ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​សមិទ្ធផល​ធំ​ៗ​របស់​លោក​លី ជុន មុន​ពេល​​​​ចាក​ចេញពី​តំណែង​គ្រូ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូបង្វឹកលី ជុន (Li Jun) បន្ទាប់​ពី​លោក​បាន​ដឹកនាំក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​អស់​រយៈពេល​៩​ឆ្នាំ ។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹកសញ្ជាតិ​ចិន​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូបង្វឹកលី ជុន (Li Jun) បន្ទាប់​ពី​លោក​បាន​ដឹកនាំក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​អស់​រយៈពេល​៩​ឆ្នាំ ។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹកសញ្ជាតិ​ចិន​រូប​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិកម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ឱ្យ​ពិភពលោក​បានឃើញ​ទាំង​សមត្ថភាព និង​សមិទ្ធផល ។ ខាងក្រោម​នេះ​ជា​សមិទ្ធផល​ធំ​ៗ​របស់ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការ​ដឹកនាំរបស់​លោក​លី ជុន​។

លោក​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហ្គេ​ម លើក​ដំបូង​កាលពី​ឆ្នាំ ២០២១ និង​បង្កើត​ប្រវត្តិ​ឈ្នះ​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេ​ម ជា​លើក​ដំបូង​។

ពីរ​ឆ្នាំ​ក្រោយមក ក្រុម​បាល់ទះ​ជម្រើសជាតិកម្ពុជា បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ថ្មី​ដោយ​ឈានដល់​វគ្គ​​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នៅ​ពេលកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​បាន​ឈ្នះ​មេដាយ​ប្រាក់​កីឡា​ស៊ី​ហ្គេ​ម ជា​លើក​ដំបូង​ទៀត ។ សមិទ្ធផល​ដ៏​អស្ចារ្យ​មួយទៀត គឺ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​ឈ្នះ​ជើងឯក​ពាន​អាស៊ាន​កម្រិត​ទី​២ SEA V. League Challenge ឆ្នាំ ២០២៤ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ដៃគូ​ទាំងអស់​មាន​ដូច​ជា ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ឡាវ​។

សមិទ្ធផល​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ថៃ ២ លើក​ជាប់​គ្នា​ក្នុង​កីឡា​ស៊ី​ហ្គេ​ម គឺ ឈ្នះ​ថៃ ៣-២ ដើម្បី​បាន​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ឈ្នះ ថៃ ៣-២ ទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ ២០២៣ ។ ជាមួយ​គ្នា​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​ដកខ្លួន​ចេញ
ពី​ពាន​អាស៊ាន​កម្រិត​ទី​២ SEA V. League Challenge ដើម្បី​បាន​ឡើង​ទៅ​ពាន​កម្រិត​ទី​១ SEA V. League​។ ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បាន​បង្កើត​ស្ថិតិ​ក្នុង​ការ​យកឈ្នះ​ក្រុម​ជម្រើសជាតិ​វៀតណាម សិង្ហ​បុរី និង​ហ្វី​លី​ពី​ន ថែម​ទៀត​។

បន្ទាប់​ពី​ទទួល​បាន​សមិទ្ធផល​ល្អ​ទាំង​នៅ​កីឡាស៊ី​ហ្គេ​ម ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​ចូលរួម​ប្រកួត​កីឡា​ទ្វីបអាស៊ី ជា​លើក​ដំបូង កាលពី​ចុងឆ្នាំ ២០២៣ នៅ​ប្រទេស​ចិន​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាព​ខ្លាំង​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​ឲ្យ​ចាប់អារម្មណ៍​លើ​កីឡាបាល់ទះ​ដែល​បាន​ធ្វើ​ឲ្យ​កីឡា​មួយ​នេះ​មាន​ប្រជាប្រិយភាព​មិន​ចាញ់​កីឡាបាល់ទាត់ និង​កីឡាប្រដាល់​ឡើយ​។

លោកគ្រូ លី ជុន បាន​ដឹកនាំ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​អស់​រយៈពេល ៩ ឆ្នាំ ហើយ​នៅ​ដើមខែ​មីនា ឆ្នាំ ២០២៦ លោក និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​សម្រេច​ចែកផ្លូវ​គ្នា​។ នៅ​ក្នុង​ឆ្នាំ ២០២៦ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​មាន​ភារកិច្ច​ចូលរួម​ប្រកួត​ពាន SEA V. League ដូច្នេះ​ទំនងជា​គ្រូបង្វឹក​ថ្មី​ដឹកនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ