ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ ! ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាពហើយ

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោកតា គង់ ណៃ បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោកតា គង់ ណៃ បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ នេះ ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ បន្ទាប់​ពី​លោក​បាន​ប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ និង​ភាព​ចាស់ជរា​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​នាង នៅ សូ​នី​តា អនុប្រធាន​សមាគម​សិល្បករ​ខ្មែរ តាម​បណ្តាញ​សង្គម ។

អ្នក​នាង នៅ សូ​នី​តា មុន​នេះ​បន្តិច បាន​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​ថា ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​ជា​ធនធាន​ដ៏​សំខាន់​បំផុត និង​ជា​មរតក​មនុស្សរ​ស់បាន​ទទួលអនិច្ចកម្ម​ទៅ​ហើយ នៅ​ឯ​ស្រុក​កំណើត ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៨០​ឆ្នាំ ចៅ​សូម​ឧទ្ទិស​នូវ​វិញាណក្ខន្ធ លោកតា​ទៅ​បាន​ដល់​ឋាន​បរមសុខ​តទៅ ។

យ៉ាងណា​ក្រោយ​ទទួល​ដំណឹង​ដ៏​សោកសៅ​នេះ មហាជន ជា​ពិសេស​អ្នកសិល្បៈ​ជា​ច្រើន​បាន​នាំ​គ្នា​ចូលរួម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ នា​ពេល​នេះ​ដែល​នេះ គឺជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស​ផ្នែក​សិល្បៈ​មួយ​រូប ជា​អ្នកលេង​ចាប៉ី​ដង​វែង​ដ៏​ឯក​ម្នាក់ ។

ជា​ការ​កត់សម្គាល់​នៅ​មុន​ពេល​ការ​ទទួលមរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ នា​ពេល​នេះ​លោក​បាន​ពើបប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ បូក​រួម​ទាំង​វ័យ​កាន់តែ​ចាស់ជរា​ផង​នោះ ខណៈ​ពេល​ដែល​លោក​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។

យ៉ាងណា​ក្រុម​គ្រួសារ​របស់​លោក​ព្រឹទ្ធាចារ្យ បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ដ្បិត​ស្ថានភាព​របស់​លោក គង់ ណៃ មិន​បាន​ធូរស្បើយ ជា​ពិសេស លោក​ពិបាក​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មិនសូវ​មាន​កម្លាំង​នោះ​ឡើយ ។

កូនប្រុស​របស់​លោកតា គឺ​លោក គង់ បុរាណ បាន​អះអាង​អាង​ប្រាប់​កោះសន្តិភាព​ថា ស្ថានភាព​គាត់ (​លោកតា គង់ ណៃ​) ឥឡូវ​មិន​បាន​ធូរ​នៅឡើយ​ទេ ដោយសារ​គាត់​ហូប​ឣា​ហារ​តាម​មាត់​ឣ​ត់​សូវ​បាន បាន​តែ​តាម​សុង​រាល់ថ្ងៃ​ហ្នឹង ។

លោក​បញ្ជាក់​ថា ឪពុក​របស់​លោក​បាន​សម្រាក​ព្យាបាល​នៅ​ឯ​គេហដ្ឋាន ក្រោយ​ពី​ឪពុក​លោក​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុងអំឡុងពេល​នៃ​ការ​សម្រាក​ព្យាបាល​ជំងឺ​មួយ​ចំនួន ដូច​ជា សួត ចង្វាក់បេះដូង និង​លើស​ជាតិ​ស្ករ ។

គួរ​បញ្ជាក់​ថា ព្រឹទ្ធាចារ្យ គង់ ណៃ ធ្លាប់​ទទួល​ពានរង្វាន់​សិល្បៈ និង​វប្បធម៌​ហ្វូ​គុ​អុ​កា (Fukuoka Prize) របស់​ប្រទេស​ជប៉ុន កាល​ឆ្នាំ​២០១៧ ខណៈ​ពេល​ពានរង្វាន់​សិល្បៈ និង​វប្បធម៌​ហ្វូ​គុ​អុ​កា គឺ​ពាន​សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម នៅ​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក​អប់រំ សិល្បៈ និង​វប្បធម៌ ។

លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺជា​បុគ្គល​ទី​៣ ដែល​បាន​ទទួល​ពានរង្វាន់​នេះ បន្ទាប់​ពី​លោក ឆេ​ង ផុ​ន ជា​អ្នកនិពន្ធ​រឿងល្ខោន ឆ្នាំ​១៩៩៧ និង​លោក អាំង ជូ​លាន ជា​អ្នក​ស្រាវជ្រាវ​ខេ​មរ​សិក្សា នៅ​ឆ្នាំ ២០១១ សម្រាប់​ជនជាតិ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ