ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន ​អង្គភាព​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ​ នៅ​តែ​បន្ត​បរិច្ចាគ​អំ​ណោយ​តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខនិង​ជនភៀសសឹក

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ មាន​សប្បុរសជន ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន ចំនួន​២៣៥ និង​ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​ទៀត…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ មាន​សប្បុរសជន ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន ចំនួន​២៣៥ និង​ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​ទៀត បានបរិច្ចាគ​អំណោយ​ជា​ប្រាក់ គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់​នានា ព្រមទាំង​ថ្នាំពេទ្យ តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ ដែល​បាន​និង​កំពុង​ខិតខំ​តស៊ូ​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា​យ៉ាង​អង់អាច​ក្លាហាន​មោះមុត ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​មា​តុភូមិ និង​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ភៀស​សឹក​មក​កាន់​មណ្ឌល​សុវត្ថិភាព​នានា ។

​ពិធី​ប្រគល់​និង​ទទួល​អំណោយ​មនុស្សធម៌​នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ហួត ហៃ លោក ហ៊ុន សុ​រិ​ទ្ធី និង​លោក ពេញ ធារ​ម្យ អភិបាលរង តំណាង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ ។

អំណោយ​ដែល​បាន​ទទួល​នា​ថ្ងៃនេះ​រួម​មាន រដ្ឋបាល​ខណ្ឌឫស្សីកែវ រដ្ឋបាល​ខណ្ឌទួលគោក ក្រុមហ៊ុន​ស្នេ​ថេ​ក និង​សប្បុរ​ជន​ក្នុងស្រុក​និង​នៅក្រៅ​ស្រុក​ផង​ដែរ ដែល​មាន​សប្បុរស​ជន ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន​ចំនួន​២៣៥ និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​ទៀត បាន​នាំ​យក​ថវិកា ស្បៀងអាហារ គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់​នានា​មក​ជូន​រដ្ឋបាលរាជធានី​ភ្នំពេញ ។

ក្នុង​នាម​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ហួត ហៃ លោក ហ៊ុន សុ​រិ​ទ្ធី និង​លោក ពេញ ធារ​ម្យ បាន​ថ្លែង​នូវ​ការអរគុណ​យ៉ាង​ជ្រាលជ្រៅ​រដ្ឋបាល​ខណ្ឌ​និង​សប្បុ​រស​ជន​ទាំងអស់ ដែល​បាន​នាំ​យក​អំណោយ​ទាំងនេះ​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ ដែល​បាន​និង​កំពុង​ខិតខំ​តស៊ូ​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ប្រកបដោយ​ភាព​អង់អាច​ក្លាហាន​មោះមុត ប្រ​ឆាំង​នឹង​សត្រូវ​ឈ្លានពាន ក្នុង​ស្មារតី​ស្នេហា​ជាតិមាតុភូមិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជនភៀស​សឹក ។ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​តទៅ​ទៀត នៅ​សាលា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ