រាជធានីភ្នំពេញ ៖ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាដដែល ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ។
អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៧ ហើយ។
លោកជំទាវអ្នកនាំពាក្យបានបន្តបានអះអាងថា ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ»ដែល
ភាគីកម្ពុជា និងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
លោកជំទាវបានលើកឡើងថា ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង៨:០០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។
ចាប់ពីម៉ោង១២:០០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ ។
ចាប់ពីម៉ោង៤:០០នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ រហូតមកដល់ពេលនេះនៅបន្តបាញ់នៅឡើយ។ ម៉ោង៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ ។
លោកជំទាវបានបន្ថែមថា មកដល់ម៉ោងនេះ នៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
អ្នកនាំពាក្យបានលើកឡើងថា ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង១៧:២៥នាទីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង៨:០១នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ។
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោង១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ម៉ោង២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន២គ្រាប់នៅភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។
ចំណែកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ចាប់ពីវេលាម៉ោង១:១៦នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ម៉ោង៧:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់ ។ ម៉ោង៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី ។ ម៉ោង៨:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ ។ ម៉ោង៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន២គ្រាប់ ចូលទីតាំងស៊ីវិលដែលមានប្រជាជនរស់នៅក្នុងភូមិសាស្ត្រប៉ោយប៉ែត ដោយ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង១គ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយ
ប៉ែត ខេត្តបន្ទាយមានជ័យ។
លោកជំទាវបានអះអាងថា មកដល់ម៉ោងនេះ នៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
លោកជំទាវបានធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតចំនួន២១នាក់ (ទារក ១នាក់) និងរងរបួសចំនួន៨៣នាក់ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៦ល្ងាច ។
ការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ។
កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។
សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ៕
ចែករំលែកព័តមាននេះ