ខេត្តកំពត ៖ កូនសិស្សរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ចំនួន៤២នាក់ បានធ្វើពិធីដេញចាប៉ីថ្វាយសពលោកតា ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងពិធីបុណ្យរបស់សពលោកតាផ្ទាល់ នៅឯភូមិដូង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ សូមរំលឹកថា ៖ សោកស្តាយ ! ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាពហើយ

គួររំលឹកថា លោកតាព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព កាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ២០២៤ ស្ថិតនៅឯមន្ទីរពេទ្យខ្មែរ-សូវៀតរាជធានីភ្នំពេញ ក្នុងជន្មាយុ៨០ឆ្នាំ ។

សពលោកតាត្រូវបានក្រុមសាច់ញាតិដឹកមកធ្វើបុណ្យនៅស្រុកកំណើតរបស់លោកតាព្រឹទ្ធាចារ្យគង់ណៃតែម្តង ។ បន្ទាប់ពីដឹកសពមកដល់គេហដ្ឋាន ក៏បានរៀបចំធ្វើបុណ្យ ដោយមានអ្នកមុខអ្នកការ រួមទាំងលោកឧកញ៉ានិងឯកឧត្តម រួមទាំងព្រះសង្ឃ បាននិមន្តមកចូលរួមបុណ្យយ៉ាងអធិកអធមផងដែរ ។លុះនៅព្រឹកថ្ងៃថ្ងៃទី៣០ ខែមិថុនា ក៏មានសិល្បករនិងសិល្បការិនីផ្នែកចំរៀងចាប៉ីដងវែងចំនួន៤២នាក់បានមកដេញចាប៉ីថ្វាយសពលោកតា និងគោរពវិញាណក្ខន្ធលោកតា ដោយមានការដឹកនាំដោយលោកពេជ សារ៉ាត់ ប្រធានសហគមន៍ចាប៉ីអមតៈ ។

លោកពេជ សារ៉ាត់ មានការសោកស្ដាយបំផុត ចំពោះការបាត់បង់ធនធានមនុស្ស ដូចជាព្រឹទ្ធាចារ្យ គង់ណៃ ផ្នែកចាប៉ីដងវែងមួយរូបនេះ ។ លោកមានប្រសាសន៍ទៀតថា ការបាត់បង់លោកតាព្រឹទ្ធាចារ្យគង់ ណៃ បានបន្សល់ទុកសិស្សដែលរៀនចេះដឹងពីលោកគង់ ណៃ មានចំនួន៤២នាក់ ក្នុងនោះ មានខ្មែរកម្ពុជាក្រោមម្នាក់ផង ដែលជាកូនសិស្សផ្ទាល់របស់លោកតាគង់ ណៃ បានមកដេញចាប៉ីរំលឹកគុណផងដែរ ។ សូមបញ្ជាក់ថា សពលោកតាគង់ ណៃ ត្រូវដង្ហែទៅបញ្ចុះនៅថ្ងៃ
ចន្ទ ទី០១ កក្កដា ឆ្នាំ២០២៤ នេះ ។







ចែករំលែកព័តមាននេះ