ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​ចៅ​សង្កាត់​រងទី​២​ជាប់​ចោទ​ក្លែង​ឯក​សារ ​​តុ​លា​ការ​កាត់​ទោស​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ចៅសង្កាត់​រង​ទី​២​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ចៅសង្កាត់​រង​ទី​២​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ជា​សាធារណៈ ។

សវនាការ​បាន​សាកសួរ​ដេញដោល​តាម​អង្គហេតុ​និង​អង្គច្បាប់ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ហើយ​ទី​បញ្ចប់​ចៅក្រម​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ផ្ត​នា្ទទោស​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុខ ។

ជនជាប់ចោទ​ឈ្មោះ ឌឿ​ក ឆាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុន​ចាប់ខ្លួន​ជា​ចៅសង្កាត់​រង​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ស្នាក់​នៅផ្ទះ​លេខ​០១៦ ផ្លូវ​មុនី​រ៉េ​ត ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​១ខណ្ឌមានជ័យ ។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាបង្គាប់​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​ដាក់ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ក្លែងបន្លំ និង​បទ​ប្រើប្រាស់​លិខិត​ក្លែង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមេសា និង​ខែឧសភា ឆ្នាំ​២០២៥ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​តាម​មាត្រា​៦២៦ មាត្រា​៦២៧ និង​មាត្រា​៦២៨ នៃ​ក្រមព្រហ្មទណ្ឌ ។

បទ​ក្លែងបន្លំ យោង​តាម​មាត្រា​៦២៧ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល ។ ចំណែក​បទ​ប្រើប្រាស់​លិខិត​ក្លែង ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល ។

ដូច្នេះ​ជន​ត្រូវ​ចោទ នឹង​អាច​ជាប់​ពន្ធនាគារ​ពី​ចន្លោះ​ពី​២ ទៅ​៦​ឆ្នាំ ក្នុង​ចំនួន ២​បទល្មើស តាម​ការ​ចោទប្រកាន់​នេះ ។ សូម​ជម្រាប​ថា នៅ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ជុំវិញការ​ឃាត់ខ្លួន​ចៅសង្កាត់​រង​ទី​២​ខាង​គណបក្ស​ភ្លើងទៀន សង្កាត់​ស្ទឹង​មាន​ជ័យ​១ ។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានជម្រាប​ជូន​សាធារណជន​ថា នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌឿ​ក ឆាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ចៅសង្កាត់​រង​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ហើយ​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អនុវត្ត​តាម​នីតិវិធី ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ឡេ​ង វ៉ា​ន់​ឌី ហើយ​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ។ ដោយ​យោង​តាម​ចម្លើយ​សារភាព និង​ប្រមូល​បាន​វត្ថុ​តាង បុគ្គល​នេះ​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ក្លែប​ន្លំ​ឯកសា​សាធារណៈ​ប្រាកដ​មែន ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ ជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឬ​ការ​គាបសង្កត់​បំភិតបំភ័យ និង​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ដល់​សមាជិក​គណ​ប្ស​នយោបាយ​ណាមួយ​ឡើយ ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ការ​ចោទប្រកាន់​ទាំង​បំពាន ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​គណបក្ស​ភ្លើងទៀន ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ ។

អង្គហេតុ​នៃ​សំណុំរឿង​ខាងលើ គឺ​ផ្តើម​ចេញពី​ជនសង្ស័យ​ឈ្មោះ ឌឿ​ក ឆាន បាន​ក្លែងបន្លំ​ធ្វើ​លិខិត ឬ​ឯកសារ​ក្លែង​ឲ្យ​លោកស្រី ឡេ​ង វ៉ា​ន់​ឌី អាយុ​៧៨​ឆ្នាំ (​ដើមបណ្តឹង​) ជា​ក្រុមប្រឹក្សា​សង្កាត់ ផ្តិត​មេដាយ​លាលែង​ពី​តំណែង ដោយ​ដាក់​អ្នកថ្មី​ចូល​ជំនួស ។ ផ្ទុយ​ទៅ​វិញ ដើមបណ្តឹង​គឺ​លោកស្រី ឡេ​ង វ៉ា​ន់​ឌី មិន​បានដឹង​រឿង​ជនសង្ស័យ​ប្រើ​ល្បិច​ធ្វើ​យ៉ាង​ដូច្នេះ​ទេ ហើយ​លោកស្រី​ក៏​មិន​ទាន់​ចូល​និវត្ត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ