយនឹងកំពូលអ្នកប្រដាល់មួយថៃ ប៊ូខាវ បេនឆាមេក (Buakaw Banchamek) ដែលតាមគម្រោងធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ប៉ុន្តែការប្រកួតត្រូវបានផ្អាកទៅវិញ ដោយក្រុមហ៊ុន Fresh Air Festival ដែលបានទទួលរៀបចំការប្រកួតបានបញ្ជាក់ថា ការប្រកួតមិនត្រូវបានលុបចោលនោះទេ គ្រាន់តែផ្អាក ហើយក្រុមហ៊ុននៅតែមានទំនុកចិត្តថា កាលបរិច្ឆេទ ពេលវេលា និងទីកន្លែងប្រកួតនឹងត្រូវសម្រេចផ្លូវការនៅឆ្នាំនេះ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំមានព័ត៌មានទាក់ទងនឹងការប្រកួតមួយនេះឡើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅកាលពីពេលថ្មីៗនេះម៉ានី ប៉ាក់គីអៅ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា និងបានចូលរួមទស្សនាការប្រកួតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមួយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលបានប្រព្រឹត្តទៅនៅកោះពេជ្រ។ នេះគឺលើកទី២ ដែលស្តេចប្រដាល់ និងជាអ្នកនយោបាយដ៏ល្បីឈ្មោះរបស់ហ្វីលីពីនរូបនេះ មកដល់ទឹកដីកម្ពុជា ខណៈលើកដំបូង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងពេលដំណើរទស្សនកិច្ចជាមួយនឹងលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន៕ (ប្រភព ៖ The Japan Times, Marca និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ